ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «គ្មានអ្វីកតញ្ញូជាងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនឡើយ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 75
លិខិតមិត្តអ្នកអាន៖ «គ្មានអ្វីកតញ្ញូជាងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនឡើយ» លិខិតមិត្តអ្នកអាន៖ «គ្មានអ្វីកតញ្ញូជាងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនឡើយ»

ប្រសិនបើស្តាប់មួយភ្លែតហើយមិនបានស៊ីជម្រៅ មនុស្សមួយចំនួនអាចគិតថា ការវាយបករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១៤ មករា ២០១៩ ទៅលើបស្ចឹមប្រទេសដែលគំរាមជាបន្តបន្ទាប់ដាក់ទណ្ឌកម្មមកលើកម្ពុជាថាជាភាសាធ្ងន់ចំពោះមហាអំណាចទាំងនោះដែលហាក់មិនចំណេញដល់ខ្មែរ។ ប៉ុន្តែសម្រាប់អ្នកយល់ស៊ីជម្រៅនៃបញ្ហានេះជាភាសាដ៏ត្រឹមត្រូវនិងទាន់សភាពការណ៍បំផុតសម្រាប់ទប់ទល់ជាមួយពួកបរទេសដែលចិញ្ចឹមមហិច្ឆិតាយកកម្ពុជាជាចំណាប់ខ្មាំងនៃផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។

អ្នកសិក្សាអំពីវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់ជាធ្លាប់បានលឺពាក្យថា «គ្មានទេមិត្តគ្មានទេសត្រូវ គឺមានតែផលប្រយោជន៍» នេះម្យ៉ាង។ ម្យ៉ាងទៀត គេក៏ធ្លាប់បានលឺពាក្យមួយឃ្លាទៀតថា «គ្មានអ្វីអកតញ្ញូជាងផលប្រយោជន៍ភូមិសាស្ត្រនយោបាយឡើយ»។ ទាំងពីរយ៉ាងនេះពិតជាបានបានឆ្លុះបញ្ចាំង យ៉ាងច្បាស់ក្រឡែតអំពីអ្វីដែលកើតមានចំពោះកម្ពុជាទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល។ ក្នុងអតីតកាល សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកជិត ៣ លានតោនស្រោចមកលើកម្ពុជា ហើយនៅទីបំផុត គាំទ្រកូនជឹងរបស់ខ្លួនគឺ លន់ នល់ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋស្របច្បាប់ដោយសារតែសម្តេចសីហនុមិនព្រមធ្វើជារណបរបស់ខ្លួន។ បន្ទាប់មកទៀត សហរដ្ឋអាមេរិកចាប់ដៃជាមួយចិនគាំទ្រខ្មែរក្រហមសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់។ លើសពីនេះ ដើម្បីទប់ទល់ឥទ្ធិពលអតីត សហភាពសូវៀតនៅក្នុងសង្គ្រាមត្រជាក់ ពួកបស្ចឹមប្រទេស មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ បានបន្តគាំទ្រអស់រយៈពេល១២ឆ្នាំនូវអាសនៈពួកខ្មែរ ក្រហមនៅអង្គការសហប្រជាជាតិ ទាំងពួកនេះបានធ្វើទារុណកម្ម និងប្រល័យពូជសាសន៍ខ្មែរស្ទើរផុតពូជ។

បច្ចុប្បន្ននេះ ស្ថានភាព មិនសូវខុសពីអតីតកាលប៉ុន្មានឡើយ។ ដោយសាររដ្ឋាភិបាលក្រុងភ្នំពេញដឹកនាំដោយ លោក ហ៊ុន សែន មិនព្រមធ្វើជារណបភូមិសាស្ត្រនយោបាយដល់ខ្លួន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រើវិធីចាស់ដដែល គឺការចិញ្ចឹមកូនជឹងដែលមាន ក្រុមប្រឆាំងដឹកនាំដោយសម រង្ស៊ី ឲ្យក្រឡុកសភាពការណ៍ និងរកវិធីគ្រប់យ៉ាងដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់មួយដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិប្បតេយ្យសេរីពហុបក្ស។ វិធីសាស្រ្តរបស់ពួកគេមានគ្រប់បែបយ៉ាង រាប់ទាំងការអនុវត្តន៍ ចលនាបដិវត្តន៍ពណ៌ និងការបង្ក ព្យុះភ្លៀងឥតឈប់ឈរ ដោយមានការគាំទ្រពីចៅហ្វាយនាយបរទេសក្រោមលេសនៃពាក្យពីរម៉ាត់គឺ «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។

