ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈកូនខ្មែរ៖ វាំងននបើកហើយ សូមមើលមុខមាត់ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 85
ទស្សនៈកូនខ្មែរ៖ វាំងននបើកហើយ សូមមើលមុខមាត់ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី! ទស្សនៈកូនខ្មែរ៖ វាំងននបើកហើយ សូមមើលមុខមាត់ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី!

មានវប្បធម៌អាក្រក់ៗជាច្រើនដែលក្រុមលោក សម រង្ស៊ី បានសាបព្រួសនៅក្នុងសង្គមខ្មែរក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះការប្រឌិតព័ត៌មានក្លែងក្លាយដើម្បីបំពុលមហាជនខ្មែរជាលទ្ធផល នៃស្នាដៃដ៏ស្មោគគ្រោកមួយរបស់ សម រង្ស៊ី ក្នុងចំណោមវប្បធម៌អាក្រក់ៗជាច្រើនទៀតដែលក្រុមនេះបានបង្កើតឡើង។

និយាយពីព័ត៌មានក្លែងក្លាយ យើងសូមលើកឡើងព័ត៌មានក្លែងក្លាយមួយចំនួនដែលក្រុម នេះបានបង្កើតឡើងនៅមុនការបោះឆ្នោត ពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបន្តដល់ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ នៅមុនការបោះឆ្នោត ក្រុមទុច្ចរិតដែលលាក់ខ្លួនក្នុងទីងងឹតដឹកនាំដោយ សម រង្ស៊ី បានប្រឌិតឡើងទាំងស្រុងនូវព័ត៌មានដ៏ធំមួយដែលថា ការប៉ះទង្គិចគ្នាក្នុងវិវាទដីធ្លីនៅក្នុងខេត្តក្រចេះបានធ្វើឲ្យមនុស្ស ៤ នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ ព័ត៌មាននេះត្រូវបានបណ្តាញរបស់ពួកគេដែលត្រៀមទុកជាស្រេចមានទាំងហ្វេសប៊ុក និងអង្គភាពព័ត៌មានដែលតាំងខ្លួនថាឯករាជ្យមួយចំនួនផងដូចជា កាសែតភ្នំពេញប៉ុស្តិ៍ដែលគ្រប់គ្រងដោយម្ចាស់មុន ជាពិសេសវិទ្យុអាស៊ីសេរី ដែលជាឧបករណ៍ដាច់ថ្លៃរបស់ក្រុមប្រឆាំងជ្រុលនិយមបានចុះផ្សាយបន្តយ៉ាងគគ្រឹកគគ្រេងដូចរឿងមែនទែន។ វិទ្យុបម្រើនយោបាយអាមេរិកមួយនេះដែលមានខ្មែរជ្រុលនិយមឈ្មោះ ជុន ច័ន្ទបុត្រ ជាអ្នកដឹកនាំ បានបំប៉ោងព័ត៌មានក្លែងក្លាយនេះរហូតដោយប្រកាសពីចំនួនអ្នក ស្លាប់កើនឡើងពី ៤ ដល់ ៨ នាក់ ហើយបានរៀបចំឆាកសម្ភាសន៍ មនុស្សដែលគេបង្គាប់ឲ្យនិយាយកុហកដើម្បីធ្វើឲ្យមហាជនជឿលើព័ត៌មានប្រឌិតរបស់ពួកគេ។

