ខ្មែរប៉ុស្ដិ៍ Close

វិភាគនយោបាយ៖ ភាពស្របច្បាប់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយបុរសខ្លាំង ហ៊ុន សែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 70
វិភាគនយោបាយ៖ ភាពស្របច្បាប់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយបុរសខ្លាំង ហ៊ុន សែន វិភាគនយោបាយ៖ ភាពស្របច្បាប់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយបុរសខ្លាំង ហ៊ុន សែន

បន្ទាប់ពីការបោះឆ្នោតសកល នៅខែកក្តដា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដំណើរការការងាររបស់ខ្លួនជាប្រក្រតី ដោយមិនមានការរាំងខ្ទប់ពីផ្នែកណាមួយឡើយ ទាំងផ្លូវច្បាប់ ហើយក៏មិនមានការជំទាស់តវ៉ាពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដែរ។

ប៉ុន្តែអ្វីដែលគេនៅតែឆ្ងល់នោះ គឺការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាបច្ចប្បន្ននេះ ដែលដឹកនាំដោយបុរសខ្លាំង ហ៊ុន សែន ជារបបផ្តាច់ការ និងមិនស្របច្បាប់។ ជាថ្មីម្តងទៀត​ ដែលមិនខុសប្លែកអ្វីពីពេលមុនៗ នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានលើកឡើងថា សហគមន៍អន្តរជាតិ ត្រូវតែចាត់ទុករដ្ឋាភិបាលលោក ហ៊ុន សែន ដូចរបបខុសច្បាប់ នៅវេណេហ្សូអេឡា ដែលដឹកនាំដោយលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ។ លោក សម រង្ស៊ី បានប្រាប់ទៅកាសែតបារាំង Libération ថា លោកបានស្នើសុំឱ្យសហគមន៍អន្តរជាតិ ប្រកាសថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនមានភាពស្របច្បាប់ទេ ដោយសំអាងថា ការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ២០១៨ មិនមានភាពស្របច្បាប់ ដូចគ្នាទៅនឹងការបោះឆ្នោតនៅវេណេហ្សូអេឡាដែរ។

ងាកមកមើលការពិតវិញ តើដូចម្តេចដែលហៅថារដ្ឋាភិបាលស្របច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យដែលមានរដ្ឋធម្មនុញ្ញរបស់ប្រទេសនោះជាគោល? តើរដ្ឋាភិបាលដែលដឹកនាំដោយបុរសខ្លាំង ហ៊ុន សែន​ ស្របច្បាប់​ឬយ៉ាងណា?

១.ក្នុងការបោះឆ្នោតនៅកម្ពុជា នាខែកក្ដដា ឆ្នាំ២០១៨​ កម្ពុជាទទួលបានការសហការណ៍ពីបណ្តាប្រទេសជាច្រើន ដោយកម្ពុជាទទួលបានការគាំទ្រ និងផ្តល់​ជំនួយ​បច្ចេកទេស​ និងជំនួយសម្ភារ: ពីបណ្តាប្រទេសធំៗមួយចំនួនដូចជា ជប៉ុន និងចិន ដើម្បីបំរើឱ្យការបោះឆ្នោត។ ប្រសិនបើការបោះឆ្នោតនៅកម្ពុជាមិនស្របច្បាប់មែនមានន័យថា ការផ្តល់ជំនួយពីបណ្តាប្រទេសខាងលើក៏មិនស្របច្បាប់ដែរ។

២.ការបោះឆ្នោតជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមាន​អ្នកសង្កេតការណ៍អន្តរ​ជាតិ ចូលរួមតាមដាន​ និងសង្កេតមើលការបោះឆ្នោត ជាង៥០០០០ នាក់ មានដូចជា មកពីប្រទេស​រុស្ស៊ី, មីយ៉ាន់ម៉ា, ចិន, សឹង្ហបុរី និងប្រទេសមួយចំនួនទៀត។ ក្រៅពីអ្នកសង្កេតការណ៍អន្តរជាតិ នៅមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាង៩០០ ស្ថាប័ន បានចូលរួមយកព័ត៌មានពីការបោះឆ្នោតនេះផងដែរ។ ដូច្នេះបើការបោះឆ្នោតនេះមិនស្របច្បាប់ មានន័យថា ប្រទេសធំៗជាច្រើនដែលចូលរួមសង្កេតការណ៍ និងអ្នកសារព័ត៌មានទាំងអស់ដែលចូលរួមក្នុងការបោះឆ្នោតនេះ គឺសុទ្ធតែមិនស្របច្បាប់ ឬយ៉ាងណា?

