ខ្មែរប៉ុស្ដិ៍ Close

គងវង់ ឧបករណ៍​ភ្លេងពិណពាទ្យ​ខ្មែរ ដែលមានដើមកំណើត​តាំង​ពី​សម័យ​មុន​អង្គរមកម៉្លេះ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 158
គងវង់ ឧបករណ៍​ភ្លេងពិណពាទ្យ​ខ្មែរ ដែលមានដើមកំណើត​តាំង​ពី​សម័យ​មុន​អង្គរមកម៉្លេះ គងវង់ ឧបករណ៍​ភ្លេងពិណពាទ្យ​ខ្មែរ ដែលមានដើមកំណើត​តាំង​ពី​សម័យ​មុន​អង្គរមកម៉្លេះ

ឧបករណ៍​ភ្លេងគង​វង់​ មាន​ពីរប្រភេទ គឺ​គង​វង់​តូច និង​គង​វង់​ធំ។ គង​វង់​ទាំង​ពីរ​នេះ​ប្រើ​ប្រាស់​នៅ​ក្នុង​វង់​ភ្លេង​ពិណពាទ្យ​បច្ចុប្បន្ន។ មាន​សណ្ឋាន​រាងរៅ​ដូច​គ្នា មាន​របៀប​​ធ្វើ​ក៏​ដូច​គ្នា មាន​ផ្លែ​សំនៀង​១៦​ផ្លែ​ដូច​គ្នា អន្លូង​សម្រាប់​គោះ​ផ្លែ​សំនៀង​ក៏​ដូច​គ្នា​ដែរ ប៉ុន្តែ​សម្គាល់​ថា ធំ ឬ​តូច​ សំដៅ​ទៅ​លើ​​រង្វង់​គង​ធំ ឬ​តូច និង​សំដៅ​ទៅ​លើ​ផ្លែ​សំនៀង​ធំ ឬ​តូច​ប៉ុណ្ណោះ ​ពិសេស​ទៅ​ទៀត​ គឺ​គង​វង់​តូច​មាន​ដំណើរ​សាច់​បទ​រាយ រាបសា​ដើរ​ផ្លូវ​សាច់​បទ​ធំៗ រី​ឯ​គង​វង់​ធំ​មាន​ដំណើរ​សាច់​បទ​ឃ្លេង​ឃ្លោង​ របៀប​បញ្ជើច ផ្តក់​ពី​មុខ​ពី​ក្រោយ ឬ​ប្រើ​សំនៀង​ត្រួត ធ្វើ​យ៉ាង​ណា​ឱ្យ​សំនៀង​របស់​ខ្លួន​លេច​ធ្លោ​ឡើង​ត្រង់​ចន្លោះ​គេ​ឯង។

គង​វង់​តូច និង​គង​វង់​ធំ គឺ​ជា​គង​វង់​ដែល​មាន​អាយុ​ច្រើន​សតវត្ស​ណាស់​មក​ហើយ ហើយ​មាន​សារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណពាទ្យ​ដែល​ជា​វង់​ភ្លេង​សម្រាប់​ បម្រើ​ឱ្យ​ព្រហ្ម​ញ្ញ​សាសនា​កាលពី​សម័យ​ដើម។ តាម​បន្ទូល​របស់​សម្តេច​​ព្រះ​សង្ឃ​រាជ​​ ជួន ណាត ក្នុង​ឆ្នាំ​១៩៦៥ ថា «គង​វង់​ទាំង​ពីរ​បែប​នេះ​ខ្មែរ​យើង​បំបែក​ចេញ​ពី​គង​ពាក់​កណ្តាល​វង់ មាន​ផ្លែ​សំនៀង​៨​និង​៩ ដំបូង​បំបែក​ចេញ​បាន​គង​វង់​ធំ​មុន​គេ បន្ទាប់​មក​ទើប​បំបែក​ចេញ​ជា​គង​វង់​​តូចទៀត ក្នុង​ចន្លោះ​សតវត្ស​ទី​៩ និង​ទី​១២ រីឯ​គង​ពាក់​កណ្តាល​វង់​ខ្មែរ​មាន​តាំង​ពី​សម័យ​មុន​អង្គរ»។ ប្រភេទ​គង​វង់​នេះ មាន​វង្វង់​ធ្វើ​អំពី​ផ្តៅ​ដំបង​៤​ដើម គឺ​វង់​ខាង​ក្រោម​២​ដើម និង​វង់​ខាង​លើ​២​ដើម។ វង់​លើ​ក្រោម​ភ្ជាប់​គ្នា​ដោយ​ជើង​ទៀន ធ្វើ​អំពី​ឈើ​ជា​ច្រើន​ព័ទ្ធ​ជុំវិញ និង​មាន​ចន្ទល់​ធ្វើ​អំពី​ឫស្សី​សម្រាប់​ទល់​ពី​វង់​ខាង​ក្នុង​ទៅ​វង់​ខាង​ក្រៅ​ទុក​ចន្លោះ​ល្មម​ដែល​អាច​ដាក់​​ផ្លែ​សំនៀង​បាន។ នៅ​ពាក់​កណ្តាល​ជើង​ទៀន​ទាំង​នេះ​មាន​វ័ណ្ឌ​ពីរ​ មួយ​នៅ​ខាង​ក្នុង មួយ​នៅ​ខាងក្រៅ​ព័ទ្ធ​ជុំ​វិញ​ដូច​រង្វង់​គង​ដែរ​សម្រាប់​ចង​ចុង​ខ្សែ​ដែល​ដោត​ផ្លែ​សំនៀង។ នៅ​​ចុង​រង្វង់​គង​សង​ខាង​ផ្នែក​ខាង​លើ​មាន​ខោល​ម្ខាង​មួយ​ធ្វើ​អំពី​ឈើ​ និង​មាន​បញ្ចុះ​ក្បាច់​ផ្សេងៗ​សម្រាប់​ជា​គ្រឿង​លម្អ​មាន​រាង​ដូច​ជា​ក្បាល​នាគ​កំពុង​បើក​ពពារ ។

អន្លូង​មាន​ពីរ មាន​មេលំ​ធ្វើ​អំពី​ស្បែក​ដំរី ឬ​ស្បែក​ក្របី​ក្រាស់ៗ ដង​ធ្វើ​អំពី​ឈើ​ក្រឡឹង​យ៉ាង​មូល​មាន​ប្រវែង​ប្រហែល​២០​ស.ម។ ផ្លែ​សំនៀង​ទាំង​១៦ ធ្វើ​អំពី​លោហធាតុ​ម៉្យាង​ហៅ​ថា លង្ហិន ដោយ​គ្មាន​លាយ​នឹង​លោហ​ធាតុ​ដទៃ​ទៀត​ឡើយ។ នៅ​ចំ​ពី​លើ​ផ្លែ​សំនៀង​​នីមួយៗ មាន​ពក​ខ្ពស់​ឡើង​ចំ​កណ្តាល​ហៅ​ថា ដោះ​គង។ ដោះ​គង​ គឺ​ជា​ចំណុច​សម្រាប់​គោះ ឬ​ដំ​ឱ្យ​មាន​សំនៀង​លាន់​ឮ​ឡើង។ នៅ​ព័ទ្ធ​ជុំ​វិញ​ផ្ទៃ​រាប​ហៅ​ថា ឆត្រ​ សម្រាប់​​ជា​បំពង់​ធ្វើ​ឱ្យ​សំនៀង​ខ្ទ័រ​ឮ​ល្អ ។ នៅ​លើ​ឆត្រ​មាន​ចោះ​រន្ធ​៤ គឺ​ម្ខាង​មាន​រន្ធ​២ ម្ខាង​ទៀត​មាន​រន្ធ​២​ដែរ សម្រាប់​ដោត​ខ្សែ​ចង​ព្យួរ​ផ្លែ​សំនៀង​ទៅ​នឹង​រង្វង់​គង។ នៅ​ខាង​ក្រោម​ដោះ​នីមួយៗ មាន​បិទ​ដុំ​ប្រមរ​សម្រាប់​រឹត​រក​សំនៀង​ត្រូវ៕

ដោយ៖ ឈូកខ្មែរ