ចំណែក សម រង្ស៊ី ដែលជា មេខ្លោងឯណោះវិញក៏ប្រញាប់បញ្ចេញសាររម្លែកទុក្ខដែលបានត្រៀមទុកជាស្រេចនោះបង្ហោះតាមហ្វេសប៊ុកដោយឥតអៀនខ្មាស គឺរម្លែកទុក្ខអ្នកស្លាប់ដែលគ្មានអ្នកស្លាប់សោះ។ គោលបំណងរបស់ សម រង្ស៊ី និងក្រុមទុច្ចរិតដែលបានប្រឌិត ព័ត៌មានក្លែងក្លាយដ៏ធំនេះឡើងគឺដើម្បីបញ្ឆេះកំហឹងមហាជនខ្មែរឲ្យខឹងសម្បារជាមួយអាជ្ញាធរ រាជរដ្ឋាភិបាល ហើយពួកគេឆ្លៀតឱកាសបង្កើតឲ្យមានភាព ចលាចលសង្គមឡើងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើចលនា បដិវត្តន៍ពណ៌តាមគម្រោងផែនការរបស់ចៅហ្វាយនាយបរទេស។ ប៉ុន្តែ ឧបាយកលទុច្ចរិតដ៏ធំមួយនេះត្រូវបានបន្សាប ទាន់ពេលវេលាបន្ទាប់ពីក្រុមសង្គមងងឹតនេះត្រូវបាន បកស្បែកមុខ ហើយទីបំផុតគ្មានអ្នកណាម្នាក់ស្លាប់ ឬរងរបួសក្នុងព្រឹត្តិការណ៍នេះទេ។ ទោះជាយ៉ាងនេះក្តីក៏ សម រង្ស៊ី និងវិទ្យុអាស៊ីសេរីមិនព្រមកែតម្រូវ ព័ត៌មានរបស់ខ្លួនដែរ។ នេះហើយ មុខមាត់ពិតរបស់បណ្តាញក្រុម ទុច្ចរិតសង្គមងងឹត។

ឈានមកដល់ដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតនេះ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ រួមទាំងការយកព្រះមហាក្សត្រទៅលេងសើចក្នុងល្បែងនយោបាយបោកប្រាស់ប្រជាពលរដ្ឋអ្នកបោះឆ្នោតដែលជាការប្រមាថដល់អង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រៅពីការប្រមាថព្រះមហាក្សត្រ ព័ត៌មានក្លែងក្លាយទី១ ដែលពួកគេបង្កើតឡើងគឺ «ទឹកខ្មៅជ្រលក់ម្រាមដៃពេលបោះឆ្នោតមានជាតិគីមីអាចបណ្តាលឲ្យមនុស្សស្លាប់ក្នុងរយៈពេល ២៤ ម៉ោង»។ គោលបំណងរបស់ពួកគេដែលប្រឌិតព័ត៌មានបែបនេះឡើងគឺដើម្បីបំភ័យមហាជនកុំឲ្យចេញទៅបោះឆ្នោតដើម្បីសម្រេចមហិច្ឆតាបំផ្លាញការបោះឆ្នោត បំផ្លាញប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។

ព័ត៌មានក្លែងក្លាយធំទី២ ដែលពួកគេបង្កើតឡើងពេលនេះទៀតគឺ ការបន្លំឯកសារធ្វើជាសមាគមវៀតណាមនៅកម្ពុជា ហើយអំពាវនាវឲ្យជនជាតិវៀតណាមចេញទៅបោះឆ្នោតថ្ងៃទី ២៩ កក្កដា។ គោលបំណងរបស់ពួកគេដែលបង្កើតព័ត៌មានក្លែងក្លាយនេះឡើងគឺដើម្បីឲ្យមហាជនខ្មែរមើលឃើញថា ការបោះឆ្នោតខាងមុខនេះមានការលូកដៃពីជនជាតិ វៀតណាម ហើយបញ្ឆេះកំហឹងខ្មែរឲ្យស្អប់វៀតណាម និងឈានទៅបង្កើតអំពើហិង្សាប្រឆាំងវៀតណាម និងឈានទៅបំផ្លាញការបោះឆ្នោតតែម្តង។ ជាថ្មីម្តងទៀតព័ត៌មានប្រឌិតក្នុងចេតនាទុច្ចរិតនេះក៏ត្រូវបានបកស្បែកមុខទាន់ពេលវេលា។

