ខ្មែរប៉ុស្ដិ៍ Close

លោក ស៊ី ជីនពីង ប្រកាសគាំទ្រការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអះអាងថា កម្ពុជារីកចម្រើនកាន់តែខ្លាំងរយៈពេល៦០ឆ្នាំទៅមុខទៀត

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
លោក ស៊ី ជីនពីង ប្រកាសគាំទ្រការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអះអាងថា កម្ពុជារីកចម្រើនកាន់តែខ្លាំងរយៈពេល៦០ឆ្នាំទៅមុខទៀត លោក ស៊ី ជីនពីង ប្រកាសគាំទ្រការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអះអាងថា កម្ពុជារីកចម្រើនកាន់តែខ្លាំងរយៈពេល៦០ឆ្នាំទៅមុខទៀត

(ប៉េកាំង, ចិន)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ប្រធានាធិបតីមហាយក្សចិន ក៏បានបង្ហាញជំនឿជាក់ថា កម្ពុជានឹងរីកចម្រើនកាន់តែខ្លាំងក្នុងរយៈពេល៦០ឆ្នាំទៅមុខក្នុងការធ្វើទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយប្រទេសចិន។

ការអះអាងរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបពិភាក្សានោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ចាត់ទុកដំណើរទស្សនកិច្ចវផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកកាន់ប្រទេសចិន គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែខ្ពស់ត្រដែតថែមទៀត។ លោកប្រធានាធិបតីក៏បានគូសបញ្ជាក់ពីខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។

លោកប្រធានាធិបតីក៏បានបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខណ្ឌ ខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងនោះភាគីទាំងសងខាងនឹងបន្តយកចិត្តទុកដាក់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។

លោក ស៊ី ជីនពីង បានលើកឡើងថា «បច្ចុប្បន្ននេះទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈនេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត»។ 

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា «កម្ពុជានឹងទទួលបាននូវភាពជោគជ័យថែមទៀត ក្នុងរយៈពេល៦០ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ ចិនសូមគាំទ្រចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ»។ 

ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកពិតជាមានការរីករាយក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការសាជាថ្មីម្តងទៀត ក្នុងប្រទេសចិន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែទទួលនូវព្រះរាជបដិសណ្ឋារកិច្ចចំពោះព្រះវត្តមានព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ក៏ដូចជាយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកពីបញ្ហាមួយចំនួនពាក់ព័ន្ធទំនាក់តំនងនៃប្រទេសទាំងពីរ។ លោកបានជំរាបប្រធានាធិបតីចិន អំពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ពិសេសស្ថានការណ៍ក្រោយការបោះឆ្នោតសកល រួមនឹងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានគណបក្សនយោបាយចូលរួមចំនួន១៩គណបក្ស។ ក្នុងជំនួបពិភាក្សានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើប្រធានាធិបតីចិន ជំរុញអ្នកវិនិយោគចិនបន្តមកវិនិយោគ និងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការបង្កើតរោងចក្រថ្មីៗ ថែមទៀត។ 

ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឃើញទំនាក់ទំនងជាប្រពៃណី និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះ បន្តថែទាំ និងរក្សាឲ្យកាន់តែរឹងមាំថែមទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ឆ្នាំ២០១៩ គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងជាឆ្នាំនៃការផ្លាស់ប្តូរទេសចរណ៍នៃប្រទេសទាំងពីរ។ លោកបានស្នើលោក ស៊ី ជីនពីង ធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរអាចមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរី ព្រោះប្រទេសទាំងពីរមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតាំងពីរឆ្នាំ២០១០មកម្ល៉េះ។ 

លោកប្រធានាធិបតីចិន ក៏បានលើកឡើងដែរថា ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺមានលក្ខណៈពិសេសខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសផ្សេងៗទៀត ពោលគឺទំនាក់ទំនងនៃប្រទេសទាំងពីរមានលក្ខណៈសំខាន់បំផុត។

លោកប្រធានាធិបតីអះអាងថា ចិននិងកម្ពុជា នឹងបន្តរួមគ្នាជាសហគមន៍តែមួយ ដើម្បីរៀបចំផែនការធ្វើកិច្វសហការលើគ្រប់វិស័យទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជនិងប្រជាជន។ លោក ស៊ី ជីនពីង ក៏បានប្រកាសស្វាគមន៍វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី២ ស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅប្រទេសចិន នាខែមេសាខាងមុខនេះ៕