ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ កំណើនសេដ្ឋកិច្ចល្អ ហិរញ្ញវត្ថុរឹងមាំនិងបំណុលអាចគ្រប់គ្រងបានរបស់កម្ពុជាជាការខកចិត្ត ចុកឈាមរបស់ក្រុមប្រឆាំង!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 50
លិខិតមិត្តអ្នកអាន៖  កំណើនសេដ្ឋកិច្ចល្អ  ហិរញ្ញវត្ថុរឹងមាំនិងបំណុលអាចគ្រប់គ្រងបានរបស់កម្ពុជាជាការខកចិត្ត ចុកឈាមរបស់ក្រុមប្រឆាំង! លិខិតមិត្តអ្នកអាន៖ កំណើនសេដ្ឋកិច្ចល្អ ហិរញ្ញវត្ថុរឹងមាំនិងបំណុលអាចគ្រប់គ្រងបានរបស់កម្ពុជាជាការខកចិត្ត ចុកឈាមរបស់ក្រុមប្រឆាំង!

ប្រទេសកម្ពុជាពេលនេះកំពុងឈរនៅលើស្ថានភាពមួយដ៏ល្ដោយសារតែសេដ្ឋកិច្ចមានកំណើនក្នុងអត្រាល្អ មានស្ថាភាពហិរញ្ញវត្ថុកាន់តែរឹងមាំដោយសារប្រាក់តម្កល់ក្នុងរតនាគារជាតិមានច្រើននិងមានកំណើនជាលំដាប់។ ចំណែកឯស្ថានភាពបំណុលសាធារណៈក្រៅប្រទេសក៏ស្ថិតនៅក្នុងកម្រិតអាចគ្រប់គ្រងបាន។

ទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជាធាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើមសុទ្ធតែបានព្យាការណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៩ និងឆ្នាំខាងមុខនៅតែមានលំនឹងល្អពោលគឺស្ថិតក្នុងកម្រិតជុំវិញ ៧% ( អាចឡើងឬចុះបន្តិចបន្តួច)។

កំណើនសេដ្ឋកិច្ចឋេររយៈពេលជាច្រើនឆ្នាំមកហើយនិងនៅតែបន្តថេរក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀតនេះ ជាសញ្ញាបញ្ជាក់ថា កម្ពុជាមានស្ថានភាព សេដ្ឋកិច្ចរឹងមាំបើទោះបីជាបណ្តាប្រទេសមួយចំនួនក្នុងតំបន់និងក្នុងពិភពលោកបានជួបនឹងឱនភាពសេដ្ឋកិច្ចដោយសារ បញ្ហាផ្សេងៗជាពិសេសគឺផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។

ភាពកាន់តែរឹងមាំឡើងផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់កម្ពុជា បានមកពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែននិងការចូលរួមចំណែកយ៉ាងសកម្មពី វិស័យឯកជន ក៏ដូចជាពីសំណាក់ពលរដ្ឋខ្មែរជាទូទៅ។

កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានប្រកាសឲ្យដឹងអំពីការកើនឡើងនៃចំណូលពន្ធគយនិងចំណូលពន្ធដារដែលធ្វើឲ្យសាច់ប្រាក់នៅក្នុងរតនាគារជាតិមានច្រើន និងបន្តកើនឡើងជាលំដាប់។ កំណើនសាច់ប្រាក់ នៅក្នុងរតនាគារជាតិមិនត្រឹមតែអាចអនុញ្ញាតឲ្យរដ្ឋាភិបាលតម្លើងប្រាក់ខែជូនមន្ត្រីរាជការ និងអាចបើកប្រាក់ខែពីរដងក្នុងមួយខែប៉ុណ្ណោះទេ តែវាថែមទាំងបានអនុញ្ញាតឲ្យរដ្ឋាភិបាលវិនិយោគទៅលើគម្រោងសំខាន់ៗមួយចំននដោយខ្លួនឯងដោយមិនចាំបាច់ពឹងលើថវិកាពីខាងក្រៅទៀតផង។ ដើម្បីពង្រឹងសេដ្ឋកិច្ចឲ្យមាន សន្ទុះកាន់តែខ្លាំងនិងរឹងមាំជាងនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ទើបតែបាន ប្រកាសចេញនូវកំណែទម្រង់ជាកញ្ចប់សំដៅលើកទឹកចិត្តវិស័យឯកជនឲ្យពួកគេមានភាពងាយស្រួលជាងមុនក្នុងការធ្វើអាជីវកម្ម និងការបោះទុន វិនិយោគនៅកម្ពុជា។

