ខ្មែរប៉ុស្ដិ៍ Close

មន្ទីពេទ្យទីក្រុងវូហានថ្មីនឹងបើកដំណើការនៅថ្ងៃចន្ទនេះហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 6
មន្ទីពេទ្យទីក្រុងវូហានថ្មីនឹងបើកដំណើការនៅថ្ងៃចន្ទនេះហើយ សកម្មភាពនៃការសាងសង់មន្ទីរពេទ្យ Huoshenshan ជាយក្រុង វូហាន (រូបភាពផ្ដល់ដោយ រ៉យទ័រ)

យោធាចិនកំពុងតែរួសរាន់ប្រមែប្រមូលក្រុមការងារវេជ្ជាសាស្ត្ររបស់ខ្លួនអោយឡើងដល់ ១៤០០នាក់ តាមរយៈការបញ្ជាផ្ទាល់ពីលោកប្រធានាធិបតី Xi Jinping។ ពួកគេនឹងក្លាយជាវេជ្ជបណ្ឌិតនៅមន្ទីពេទ្យបណ្ដោះអាសន្នដែលបានកំណត់ធ្វើក្នុងរយៈពេល១០ថ្ងៃ និងកំណត់បើកអោយដំណើការនៅថ្ងៃចន្ទនេះ។

កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិនបានចាប់ផ្ដើមទម្លាក់ឧបករណ៍សង្គ្រោះ និងបុគ្គលិកពេទ្យទៅកាន់ទីក្រុងវូហានកាលពីព្រឹកថ្ងៃអាទិត្យ ដែលគេហៅថាជាប្រតិបត្តិការដឹកជញ្ជូនមិនមែនយោធាធំបំផុតរាប់តាំងពីគ្រោះរញ្ជួយដី Yushu ក្នុងឆ្នាំ២០១០។

ជើងហោះហើរ IL-76 ចំនួន៨ បានមកដល់ព្រលានយន្តហោះ Tianhe នៃទីក្រុងវូហាន ដោយនាំមកជាមួយនូវសម្ភារៈចំនួន ៥៨តោន រួមទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដើម្បីចូលរួមប្រតិបត្តិការសង្គ្រោជាមួយនឹងបុគ្គលិកពេទ្យទាំង ៤៥០នាក់ដែលមានស្រាប់នៅទីក្រុងវូហាន។ ក្នុងចំណោមនោះ មានខ្លះធ្លាប់មានបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺសាស៍កាលពីឆ្នាំ ២០០៣ និង អេបូឡា (Ebola) នៅអាហ្វ្រិកខាងលិចកាលពីឆ្នាំ ២០០៤។

បុគ្គលិកពេទ្យនឹងត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ Huoshenshan ដែលជាមន្ទីពេទ្យដែលបានកសាងឡើងតែក្នុងរយៈពេល ៨ថ្ងៃ ហើយបានផ្ដល់ទៅអោយកងទ័ពរំដោះប្រជាជនចិនដើម្បីគ្រប់គ្រងកាលពីថ្ងៃអាទិត្យ ដែលទុកដើម្បីតែព្យាបាលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាតែប៉ុណ្ណោះ។ មន្ទីរពេទ្យ Leishenshan ដែលជាមន្ទីពេទ្យបណ្ដោះអាសន្នមួយទៀតកំពុងតែញាប់ដៃញាប់ជើងបង្ហើយការសាងសង់ និងកំណត់អោយដំណើការនៅថ្ងៃពុធសប្ដាហ៍នេះ។

មន្ទីពេទ្យបណ្ដោះអាសន្នទាំងពីរនេះបង្កើតឡើងដោយយោងលើបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹងជំងឺសាស៍កាលពីឆ្នាំ ២០០៣។ គួររម្លឹកថា កាលពីឆ្នាំ២០០៣ ទីក្រុងប៉េកាំងបានសាងសង់មន្ទីពេទ្យស្រដៀងគ្នានេះ ដែលមាន ១០០០បន្ទប់ នៅទីក្រុង Xiaotangshan។ មន្ទីពេទ្យនោះបានដាក់ឈ្មោះថា មន្ទីពេទ្យកងទ័ពរំដោះប្រជាជនចិន ដែលបានព្យាបាលអ្នកជំងឺសាស៍ចំនួនប្រហែល ១៥% នៃអ្នកជំងឺសរុបនៅទូទាំងប្រទេសចិនអោយបានជាសះស្បើយ តែក្នុងរយៈពេល ២ខែ។

មន្ទីពេទ្យទាំងពីរនេះបានត្រូវចេញផ្សាយព្រោងព្រាតនៅលើបណ្ដាញសារព័ត៌មានជាតិចិន ដែលមានមនុស្សជាង ៤០លាននាក់បានមើលសកម្មភាពក្នុងការសាងសង់មន្ទីពេទ្យទាំងពីរនេះដោយផ្ទាល់ចាប់តាំងពីថ្ងៃចាប់ផ្ដើមសាងសង់ដំបូងកាលពីថ្ងៃចន្ទ។

កាលពីថ្ងៃអាទិត្យ មានអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាបានស្លាប់នៅឯប្រទេសហ្វីលីពីន តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក ឌូទែតេ ដាក់បញ្ជាអោយបិទជើងហោះហើរទៅមកជាមួយចិន ដោយរាប់បញ្ជូលទាំងទីក្រុងហុងកុង និងម៉ាកាវផងដែរ។ នេះជាករណីទី១ហើយ ដែលមានអ្នកជំងឺដោយវីរុសនេះ ស្លាប់នៅក្រៅប្រទេសចិន។

គណកម្មការសុខាភិបាលជាតិចិនបានអោយដឹងកាលពីថ្ងៃអាទិត្យថា មានមនុស្ស ៤៥នាក់ទៀតហើយនៅចិនបានស្លាប់ និង ២៥៩០នាក់ផ្សេងទៀតបានឆ្លងវីរុសនេះ។ អ្នកស្លាប់ទាំងអស់នេះ រួមទាំងអ្នកឆ្លងទាំង ១៩២១នាក់ផ្សេងទៀតសុទ្ធតែជាប្រជាជននៅក្នុងខេត្តហ៉ឺប៉ី។

សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងវីរុសដ៏មហាមរណៈនេះនៅទូទាំងពិភពលោក មានដល់ ១៧២០០នាក់ហើយ ហើយអ្នកស្លាប់សរុបមានដល់ ៣៦០នាក់ហើយ។

បាងកកប៉ុស្តិ៍

អត្ថបទទាក់ទង