ម្ចាស់ពានរង្វាន់ស្វាយរៀងខាប់លើកទី៤ ឆ្នាំ២០១៨នេះ បានទៅលើក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងស្វាយរៀង
លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៤ ឆ្នាំ២០១៨ និងជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក រវាងក្រុមបាល់ ស.ស.យ.ក ក្រុងស្វាយរៀង និងក្រុមបាល់ទាត់អធិការនគរបាលក្រុងបាវិត នៅកីឡដ្ឋានខេត្តស្វាយរៀង ដែលសហការរៀបចំដោយសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី សិស្សានុសិស្ស និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាច្រើនរូបទៀតសរុបប្រមាណជាង៤០០០នាក់ ។
ក្នុងឳកាសនោះ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន៥លានរៀល សម្រាប់ព្រឹត្តិការណ៍ បាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់លើកទី៤នេះផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៤ ឆ្នាំ២០១៨នេះ ផ្តួចផ្តើមឡើងដោយលោក ឌី វិជ្ជា បានចាប់ផ្ដើមផ្តើមប្រកួតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ និងបញ្ចប់នៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ដែលមាន៥២ក្រុមចូលរួមប្រកួតនាពេលកន្លងមក។ ចំពោះក្រុមបាល់ទាត់ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ សសយក.ក្រុងស្វាយរៀង ទទួលបានមេដាយមាស១ ពានរង្វាន់១ និងថវិកា ៨លានរៀល ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់អធិការនគរបាលក្រុងបាវិត ទទួលបានមេដាយប្រាក់១ និងថវិកា៤លានរៀល និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ សសយក.ស្រុករមាសហែក ទទួលបានមេដាយសំរិទ្ធិ១ និងថវិកា ២លាន៥សែនរៀល និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមបាល់ទាត់សុភក្រម៉ូទ័រអែហ្វស៊ីជីភូ ទទួលបានថវិកាលើកទឹកចិត្តចំនួន១លាន៥សែនរៀល។
ចំណែកជ័យលាភីគ្រូបង្វិកល្អទទួលបានថវិកា ៦សែនរៀល ជ័យលាភីអ្នកចាំទីទទួលបានថវិកា៦សែនរៀល ក្រុមគោរពវិន័យល្អទទួលបានថវិកា ៨សែនរៀល និងក្រុមអាជ្ញាកណ្តាលទទួលបានថវិកា១លានរៀល៕