តើការទម្លាក់គ្រាប់បែក រាប់លានតោនស្រោចលើទឹកដីខ្មែរ និងបានសម្លាប់ពលរដ្ឋខ្មែររាប់សែន នាក់ ពួកគេដែលបាននិយាយពីសិទ្ធិមនុស្សទេ? ការគាំទ្រឲ្យខ្មែរក្រហមសម្លាប់ខ្មែររាប់លាននាក់ និងបន្តឲ្យពួកនេះកាន់កាប់អានសៈកម្ពុជានៅអង្គការសហប្រជាជាតិ តើពួកបស្ចឹម ប្រទេសដែលនិយាយពីសិទ្ធិមនុស្សទេ? បច្ចុប្បន្នទៀតសោត ខណៈដែលកម្ពុជាកំពុងបើកចំហទៅរកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ពួកបស្ចឹមប្រទេសបែរជាចោទកម្ពុជាថា បានបំពានលើគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែពួកគេបែរទៅចាប់ដៃធ្វើសម្ព័ន្ធមិត្តជាមួយប្រទេសដែលគ្មានប្រជាធិបតេយ្យទាល់តែសោះទៅវិញ? នេះគឺជាភស្តុតាងមិនអាចប្រកែកបានឡើយដែលបង្ហាញថា ពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលបស្ចឹមប្រទេសកំពុងដាក់សង្កត់មកលើកម្ពុជាគ្រាន់តែជាលេសដើម្បីចង់យកកម្ពុជាធ្វើជារណបបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួនសុទ្ធសាធ។

ក្នុងន័យនេះ សាររបស់បុរសខ្លាំងកម្ពុជាដែលថា ការដាក់ទណ្ឌកម្មណាមួយមកលើកម្ពុជា មានន័យស្មើនឹងទណ្ឌកម្មទៅលើក្រុមប្រឆាំង គឺជារឿងដ៏ត្រឹមត្រូវបំផុត និងជាសារប្រកបដោយភាពឈ្លាសវៃរបស់មេដឹកនាំ ពីព្រោះសារនេះបានវាយចំគោលដៅ «Knock-Out» របស់ពួកបរទេសដែលកំពុងប៉ុនប៉ងយកកម្ពុជាជា រណបដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។ សារនេះក៏ជាព្រួញមួយបាញ់បានសត្វពីរ៖

ទី១៖ គឺជាការព្រមានដល់ពួកបរទេសដែលជាចៅហ្វាយនាយរបស់ក្រុមប្រឆាំងនៅកម្ពុជាថា ទណ្ឌកម្មរបស់ពួកគេមកលើកម្ពុជាស្មើនឹងច្រវ៉ាក់ខ្នោះឃ្នៀងសម្រាប់ដាក់កូនជឹងរបស់ខ្លួនយ៉ាងដូច្នោះដែរ ពីព្រោះរដ្ឋាភិបាលក្រុងភ្នំពេញនឹងមិនអត់ឱនដល់ក្រុមប្រឆាំងទៀតឡើយក្នុងករណីដែល មានទណ្ឌកម្មមែន ដោយសារថា គ្មានអ្វីត្រូវខាតបង់ជាងនេះទៀតទេ។

ទី២៖ គឺជាសារបញ្ជូនទៅប្រាប់ក្រុមប្រឆាំងឲ្យដឹងខ្លួនថា ការណ៍ដែលពួកគេទៅបុករុកបរទេសឲ្យដាក់ទណ្ឌកម្មណាមួយមកលើប្រទេសនិងប្រជាជនរបស់ខ្លួនមិនខុសពីការបង្កាត់ភ្លើងដើម្បីដុតផ្ទះខ្លួនឯងនោះឡើយ។

ជំហររឹងមាំដូចដែកថែប របស់បុរសខ្លាំងកម្ពុជាពិតជាគួរឲ្យសាទរ និងផ្តល់តម្លៃ ពីព្រោះកម្ពុជាមិនត្រូវយកអធិបតេយ្យជាតិ ទៅប្តូរជាមួយ ផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់បរទេសណាមួយឡើយ។ មកដល់ចំណុចនេះ មនុស្សមួយចំនួនអាចចោទសួរបញ្ច្រាសមកវិញថា ហេតុអ្វីកម្ពុជាចាប់យកចិន និងកំពុងបម្រើផលប្រយោជន៍ ភូមិសាស្ត្រនយោបាយឲ្យចិន? តាមពិត មិនមែនដូច្នោះឡើយ។

