ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «បញ្ហាពិភពលោកជាមេរៀន និងជាឱកាសសម្រាប់ខ្មែរ!»

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 37
លិខិតមិត្តអ្នកអាន៖  «បញ្ហាពិភពលោកជាមេរៀន និងជាឱកាសសម្រាប់ខ្មែរ!» លិខិតមិត្តអ្នកអាន៖ «បញ្ហាពិភពលោកជាមេរៀន និងជាឱកាសសម្រាប់ខ្មែរ!»

ឆ្លងកាត់រឿងរ៉ាវជាច្រើនដែលកើតឡើងក្នុងពិភពលោក ជាពិសេសជម្លោះពាណិជ្ជកម្មរវាងចិននិងអាម៉េរិករយៈពេលចុងក្រោយនេះប្រជាពលរដ្ឋខ្មែរបានរៀនសូត្រយ៉ាងច្រើនពីពិភពលោក។ មេរៀនទាំងនោះក៏បានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនយល់កាន់តែច្បាស់អំពីល្បិចកិច្ចកលរបស់មហាអំណាចហើយនាំគ្នាកែប្រែចិត្តគំនិតខុសពីមុន គឺប្រែពីចូលចិត្តពឹងបរទេសចូលចិត្តអាងមហាអំណាចមកជាមានគំនិតពឹងលើខ្លួនឯងច្រើនជាងមុន។ នៅតាមតុកាហ្វេខ្ញុំកត់សំគាល់ឃើញមានការជជែកវែកញែកអំពីបញ្ហានេះយ៉ាងផុលផុស។

រូបខ្ញុំដែលជាអ្នកចូលចិត្តតាមដាននយោបាយតាមតុកាហ្វេបានសង្កេតឃើញនិន្នាការប្រែប្រួលផ្នែកផ្នត់គំនិតគួរឲ្យកត់សម្គាល់បែបនេះជាច្រើនសប្តាហ៍មកហើយ។ កាលពីមុន អ្នកគាំទ្រនយោបាយតាមតុកាហ្វេចូលចិត្តនិយាយអួតអាងពីមហាអំណាចចូលចិត្តលើកសរសើរអ្នកនយោបាយដែលឃោសនាប្រជាភិថុតិរឿងពឹងបរទេសឲ្យមកជួយខ្មែរ។ ប៉ុន្តែឥឡូវនេះពួកគេហាក់ភ្ញាក់ខ្លួនហើយលាន់មាត់គ្រប់គ្នាថាពិភពលោកនេះពិតជាពិសពុលមែន។ ពួកមហាអំណាចធ្វើនយោបាយដើម្បីតែផលចំណេញរបស់ខ្លួនជាធំគឺមិនមែនគិតពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និតិរដ្ឋ ឬយុត្តិធម៌អ្វីឡើយ ពោលគឺឲ្យតែមានផលចំណេញដល់ពួកគេពាក្យថាប្រជាធិបតេយ្យសិទ្ធិមនុស្សនិតិរដ្ធនិងយុត្តិធម៌មិនត្រូវបានគេយកទៅប្រើឡើយ។

ផ្ទុយទៅវិញទីណាដែលគ្មានផលប្រយោជន៍ដល់ពួកគេពាក្យទាំងបួនម៉ាត់នេះត្រូវបានគេប្រើជាដំបងព្រនង់ដើម្បីវាយសំពងដោយគ្មានរើសមុខ។ ក្នុងន័យនេះប្រជាពលរដ្ឋខ្មែរដែលកំពុងជក់ចិត្តក្នុងការតាមដានព្រឹត្តិការណ៍ពិភពលោកបានយល់ឃើញថាប្រទេសនីមួយៗត្រូវកាត់បន្ថយការពឹងពាក់លើបរទេសហើយងាកមកពឹងលើខ្លួនឯងតាមអ្វីដែលអាចធ្វើទៅបាន។ពលរដ្ឋខ្មែរពេលនេះបានផ្តើមមើលឃើញពីគ្រោះថ្នាក់នៃនយោបាយពឹងលើបរទេសហើយផ្តើមយល់ពីសារៈសំខាន់នៃពាក្យថាអធិបតេយ្យភាពជាតិនិងផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាពស្ថិរភាពនយោបាយនិងឯកភាពផ្ទៃក្នុងនៃជាតិខ្មែរ។ចរន្តបែបនេះបានធ្វើឲ្យអ្នកនយោបាយដែលប្រើវិធីប្រជាភិថុតិចាស់គំរឹលតាមរយៈការពឹងលើបរទេសហើយចង់បង្កភាពវឹកវរក្នុងសង្គមបាត់បង់ការគាំទ្រកាន់តែខ្លាំងដែលមិនខុសពីខ្លែងដាច់ខ្សែកណ្តាលវេហានោះឡើយ។

បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរបានរៀនសូត្រពីបញ្ហាពិភពលោកនិងបានមើលឃើញអនាគតប្រទេសកម្ពុជាដូចខាងក្រោម៖

ទី១៖ ការរក្សាសន្តិភាពនិងស្ថិរភាពនយោបាយក្នុងប្រទេសជារឿងសំខាន់ជាងគេបំផុតសម្រាប់គ្រប់ប្រទេសទាំងអស់ពិសេសកម្ពុជាពីព្រោះសន្តិភាពនិងស្ថិរភាពនយោបាយគឺជាគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារដើម្បីធ្វើឲ្យប្រទេសជាតិកាន់តែរឹងមាំអាចរស់បានដោយខ្លួនឯងនិងឈានទៅកាត់បន្ថយការពឹងពាក់លើបរទេស។

ទី២៖ ការធ្វើនយោបាយដោយវៃឆ្លាតគឺជានយោបាយដែលចេះទាញយកចំណេញពីប្រទេសអ្នកមាននិងពីមហាអំណាចតាមដែលអាចធ្វើទៅបានដោយមិនរើសអើងថាជាលោកសេរីឬលោកកុម្មុយនិស្តនោះឡើយពីព្រោះពួកមហាអំណាចទាំងឡាយក៏ជ្រើសរើសយកវិធីនេះដូចគ្នាដែរពោលគឺឲ្យតែបានផលចំណេញដល់ប្រទេសជាតិនិងប្រជាជនលុយគ្មានពណ៌និងគ្មានក្លិនកុម្មុយនិស្តឬសេរីនោះឡើយ។ការបន្តប្រកាន់ជំហរបែងចែកថាលោកសេរីឬលោកកុម្មុយនិស្តគឺជាគំនិតនយោបាយហួសសម័យនិងឆោតល្ងង់ដែលមិនស្របជាមួយនិន្នាការពិភពលោកបច្ចុប្បន្ននេះឡើយ។

ទី៣៖ កម្ពុជាមានហើយសន្តិភាពនិងការអភិវឌ្ឍ។ដូច្នេះអ្វីដែលកម្ពុជាត្រូវការបំផុតគឺខ្មែរត្រូវពួតដៃគ្នាដើម្បីជំរុញការអភិវឌ្ឍប្រទេសឲ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នាពោលគឺអ្នកណាចេះអ្វីជួយធ្វើតាមចំណេះជំនាញរបស់ខ្លួនដោយកិច្ចខិតខំប្រឹងប្រែងស្រវាស្រទេញដើម្បីគ្រួសារផងនិងជាតិផង។ការប៉ុនប៉ងបំផ្លាញសុខសន្តិភាពហើយចង់នាំប្រទេសទៅរកភាពវឹកវរនិងហិង្សាគឺជានយោបាយដើរថយក្រោយ៤០ឆ្នាំ។អ្វីដែលកើតឡើងនៅប្រទេសអ៊ីរ៉ាក់ស៊ីរីលីប៊ីជាដើមគឺជាឧទាហរណ៍ជាក់ស្តែងបំផុតនៃនយោបាយដៃភ្លើងជើងមាន់ដោយយកបរទេសជាទីពឹង។លទ្ធផលចុងក្រោយគឺសោកនាដកម្មដែលពិបាកស្តារពោលគឺមិនខុសពីសុភាសិតបូរាណខ្មែរថា «ចាក់អង្ករដូរយកអង្កាម» នោះឡើយ។