កំណែទម្រង់ដ៍មុតស្រួចជាកញ្ចប់របស់រដ្ឋាភិបលនឹងបង្កើនប្រសិទ្ធភាពនិងផលិតភាពរបស់ វិស័យឯកជនដើម្បីឲ្យមានការ ប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិដោយសេរី ស្មើមុខមាត់គេឯង។

កំណែទម្រង់នេះត្រូវគេមើល ឃើញថា នឹងក្លាយជាកម្លាំង ចលករអូសទាញសេដ្ឋកិច្ចកម្ពុជាឲ្យរឹងរឹតតែមានសន្ទុះខ្លាំង លឿន និងប្រកបដោយនិរន្តរភាព ដែលធ្វើឲ្យកម្ពុជាអាចឈរយ៉ាងរឹងមាំលើម្លាំងសេដ្ឋកិច្ចរបស់ខ្លួនដោយមិនចាំបាច់ពឹងលើជំនួយពីខាងក្រៅដូចកាលពីមុនទៀតឡើយ។

ក្នុងស្ថានភាពនេះ កម្ពុជានឹងនៅ តែមានសន្ទុះសេដ្ឋកិច្ចល្អដដែលបើទោះជា សហភាពអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់មុខលើកលែងតែអាវុធហៅកាត់ថា EBA ជាយថាហេតុក៏ដោយ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបញ្ជាក់អះអាងរួចហើយថា ការបាត់បង់ EBA ជាយថាហេតុ នាពេលខាងមុខនេះនឹងមិនបានធ្វើឲ្យប៉ះពាល់ជាដុំកំភួនដល់សេដ្ឋកិច្ចកម្ពុជាឡើយ។ ជាឧទាហរណ៍ជាក់ស្តែង ការនាំអង្ករចេញទៅកាន់ទីផ្សារ សហភាពអឺរ៉ុបនៅតែបន្តធ្វើដូចកាលពីមុនដដែល បើទោះបីជា សហភាពអឺរ៉ុបបានតម្រូវឲ្យបង់ពន្ធដោយសារតែសមាជិក សហភាពអឺរ៉ុបខ្លះប្រកួតមិនឈ្នះគុណភាពអង្ករកម្ពុជាក៏ដោយ។ ខុសពីការអះអាងរបស់ក្រុមអ្នកនយោបាយ ឬអ្នកវិភាគជ្រុលនិយមខ្លះ ដែលនិយាយថា អង្ករកម្ពុជានឹងបាត់បង់ទីផ្សារនៅអឺរ៉ុបបន្ទាប់ពីសហភាពអឺរ៉ុបតម្រូវឲ្យកម្ពុជាបង់ពន្ធ ប៉ុន្តែការពិតវាមិនដូច្នោះឡើយ។ នេះជាឧទាហរណ៍មួយដែលបញ្ជាក់ថា ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលផ្សេងទៀត ក៏នឹងនៅតែអាចឈរជើងនៅលើទីផ្សារអឺរ៉ុបបានដដែលបើទោះជាគ្មាន EBA ក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហាបំណុលវិញ ក៏កម្ពុជាអាចគ្រប់គ្រងបានយ៉ាងល្អដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២ មេសា, គិតត្រឹមឆ្នាំ ២០១៨ បំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាមានចំនួន ៧ ពាន់លាន ដុល្លារមានន័យថាអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផ.ស.ស មានកម្រិតត្រឹម ២១,៤% ប៉ុណ្ណោះ ធៀបនឹងអនុបាតគោល ៤០%។ ក្នុងន័យនេះ បំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដែលគេអាចគ្រប់គ្រងបាន។ ស្ថានភាពនេះផ្ទុយស្រឡះពីការឃោសនាអកុសលរបស់ក្រុម នយោបាយ និងក្រុមអ្នកវិភាគជ្រុលនិយម ដែលបានឃោសនា បំប៉ោង បំផ្លើសថា កម្ពុជាជាប់បំណុលបរទេសវណ្ឌក។