កម្ពុជាប្រកាន់គោលនយោបាយអព្យាក្រឹត្យឥតលម្អៀង និងនៅតែប្រកាន់គោលការណ៍នេះដោយឥតងាករេជាអចិន្ត្រៃយ៍ ពោលគឺកម្ពុជាចងមិត្តជាមួយបណ្តាប្រទេសទាំងអស់ដោយស្មើមុខមាត់គ្នានិងស្មើសិទ្ធិ។ ប៉ុន្តែ ប្រការដែលគេមើលឃើញថា កម្ពុជាហាក់កៀកកិតខ្លាំងជាមួយចិនគឺដោយសារពួកបស្ចឹម ប្រទេសខ្លួនឯងទេដែលធ្វើខ្លួនឲ្យកាន់តែឃ្លាតឆ្ងាយពីកម្ពុជាដោយសារតែជំនួយចងភ្ជាប់ជាមួយលក្ខខណ្ឌ «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» ដែលជាលក្ខខណ្ឌក្លែងក្លាយដើម្បីបន្លំភ្នែកតែប៉ុណ្ណោះ ខណៈដែលចិននៅតែអាចរក្សាបាននូវចំណងមិត្តភាពស្មើមុខមាត់និងស្មើសិទ្ធិជាមួយកម្ពុជាតាមរយៈគោលការណ៍មិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងនិងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកបានយ៉ាងល្អ។ នេះជាហេតុផលសត្យានុម័តដែលជំរុញឲ្យកម្ពុជានៅកៀកជាមួយចិនជាងបស្ចឹមប្រទេស។

ប្រសិនបើបស្ចឹមប្រទេសចង់បានភាពស្មើមុខមាត់ជាមួយកម្ពុជា និងឈរទន្ទឹមជាមួយចិន គឺពិតជាមិនពិបាកឡើយព្រោះវាគ្រាន់តែបោះបង់ចោលមហិច្ឆិតាចង់យកកម្ពុជាធ្វើជារណបដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយបែរមកគោរពអធិបតេយ្យភាពរបស់កម្ពុជាដូចចិនដែរទៅគឺជាការស្រេច។ ប្រឈមមុខនឹងស្ថានភាពបច្ចុប្បន្ន កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិរបស់ខ្លួនដើម្បីទប់ទល់ជាមួយពួកបរទេសដែលកំពុងព្យាយាមទាញកម្ពុជាធ្វើជារណបនោះឡើយ។ ប្រសិនបើគ្មានភាព ម៉ឺងម៉ាត់នេះទេ កម្ពុជាអាចប្រឈមមុខនឹងគ្រោះថ្នាក់ធំដូចកាលពីអតីតកាលមិនខានឡើយ។

សម្រាប់អ្នកតាមដាន នយោបាយនៅកម្ពុជា ពីអំណឹះតទៅ ប្រសិនបើពួកបស្ចឹមប្រទេសមិនព្រមផ្លាស់ប្តូរនយោបាយរបស់ខ្លួនចំពោះកម្ពុជា ហើយនៅតែចិញ្ចឹមចិត្តប្រើក្រុមប្រឆាំងដើម្បីធ្វើជាកូនជឹងក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តទៅទៀត នោះផ្លូវល្អបំផុតសម្រាប់កម្ពុជា ទំនងជាគ្មានអ្វីក្រៅពីយកគំរូតាមប្រទេសសិង្ហបូរីពោលគឺ ការអភិវឌ្ឍប្រទេសដោយយកសណ្តាប់ធ្នាប់ជាធំ ដោយមិនភ្លេចប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺសិទ្ធិរបស់ពលរដ្ឋខ្មែរពិតប្រាកដមិនមែនជាសិទ្ធិមនុស្សឡប់ឡែតាមខ្សែញាក់ ឬតាមមាត់ថារបស់បរទេសណាមួយឡើយ។ ក្នុងន័យនេះ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៤ មករា ពិតជាត្រឹមត្រូវ និងមានលក្ខណៈឡូហ្សិក បំផុតដើម្បីការពារផលប្រយោជន៍ខ្មែរ និងពង្រឹងឯករាជ្យភាពរបស់ខ្មែរទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច។ មានតែជំហររឹងមាំបែបនេះទេទើបអាចទប់ទល់ជាមួយមហិច្ឆតាបរទេសដែលកំពុងចង់លេបត្របាក់កម្ពុជាដើម្បីធ្វើជារណបនៃភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ដូច្នេះ ប្រសិនបើគ្មានអ្វីអកតញ្ញូជាងផលប្រយោជន៍ភូមិសាស្ត្រ នយោបាយមែន ក៏គ្មានអ្វីដែលកតញ្ញូជាងការការពារអធិបតេយ្យភាពជាតិឲ្យចេញផុតពីការធ្វើរណបភូមិសាស្ត្រនយោបាយរបស់បរទេសនោះដែរ៕

ដោយ៖ សាស្ត្រាចារ្យ វិទ្យាសាស្ត្រសង្គម សាកលវិទ្យាល័យកំពង់ចាម