លិខិតមិត្តអ្នកអាន៖ សម្រាប់កម្ពុជា « អាមេរិកគឺជាខ្លា លាក់ក្រចក »
តាមរយៈសេចក្តីថ្លែងការណ៍លេីទំព័រ Facebook របស់ស្ថានទូតអាមេរិក និងកិច្ចសម្ភាសន៍របស់អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាដ៏អាក្រក់ ជូរជាតិរបស់អាមេរិកមកលើកម្ពុជា។ ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ អាមេរិកបានរិះគន់ និងព្រមានមកលើកម្ពុជា ខណៈដែលការពិតកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តាមរយៈការគ្រប់គ្រង និងដឹកនាំដោយរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានលក្ខណៈល្អប្រសើរជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកទៅទៀត។
សម្រាប់ការរិះគន់ និងព្រមានរបស់អាមេរិក កម្ពុជាសុំឆ្លើយតបថា កម្ពុជាមិនមែននៅក្មេងខ្ចីទៀតទេ តាមរយៈបទពិសោធន៍ក្នុងប្រវិត្តិសាស្ត្រដ៏ឈឺចាប់ និងជូរចត់របស់ខ្លួន កម្ពុជាដឹងយ៉ាងច្បាស់ថា អាមេរិកមានបំណងបែបណាចំពោះកម្ពុជា។ ប្រជាជនកម្ពុជាមិនដែលបំភ្លេចទេ នូវសោកនាដកម្មដែលបន្សល់ដោយសង្គ្រាមតាមរយៈការជ្រោមជ្រែង ទំនុកបម្រុង និងការទម្លាក់គ្រាប់បែកជាង៣លានតោន របស់អាមេរិកស្រោចលើពលរដ្ឋកម្ពុជា និងទឹកដីដ៏កំសត់របស់កម្ពុជា។
ជាឧទាហរណ៍ស្រាប់នៅប្រទេស សេរី សេបប៊ី និងយេមេន ដោយសារតែការលូកដៃចូលពីប្រទេសដទៃ និងដោយសារតែការអនុវត្តន៍នូវបដិវត្តពណ៌ បានធ្វើឱ្យប្រទេសទាំងនោះត្រូវខ្ទេចខ្ទី វិនាសហិនហោច និងសង្គ្រាមរ៉ាំរ៉ៃ ហើយប្រជាពលរដ្ឋត្រូវរងទុក្ខវេទនា។ អាមេរិកមិនគួរមកប្រៀនប្រដៅ និងបង្គាប់បញ្ជាកម្ពុជាឱ្យធ្វើនេះធ្វើនោះតាមចិត្តចង់នោះទេ។ កម្ពុជារឹងមាំគ្រប់គ្រាន់ហើយក្នុងការមើលថែ និងអភិវឌ្ឍន៍ខ្លួនឯង។ កម្ពុជាមិនត្រូវការការរិះគន់បែបជាន់បន្លិចពីអាមេរិកនោះទេ។ អាមេរិកគួរឈប់ប្រើការព្រមានដោយសម្តែងធ្វើជាប្រទេសល្អ ត្រឹមត្រូវតែធាតុពិតគឺចង់បំផ្លាញកម្ពុជា។
សូមកូនខ្មែរចងចាំថា ពាក្យថាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលអាមេរិកទាមទារឱ្យកម្ពុជាគោរពនោះ គឺគ្រាន់តែជាឈ្នាន់ប៉ុណ្ណោះ។ ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់កម្ពុជា វាមិនមានផលប្រយោជន៍អ្វីសម្រាប់អាមេរិកសូម្បីតែបន្តិច។ គោលដៅពិតគឺផលប្រយោជន៍ភូមិសាស្ត្រនយោបាយទៅវិញទេ ដែលជំរុញឱ្យអាមេរិកសកម្មក្នុងការិះគន់ និងលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សូមជឿចុះថា អាមេរិកគ្មានបំណងល្អលើកម្ពុជាទេ។ ដោយគិតពីផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ទើបអាមេរិកព្យាយាមកកូរកកាយកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយចោទប្រកាន់ថាកម្ពុជាត្រូវរ៉ូវជាមួយចិនដែលជាប្រទេសមហាអំណាចមួយកំពុងប្រកួតប្រជែង និងមានជម្លោះជាមួយខ្លួន ហើយខ្លួននិងបាត់បង់ផលប្រយោជន៍ក្នុងភូមិសាស្ត្រនយោបាយជាមួយកម្ពុជា។ អាមេរិកគ្រាន់តែជាខ្លាលាក់ក្រចក ឬជាបិសាចដែលប្រែខ្លួនជាឥសីប៉ុណ្ណោះ សម្រាប់កម្ពុជា។ ពលរដ្ឋកម្ពុជា មិនចាញ់ការឃោសនាអគតិ បោកប្រាស់ និងបន្ទាបបន្ទោកលើប្រទេសកម្ពុជារបស់អាមេរិកទេ។
សូមបញ្ឈប់ទៅ ការធ្វើនយោបាយជិះជាន់ ធ្វើបាបប្រទេសទន់ខ្សោយ បង្កសង្គ្រាម វិនាសកម្មលើប្រទេសដទៃ ដើម្បីលាភសក្ការៈ និងផលប្រយោជន៍របស់ប្រទេសខ្លួននោះ។ ប្រជាជននៅតាមបណ្តាប្រទេសមួយចំនួនកំពុងរងទុក្ខវេទនាដោយសារសង្គ្រាម ដែលត្រូវបានរៀបចំ និងបញ្ឆេះដោយអាមេរិក។ ពលរដ្ឋកម្ពុជាមិនចង់បានវាសនាដូចពលរដ្ឋសេរី សេប៊ី និងយេមេនទេ។ សុំបញ្ឈប់ទៅ បំណងយកបដិវត្តពណ៌មកអនុវត្តន៍នៅកម្ពុជា។ សុំឈប់ទៅ ចេតនាខ្មៅកខ្វក់ចង់បំផ្លាញកម្ពុជា បើសិនជាអាមេរិកមិនចង់ត្រូវបណ្តាសារពលរដ្ឋកម្ពុជានោះ៕
ដោយ៖ នាគ សេន