កម្ពុជាឡើង FIFA Ranking ឈរលើក្រុមសិង្ហបុរី និង ម៉ាឡេស៊ី
ចំណាត់ថ្នាក់ FIFA Ranking របស់កម្ពុជា ហក់ឡើងទៀតហើយក្នុងខែមិថុនាឆ្នាំ២០១៨នេះ ដោយបច្ចុប្បន្នឈរលេខ ១៦៦ លើក្រុមសិង្ហបុរី និងម៉ាឡេស៊ីទៅទៀត។
(ក្រុមជម្រើសជាតិកម្ពុជា)
ក្នុងខែនេះដែរ កម្ពុជាឡើងបាន៤លេខឯណោះ ពោលគឺឈរនៅចំណាត់ថ្នាក់លេខ១៦៦ហើយ ស្របពេលដែលក្រុមខ្លាំងនៅអាស៊ាន សិង្ហបុរីវិញ ស្ថិតនៅក្រោមកម្ពុជា ឈរលេខ១៦៩ និងម៉ាឡេស៊ី ឈរលេខ១៧១ ។ សម្រាប់ក្រុមឡាវ វិញ នៅឆ្ងាយពីកម្ពុជាមែនទែន ដោយឈរនៅចំណាត់ថ្នាក់លេខ១៧៨។
អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមជម្រើសជាតិវៀតណាម ដែលបានដាក់គោលដៅយកចំណាត់ថ្នាក់ FIFA Ranking ឱ្យទាបជាង១០០នោះ ពេលនេះពួកគេឈរនៅលេខ១០២ ពោលគឺខ្វះតែ២លេខទៀតប៉ុណ្ណោះ ដល់គោលដៅហើយ។ ចំពោះការជម្រើសជាតិថៃវិញ នៅចំណាត់ថ្នាក់លេខ១២២។
ផ្អែកតាមស្ថិតិបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៥ ចំណាត់ថ្នាក់កម្ពុជាខែមិថុនា ឆ្នាំ២០១៨នេះបានឡើងដល់លេខរៀងទី១៦៦ដែលស្មើនឹងចំណាត់ថ្នាក់ល្អកាលពីខែវិច្ឆិកា ឆ្នាំ២០១០ ប៉ុន្តែកំណត់ត្រាល្អបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជាគឺកាលពីខែកុម្ភៈ ឆ្នាំ១៩៩៨ ឡើងដល់លេខ១៦២៕
(ស្ថិតិឡើងចុះចំណាត់ថ្នាក់ FIFA Ranking របស់កម្ពុជា)