៣.ប្រទេសមហាអំណាចធំៗ ប្រទេសក្នុងតំបន់និងពិភពលោក​ បានប្រកាស​សាទរ​ និងគាំទ្រទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា។ សេចក្តី​ថ្លែង​ការណ៍​ និងសេចក្តី​ប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជាពីសំណាក់ប្រទេសជាច្រើន ដូចជា រុស្ស៊ី, សឹង្ហបុរី, ឥណ្ឌា, ចិន, ជប៉ុន, អាល្លឺម៉ង់, បារាំង, ហ្វីលីពីន, ថៃ…។ល។ បានផ្ញើជូនរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ ដើម្បីសម្តែងការសាទរ គាំទ្រ ហើយបានចាត់ទុកការរៀបចំការបោះឆ្នោតនៅកម្ពុជា គឺប្រព្រឹត្តិទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិ​ធម៌។ បើសិនជាការបោះឆ្នោតនៅកម្ពុជាមិនស្របច្បាប់មែន មានន័យថា ប្រទេសដែលប្រកាសគាំទ្រ​ការបោះនៅកម្ពុជា គឺស្មើនឹងគាំទ្ររដ្ឋាភិបាលមិនស្របច្បាប់។ ប៉ុន្តែផ្ទុយទៅវិញប្រទេសនោះបានចាត់ទុកថា ការ​បោះ​ឆ្នោតនៅកម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹម​ត្រូវ​ តម្លាភាព​ យុត្តិធម៌​ និងគ្មានការគម្រាមកំហែង។

៤.ក្រៅពីបណ្តាប្រទេសធំៗខាងលើ នៅមានអង្គការ សមាគម ទាំង​ជាតិ​ និងអន្តរជាតិជាច្រើនសន្ធឹកសន្ធាប់បានប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជា ភ្លាមៗបន្ទាប់ពីការបោះឆ្នោត។

៥.ចំនួនប្រជាពលរដ្ឋកម្ពុជា ដែលបានចេញទៅបោះឆ្នោតវិញ គឺមានចំនួនច្រើនលើសលប់ ទោះបីជាលោក សម រង្ស៊ី អំពាវនាវឲ្យអ្នកបោះឆ្នោធ្វើពហិការ មិនឱ្យទៅបោះឆ្នោតក៏ដោយ ប៉ុន្តែចំនួនអ្នក​ចេញ​ទៅបោះឆ្នោត គឺមានរហូតដល់ទៅ ៨៣.០២% នៃចំនួនអ្នកដែលមានសិទ្ធិបោះឆ្នោតសរុបចំនួនប្រមាណ ៨លាននាក់។ ដូច្នេះបើចោទថាការបោះឆ្នោតមិនស្របច្បាប់ ចឹងមានតែប្រជាពលរដ្ឋទាំងអស់ ដែលទៅបោះឆ្នោតហ្នឹង​មិនស្របច្បាប់ដែរ។

៦.លោក សម រង្ស៉ី ​ចោទថា របបសព្វថ្ងៃផ្តាច់ការ ព្រោះមានបក្សតែមួយ​ ។ ការចោទប្រកាន់នេះ គឺខុសពីការពិតទាំងស្រុង ខណៈដែលការបោះឆ្នោត​ក្នុង​ឆ្នាំ២០១៨​ ​មានគណបក្សនយោបាយចូលរួមដល់ទៅ២០គណបក្ស​។ មិនមែនតែមួយដូចការចោទប្រកាន់ បំផ្លើសការពិតនោះទេ។ ការចោទប្រកាន់ថា​ ការបោះឆ្នោតឆ្នាំ២០១៨ មានតែមួយគណបក្ស គឺស្មើនឹងទាត់​ចោលតំលៃ​និងមើល​​ងាយឆន្ទៈបក្សនយោបាយចំនួន១៩ទៀត​។ លោក សម រង្ស៊ី ធ្លាប់ចោទប្រកាន់បក្សនយោបាយ១៩ទៀត ដែលបានចូលរួមបោះឆ្នោត ថាសុទ្ធតែជាអាយ៉ងគណបក្សកាន់អំណាច។

៧.

