វៀតណាមផ្តល់អំណោយអគារធ្វើការងារដល់អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិកម្ពុជា
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អគ្គលេខាធិការដ្ឋាននៃក្រសួងការពារជាតិ បានប្រារព្ធពិធីផ្ទេរប្រគល់កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារធ្វើការដែលជាអំណោយរបស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សំ វណ្ណថន ឧត្តមក្រុមប្រឹក្សាការពារជាតិជាអគ្គលេខាធិការក្រសួងការពារជាតិ និងលោកវរៈសេនីយ៍ឯក ង្វៀន អាញ់យ៉ុង ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា។
លោកវរៈសេនីយ៍ឯក ង្វៀន អាញ់យ៉ុង បានលើកឡើងថាដោយកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការរពារជាតិនៃប្រទេសទាំងពីរ ក្រសួងការពារជាតិនៃប្រទេសវៀតណាម នឹងបន្តជួយឧបត្ថម្ភដល់ក្រសួងការពារជាតិកម្ពុជា តាមពិធីសារនៃកិច្ចសហប្រតិបត្តិការ ពិសេសអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងអំណរគុណ ដល់ក្រសួងការពារជាតិប្រទេសវៀតណាម ដែលតែងតែជួយឧបត្ថម្ភដល់កងយោធនពលខេមរភូមិន្ទ និងថ្លែងអំណរចំពោះលោក ង្វៀន អាញ់យ៉ុង ដែលតែងតែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អក្នុងនាមមិត្តភក្តិល្អ ពិសេសបានផ្តល់នូវអគារធ្វើការងារដែលដល់អគ្គលេខាធិការដ្ឋាននាពេលនេះ ដែលកំពុងត្រូវការចាំបាច់ និងមានការខ្វះខាតកន្លែងបម្រើការងារ របស់បងប្អូនឱ្យបានសមរម្យ ដែលស្តែងឱ្យឃើញពីរបងប្អូនល្អ មិត្តភាពល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែង៕