កម្ពុជានឹងធ្វើជំរឿននៅឆ្នាំក្រោយ ហើយប្រទេសចិននឹងផ្ដល់ជំនួយសរុបជាទឹកប្រាក់ជាង ២,៥លានដុល្លារ
ប្រទេសចិន បានផ្ដល់ជំនួយជាសម្ភារៈបរិក្ខារ ដែលមានតម្លៃសរុប២,៥លានដុល្លារដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការធ្វើជំរឿននៅកម្ពុជា។ ជំរឿននៅកម្ពុជា ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ខែមីនា ឆ្នាំ២០១៩ខាងមុខ។ ពិធីប្រគល់និងទទួលជំនួយនេះ ប្រព្រឹត្តិធ្វើនៅថ្ងៃទី២៦កញ្ញា ដើមសប្ដាហ៍នេះ ក្រោមអធិបតីភាពលោក ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងលោក លី អាន តំណាងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ជំនួយដែលរដ្ឋាភិបាលចិនផ្ដល់ឲ្យកម្ពុជារួមមាន៖ រថយន្ត៥២គ្រឿង, ម៉ូតូ៣០០គ្រឿង, កុំព្យូទ័រលើតុ៤៥០គ្រឿង, កុំព្យូទ័រយួរដៃ៥០គ្រឿង, ម៉ាស៊ីនបោះពុម្ពឯកសារ៣០គ្រឿង, ម៉ាស៊ីនបញ្ចាំង Slide ៣០គឿង, ម៉ាស៊ីនថតចម្លង១០គ្រឿង, Tablet ២០០គ្រឿង, និង Server ៣គ្រឿង។ ជំនួយទាំងអស់នេះ នឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើជំរឿននៅកម្ពុជា ក្នុងខែមីនា ឆ្នាំ២០១៩។
លោក ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ បានគូសបញ្ជាក់ថា ទិន្នន័យស្ថិតិដែលប្រមូលបានតាមការធ្វើជំរឿន មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ ត្រួតពិនិត្យ និងវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក៏ដូចជាការសិក្សាស្រាវជ្រាវនានាទាំងក្នុងក្របខណ្ឌជាតិនិងអន្ដរជាតិ។ ទន្ទឹមគ្នានេះ លទ្ធផលនៃការធ្វើជំរឿន ក៏នឹងក្លាយទៅជាប្រយោជន៍ផងដែរ ដល់លេខាធិការដ្ឋានអាស៊ាន ក្នុងការតាមដានត្រួតពិនិត្យការអភិវឌ្ឍរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន។ នេះបើតាមលោករដ្ឋមន្ដ្រី ឆាយ ថន។
សូមជម្រាបជូនថា ក្រៅពីជំនួយពីរដ្ឋាភិបាលចិន កម្ពុជាក៏បានទទួលជំនួយពីអង្គការ UNFPA ដែរ តែជាជំនួយបច្ចេកទេស។ អង្គការពាក់ព័ន្ធនឹងប្រទេសនានាដែលធ្លាប់ផ្ដល់ជំនួយដល់កម្ពុជាសម្រាប់ការធ្វើជំរឿនកន្លងមក ដូចជាជប៉ុន និងអាឡឺម៉ង់ បានដកខ្លួនចេញ មិនផ្ដល់ជំនួយសម្រាប់ការធ្វើជំរឿនឆ្នាំ២០១៩ទេ។ រដ្ឋមន្ដ្រីក្រសួងផែនការ បានពន្យល់ថា ការសម្រេចមិនបន្តផ្ដល់ជំនួយនៃប្រទេសទាំងនេះ គឺដោយសារតែកម្ពុជាបានក្លាយទៅជាប្រទេសមានចំណូលមធ្យម និងដោយសារការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។
ការធ្វើជំរឿននៅកម្ពុជា នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយរដ្ឋាភិបាលកម្ពុជាជាអ្នករ៉ាប់រងការចំណាយទាំងស្រុងដោយខ្លួនឯង ចំនួន៨លានដុល្លារ និងប្រើប្រាស់មន្ដ្រីជំរឿន៥ម៉ឺននាក់។ បើតាមក្រសួងផែនការ ការធ្វើជំរឿននេះ នឹងមានលក្ខណៈទំនើបជាងការធ្វើជំរឿនកន្លងទៅ ដោយក្រុមការងារនឹងដាក់ប្រព័ន្ធសម្រាប់វាយតម្លៃភាពសុក្រឹត្យនៃការធ្វើជំរឿន ដោយប្រើប្រាស់ប្រព័ន្ធ Tablet PDA និងបច្ចេកទេស NBS៕