ជំនួបគ្រោងទុករវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ត្រូវបានអាក់ខាន
ជំនួបដែលបានគ្រោងទុករវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅបាងកកប្រទេសថៃ ក្នុងពេលកិច្ចប្រជុំ APEC ត្រូវបានអាក់ខាន ដោយសារសម្ដេចតេជោ តេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូណេស៊ី។
តាមរយៈហ្វេសប៊ុក សម្ដេចតេជោ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ប្រាប់បងប្អូនជនរួមជាតិថា សម្ដេចតេស្តវិជ្ជមានកូវីដ-១៩។ សម្តេចតេជោថា សម្ដេចមិនច្បាស់ថាមេរោគនេះមកនៅជាមួយចាប់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូណេស៊ីយកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។
សម្តេចបន្តថា ជាសំណាងមួយដែលយប់ម៉ិញដោយសារមកដល់យឺត សម្តេចមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំងទេ។ សម្តេចបន្តថា ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្តេចសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូណេស៊ីជាតំណាងតែម្តង។
សម្តេចបន្តថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។ សម្ដេចតេជោបញ្ជាក់ថា សម្ដេចគ្រោងត្រឡប់មកដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលសម្ដេចនឹងងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ៕