ដើម្បីជាមូលដ្ឋានក្នុងការវាស់ស្ទង់អំពីបំណលបរទេស យើងគួរធ្វើការប្រៀបធៀបំណុលសាធារណៈរបស់កម្ពុជាជាមួយបណ្តាប្រទេសធំៗលើលោក។ យោងតាមបញ្ជីរាយនាមនៃ បណ្តាប្រទេសដែលមានបំណុលក្រៅប្រទេសច្រើនជាងគេក្នុងលោក គឺសហរដ្ឋអាមេរិកឈរលំដាប់ថ្នាក់លេខ១, បន្ទាប់មកគឺសហភាពអឺរ៉ុប, អង់គ្លេស, បារាំង អាល្លឺម៉ង់។ ក្នុងចំណោមប្រទេសជិត ១០០ ដែលគេបានរាប់ថាជាប្រទេសដែល មានបណុលបរទេសខ្ពស់គឺគ្មានកម្ពុជាទេ។ និយាយតាមបែប ងាយយល់ បច្ចុប្បន្ន ពលរដ្ឋកម្ពុជាម្នាក់ៗជំពាក់បំណុលបរទេសក្នុងរង្វង់ ៤០០ ដុល្លារ ខណៈដែលនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ពលរដ្ឋម្នាក់ជំពាក់លុយបរទេសចាប់ពី ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារឯណោះ។ ក្នុងន័យនេះ គ្មានហេតុផលណាមួយដែលបញ្ជាក់ថា កម្ពុជាជាប្រទេសជំពាក់បំណុលបរទេសច្រើននោះឡើយ។ ការអះអាងថា កម្ពុជាជំពាក់បណុលបរទេសវ័ណ្ឌកគ្រាន់តែជាការបំប៉ោងសភាពការណ៍ បំផ្លើស បំភ្លៃ ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋពីសំណាក់ក្រុមជ្រុលនិយមតែប៉ុណ្ណោះ។

ដូចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ហើយថា រារដ្ឋាភិបាល បាននិងកំពុងគ្រប់គ្រងបំណុលសាធារណៈប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងតែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍គន្លឹះទាំង៤គឺ៖

ទី១៖ ត្រូវខ្ចីឥណទានក្នុងទំហំ សមស្របដែលស្ថានភាពសេដ្ឋកិច្ចនិងថវិកាអាចគ្រប់គ្រងបាន។

ទី២៖ ត្រូវខ្ចីតែឥណទានណាដែលមានកម្រិតសម្បទាន និងលក្ខខណ្ឌអនុគ្រោះខ្ពស់។

ទី៣៖ ត្រូវខ្ចីតែសម្រាប់វិស័យអាទិភាព ទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតកម្ម និង

ទី៤៖ ត្រូវប្រើឥណទានទាំងនោះ ប្រកបដោយតម្លាភាព, គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។

ក្នុងន័យនេះ គេអាចសន្និដ្ឋានបានថា កម្ពុជាកំពុងតែពង្រឹងខ្លួនកាន់តែរឹងមាំជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំហើយពេលនេះបានឈានដល់ចំណុចដែលអាចឈរដោយកម្លាំងខ្លួនឯងបាន យ៉ាងរឹងមាំដោយមិនបាច់ខ្ចីដង្ហើមបរទេសដកទៀតឡើយ។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជាក៏កំពុងបង្កើនប្រសិទ្ធភាពក្នុងការពង្រឹងសេដ្ឋកិច្ចជាតិរបស់ខ្លួនឲ្យកាន់តែរឹងមាំខ្លាំងឡើងជាលំដាប់ ខណៈដែលបំណុលសាធារណៈក្រៅប្រទេសស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន និងមានហានិភ័យទាបប៉ុណ្ណោះ។ ស្ថានភាពនេះក៏ជាអំណោយផលយ៉ាងល្អសម្រាប់រដ្ឋាភិបាលកម្ពុជាដើម្បីឈានទៅសម្រេចគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ដូច្នេះ ក្រុមប្រឆាំង និងក្រុមអ្នកវិភាគជ្រុលនិយមទាំងឡាយដែលរំពឹងរង់ចាំមើលសេដ្ឋកិច្ចកម្ពុជាដួលរលំដោយសារស្នាដៃបំផ្លិចបំផ្លាញរបស់ពួកគេនឹងខកចិត្ត ហើយក៍គ្មានពាក្យអ្វីមកនិយាយទៀតឡើយ៕

ដោយ៖សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកល វិទ្យាល័យកំពង់ចាម