លើសពីនេះ គណបក្សនយោបាយ១៩ទៀត ដែលចូលរួមការបោះឆ្នោតសកលនៅឆ្នាំ២០១៨ គឺក្នុងនោះមានគណបក្សនយោបាយមួយចំនួន គឺជាគណបក្សដែលកើតចេញពីសមាសភាពក្រុមប្រឆាំង ដែលគេដឹងថាជាអ្នកប្រឆាំងរដ្ឋាភិបាល និងខ្លះទៀតធ្លាប់រួមរស់ជាមួយបក្សលោក សម រង្ស៊ី ទៀតផង។ ក្នុងចំណោមបក្សនយោបាយ១៩ដែលចូលរួមបោះឆ្នោត មានគណបក្សឆន្ទៈខ្មែរ របស់កូនប្រុស លោក គង់ គាំ, គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉ង សាំងកុមារ, គណបក្ស​សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា និងគណបក្សប្រឆាំងជាច្រើនទៀត​ ដែលមានបំណងប្រកួតប្រជែងដើម្បីដណ្តើមអំណាចដឹកនាំប្រទេសជាមួយគណបក្សប្រជាជន។

៨.ដោយឡែកសម្រាប់ស្ថានភាពទូទៅរបស់​ប្រទេសកម្ពុជាវិញ​ គឺរឹតតែមិនអាចយកទៅប្រៀប​នឹងប្រទេសវេណេហ្សូអេឡា។ បើនិយាយ​ពីបញ្ហាស្ថិរភាពនយោបាយ គឺកម្ពុជាមាន សន្តិភាព និងស្ថិរភាពពេញលេញ ។ សេដ្ឋកិច្ចកម្ពុជាបន្តកំណើនខ្ពស់ក្នុងរង្វង់៧%ក្នុងមួយឆ្នាំ ខុសពីវេណេហ្សូអេឡា ដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះ និងមានវិបត្តិអតិផរណាឡើងខ្ពស់ រហូតដល់១០លាន% ខណៈដែលបញ្ហាសន្តិសុខ​សង្គម ជួបវិបត្តិដោយពលរដ្ឋមិនអាចទ្រាំទ្របាននូវកំណើនអតិផរណាខ្ពស់ខ្លាំងពេក ពលរដ្ឋមួយភាគធំមិនទាំងមានអាហារបរិភោគផងនោះ ជំរុញឱ្យពលរដ្ឋប្រទេសវេណេហ្សូអេឡាប្រមាណជាង៤លាននាក់ បានភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន។ ផ្ទុយស្រឡះពីកម្ពុជាបច្ចុប្បន្នដែល អត្រាអតិផរណាមានត្រឹមក្នុងរង្វង់៣% ប៉ុណ្ណោះ។ ក្រៅពីសេដ្ឋកិច្ចបន្តកំណើនខ្ពស់ កម្ពុជាត្រូវបានគេវាយតម្លៃថា ជាប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ទាំង៦ក្នុងពិភពលោក។ ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋវិញគឺខុសគ្នាដាច់ស្រឡះ។ ប្រជាពលរដ្ឋខ្មែរមួយចំនួន បានចេញទៅក្រៅប្រទេសមែន ប៉ុន្តែមិនមែនភៀសខ្លួនរត់ចោលផ្ទះសំបែងដីធ្លីទេ គឺទៅបរទេសដើម្បីធ្វើជំនួញ ឬទៅធ្វើការរកប្រាក់ចំណូលបន្ថែម និងអ្នកខ្លះទៅកំសាន្តលំហែរកាយ។

ដូច្នេះវាខុសស្រឡះក្នុងការ​ ចោទប្រកាន់​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ដឹក​នាំ​ដោយ​របប​ផ្តាច់​ការ​ និង​ខុស​ច្បាប់​នោះ​។ រឹត​តែ​ខុស​ធ្ងន់​ទៅ​ទៀត​ដែល​លោក​ សម​ រង្ស៉ី​ យកប្រទេសកម្ពុជា ដែលកំពុងតែពេញពោរទៅដោយសន្តិភាព និងការអភិវឌ្ឍ ទៅប្រៀបនឹងប្រទេសវេណេហ្សូអេឡានោះ។ អ្នកប្រៀបធៀប ឬអ្នកជឿលើការប្រៀបធៀបថាកម្ពុជា ដូចវេណេហ្សូអេឡា គួរតែពិចារណាពីហេតុផលពិតឱ្យបានច្បាស់លាស់​ មុននឹងធ្វើការប្រៀបធៀប ឬជឿលើការប្រៀបធៀប ដោយខុសពីតថភាពពិតជាក់ស្តែង៕

ដោយ៖ ដំ ដែក

អត្ថបទទាក់ទង