ទី៤៖ ការអភិវឌ្ឍប្រទេសក្នុងសម័យបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្នត្រូវការភាពវៃឆ្លាតបត់បែនឲ្យទាន់សភាពការណ៍របស់អ្នកនយោបាយនិងមេដឹកនាំដើម្បីទាញប្រយោជន៍សម្រាប់ប្រទេសជាតិនិងប្រជាជនជាពិសេសក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចកំពុងផ្ទុះឡើង។ ក្នុងន័យនេះកម្ពុជាគួរចាប់យកឱកាសមាសឱកាសពេជ្រដែលកំពុងកើតឡើងចេញពីបច្ច័យនៃជម្លោះពាណិជ្ជកម្មនេះ។ផ្ទុយទៅវិញអ្នកនយោបាយណាដែលដើរបញ្ច្រាសនឹងផលប្រយោជន៍ជាតិដោយមិនត្រឹមតែមិនចាប់យកឱកាសសម្រាប់រកផលចំណេញជូនជាតិតែបែរជាព្យាយាមបំផ្លាញសន្តិភាពនិងស្ថិរភាពនយោបាយក្នុងប្រទេសទៅវិញត្រូវចាត់ទុកជាអ្នកនយោបាយចង្រៃបំផុតលើលោកនេះ។

ទាំងអស់នេះគឺជាទស្សនៈទានថ្មីៗដែលប្រជាជនកម្ពុជាយល់ច្បាស់ហើយកំពុងផ្តល់ការគាំទ្រពេញទំហឹងដល់នយោបាយឆ្លាតវៃរបស់រដ្ឋាភិបាលដែលកំពុងស្រវាស្រទេញចាប់យកប្រយោជន៍សម្រាប់ប្រទេសជាតិ។

ផ្ទុយទៅវិញប្រជាពលរដ្ឋខ្មែរបានសម្តែងការធុញទ្រាន់ទ្រលាន់ជ្រេញនឹងអ្នកនយោបាយមួយក្រុមដែលកំពុងធ្វើសកម្មភាពតាមបែបឧទ្ទាមចោរព្រៃដែលមួយថ្ងៃៗគិតតែពីញុះញង់ចាក់រុកធ្វើឲ្យសង្គមបែកបាក់ធ្លាក់ក្នុងភាពវឹកវរជាថ្មីខណៈដែលមេដឹកនាំរដ្ឋាភិបាលកំពុងស្វះស្វែងរកផលប្រយោជន៍ជូនជាតិនិងប្រជាជនពីគ្រប់ច្រកល្ហកនៃពិភពលោក។

សកម្មភាពផ្ទុយគ្នាស្រឡះរវាងរដ្ឋាភិបាលនិងក្រុមអ្នកនយោបាយឧទ្ទាមបាននិងកំពុងក្លាយជាពន្លឺដែលបំភ្លឺដួងចិត្តខ្មែរគ្រប់រូបឲ្យមើលឃើញកាន់តែច្បាស់ថាអ្នកណាជាអ្នកខិតខំរក្សាសន្តិភាពស្ថិរភាពនយោបាយនិងជំរុញការអភិវឌ្ឍប្រទេសហើយអ្នកណាជាអ្នកខំបំផ្លាញ។និយាយជារួមប្រជាពលរដ្ឋខ្មែរពេលនេះបានភ្លឺភ្នែកកាន់តែច្បាស់និងបានស្គាល់ក្រយៅអ្នកនយោបាយកាន់តែច្បាស់ដូចបាតដៃហើយពួកគេកំពុងឈរយ៉ាងរឹងមាំនៅខាងអ្នកការពារនិងកសាងដោយច្រានចោលទាំងស្រុងអ្នកដែលកំពុងប៉ុនប៉ងបំផ្លាញភាពសុខសាន្តរបស់ប្រទេសជាតិ។នេះគឺជាផ្នត់គំនិតថ្មីរបស់ពលរដ្ឋខ្មែរដែលអ្នកនយោបាយមិនអាចមើលរំលងបានឡើយ។អ្នកមើលរំលងហើយដើរបញ្ច្រាសពីនិន្នាការនេះនឹងទទួលការឈឺចាប់យ៉ាងជូរចត់និងយ៉ាងអាម៉ាស់ជាក់ជាមិនខាន៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង