លោកជំទាវ តុង ណារី បានអានសុន្ទរកថារបស់លោក ហេង សំរិន ដោយបានគូសបញ្ជាក់ថា ៖ រណសិរ្ស ថ្ងៃ២ធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ។ ថ្ងៃ២ឆ្នូជា ថ្ងៃបង្កើតកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុលពតប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍មាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេស។
លោកជំទាវ បានបន្ថែមថា រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ១៩៧៨ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណៈសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុង ភូមិជើងក្លូ ឃុំ២ធ្នូ ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួលជ័យជំនះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ របស់មាតុភូមិកម្ពុជា។ ប្រជាជនកម្ពុជាសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះថ្ងៃ៧មករានោះទេ យើងក៍គ្មានអ្វីៗដូចថ្ងៃនេះដែរនេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ។
ឯកឧត្តម ម៉ាត់ ម៉ូត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើអោយមានការអភិវឌ្ឍលើគ្រប់វិស័យគួរអោយមោទនៈ។ ភាពអំណោយផលខាងនយោបាយនេះបានរក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចំរើនលើគ្រប់វិស័យ។ ទន្ទឹមនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើ អោយធ្លុងមហាសាមគ្គីជាតិកាន់តែរឹងម៉ាំឡើង ដើម្បីរួមគ្នាដឹកនាំ និងកសាងប្រទេសអោយបាន រីកចំរើនថែមទៀត។
ឯកឧត្តម ម៉ាត់ ម៉ូត បានបន្តថាដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីជន និងរណសិសរ្សអភវឌ្ឍន៍ មាតុភូមិកម្ពុជាតំណាងអោយសមាជិក សមាជិកាអង្គមិទ្ទិញទាំងមូលបានប្តេជ្ញាថា៖ លើកកំពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុងប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជនបំរើប្រជាជនអោយអស់កំលាំងកាយចិត្ត ដើម្បីអនុវត្តអោយបានជោគជ័យនូវទិសដៅរបស់ថ្នាក់លើរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។ ឯកឧត្តមសង្កត់ធ្ងន់ថា ដូច្នេះ យើងត្រូវរួមសាមគ្គីគ្នាដើម្បីពន្យល់ដល់យុវជនជំនាន់ក្រោយអោយយល់ និងចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និង ថៃ្ងជ័យជំនៈ៧មករា ដែលជាកំណើតទី២ របស់យើងទាំងអស់គ្នាបានឃើញពន្លឺថៃ្ងដូចពេលនេះ។ ប្តេជ្ញាគាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ និង ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធចតុកោណដំណាក់កាលទី៣ អោយបានជោគជ័យ កត្តាសំខាន់គឺ កាត់បន្ថយអោយបាននូវភាពក្រីក្ររបស់ប្រជាជនយើង។ គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់តុលាការកំពូល និងសាលដីកាស្ថារពរសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមសមាជិកជាន់ខ្ពស់ ១១៨នាក់ មិនអោយធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ៕