នៅពេលខាងមុខនេះ ពួកក្រុមទុច្ចរិតដឹកនាំដោយទណ្ឌិត សម រង្ស៊ី ក៍មានផែនការទុច្ចរិតជាច្រើនទៀតដែលត្រូវបញ្ចេញក្នុងដំណាក់កាលឃោសនារកសំឡេងឆ្នោត ក្នុងថ្ងៃស ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ ពួកគេនឹងប្រឌិតព័ត៌មានក្លែងក្លាយជាច្រើនទៀត រហូតដល់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធទិន្នន័យមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពួកគេបង្កើតឡើងដោយខ្លួនឯងហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ ប៉ុន្តែ មិនខុសពីលើកមុនៗទេ ផែនការខ្មៅកខ្វក់របស់ សម រង្ស៊ី និងបក្ខពួក មិនអាចគេចផុតពីក្រសែភ្នែករបស់អាជ្ញាធរមានសមត្ថកិច្ចបានទេ។ កន្លងទៅ សកម្មភាពដ៏អាក្រក់បំផុតមួយដែលពួកគេបានប្រើដែរនោះគឺ ការប្រើប្រាស់ក្រុមហែកគ័រឲ្យហែកចូលក្នុងគណនីយហ្វេសប៊ុករបស់មន្ត្រី ឬឥស្សរៈជនសំខាន់ៗដើម្បីបញ្ចេញព័ត៌មានក្លែងក្លាយបំភាន់សាធារណៈមតិឲ្យយល់ច្រឡំ។

ជាសរុប ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី បានសាបព្រួសវប្បធម៌អាក្រក់ច្រើនណាស់ក្នុងសង្គមខ្មែរ។ វប្បធម៌ជេរប្រមាថ កាត់តរូបភាពក្លែងក្លាយដើម្បីប្រមាថព្រះមហាក្សត្រ ប្រមាថថ្នាក់ដឹកនាំប្រទេស វប្បធម៌លាបពណ៌ វប្បធម៌គំនុំសងសឹក ញុះញង់បំបែកបំបាក់ វប្បធម៌ហិង្សាវាយកម្ទេច ដុតបំផ្លាញ វប្បធម៌បញ្ឆេះកំហឹងពូជសាសន៍ វប្បធម៌ក្តិចត្រួយ ប៉ែងជើង…។ល។ ដែលសុទ្ធសឹងជាវប្បធម៌ដ៏គ្រោះថ្នាក់ ហើយដែលកំពុងកើតមានជាក់ស្តែងក្នុងសង្គមបច្ចុប្បន្នគឺជាស្នាដៃសមិទ្ធផលរបស់ សម រង្ស៊ី។ គោលដៅចុងក្រោយរបស់ពួកគេគឺបំពុលទឹកដើម្បីចាប់ត្រី ពោលគឺបំពុលមនុស្សដើម្បីពួកគេងាយស្រួលបោក។

បច្ចុប្បន្ន ពួកគេនៅតែបន្តសាបព្រួសវប្បធម៌ដ៏ស្មោគគ្រោកនេះដោយមិនព្រមឈប់ឡើយ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះឧបាយកលទុច្ចរិតទាំងនេះ ហើយកុំជឿលើព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ច្បាស់លាស់។ ទោះជាយ៉ាងណា ប្រទេសយើងមានសំណាងដោយសារមានតួអង្គដែលជា «អង់ទីគ័រ» សម្រាប់ការពារខ្លួនដ៏រឹងមាំប្រឆាំងការយាយីពីមេរោគបានយ៉ាងល្អ។ នោះគឺតួអង្គបុរសខ្លាំងកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដរាបណានៅមានជនសង្គមងងឹតដែលប៉ុនប៉ងយាយីសេចក្តីសុខសាន្តរបស់ប្រជាជន បុរសខ្លាំងម្នាក់នេះនឹងបន្តឈរនៅយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម ការពារលំនឹងជីវភាពរបស់ប្រជាជន និងការពារប្រជាធិបតេយ្យ សេរីពហុបក្ស មិនឲ្យរងការបំផ្លិចបំផ្លាញដោយក្រុមទុច្ចរិតបានឡើយ។ យើងទាំងអស់គ្នាជាខ្មែរដែលស្រឡាញ់អំពើល្អ និងស្អប់ខ្ពើមអំពើទុច្ចរិត ខ្មៅកខ្វក់ ក៏នៅតែត្រូវការបុរសខ្លាំងរបស់យើងដើម្បីការពារយើងគ្រប់គ្នាដែរ៕

ដោយ៖ ពុទ្ធសាសនិកជនម្នាក់ក្នុងរាជធានីភ្នំពេញ

អត្ថបទទាក់ទង