ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈកូនខ្មែរ៖ ការបោះឆ្នោត ២៩កក្កដា មានធាតុ ប្រជាធិបតេយ្យ យ៉ាងពេញលេញ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 70
ទស្សនៈកូនខ្មែរ៖ ការបោះឆ្នោត ២៩កក្កដា មានធាតុ ប្រជាធិបតេយ្យ យ៉ាងពេញលេញ! ទស្សនៈកូនខ្មែរ៖ ការបោះឆ្នោត ២៩កក្កដា មានធាតុ ប្រជាធិបតេយ្យ យ៉ាងពេញលេញ!

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ កក្កដា ខាងមុខនេះ ត្រូវបានគេចាត់ទុកជាការបោះឆ្នោតមួយ ដែលមានលក្ខណៈប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមគោលការណ៍ ប្រជាធិបតេយ្យយ៉ាងពិតប្រាកដ និងក្នុងសុខសន្តិភាពយ៉ាងកក់ក្តៅថែមទៀត។

ដើម្បីបញ្ជាក់ពីលក្ខណៈប្រជាធិបតេយ្យ នៃការបោះឆ្នោត គេគួរគប្បីពិនិត្យមើល ធាតុសំខាន់ៗ ដូចតទៅ៖

ទី១៖ មានគណបក្សនយោបាយ២០ កំពុងប្រកួតប្រជែងរកសំឡេងឆ្នោត។ គណបក្សទាំង ២០ កំពុងឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន ក្នុងបរិយាកាសគោរពគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ។ គណបក្សនីមួយៗ មានសេរីភាពពេញទីទាំងក្នុងដំណាក់កាលចុះឈ្មោះ ដំណាក់កាលធ្វើយុទ្ធនាការឃោសនា តាមរូបភាពផ្សេងៗដែលខ្លួនអាចធ្វើបាន ដោយគោរពបានយ៉ាងល្អ តាមគោលការណ៍ច្បាប់។ ចំនួនគណបក្សកើនឡើងយ៉ាងខ្លាំង ធៀបនឹងការបោះឆ្នោតសភានីតិកាលទី៥ ឆ្នាំ២០១៣ ដែលមានគណបក្សតែ៨ ចូលរួម។

ទី២៖ រហូតមកដល់ពេលនេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិប្រមាណជិត ៧០ ០០០ នាក់ហើយដែលត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីពួកគេបានដាក់ពាក្យសុំចូលរួមសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោត ហើយចំនួននេះ អាចនឹងបន្តកើនឡើងថែមទៀត រហូតដល់ថ្ងៃបោះឆ្នោត។ អ្នកសង្កេតការណ៍ ទាំងនោះទៀតសោតក៏ទទួល បានការបណ្តុះបណ្តាលអំពីតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកសង្កេតការណ៍នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។ ចំនួនអ្នកសង្កេតការណ៍ប៉ុណ្ណេះគ្រប់គ្រាន់ពេកណាស់ សម្រាប់ធានាឲ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយតម្លាភាព ក្រោមក្រសែភ្នែករបស់អ្នកសង្កេតការណ៍ ដោយគ្មានខ្វះចន្លោះឡើយ។

ទី៣៖ អ្នកសារព័ត៌មានរាប់ពាន់នាក់ មកពីរាប់រយអង្គភាព បានចុះឈ្មោះជាបន្តបន្ទាប់ ដើម្បីចូលរួមយកព័ត៌មាន ទាំងខ្លឹមសារ និងរូបភាព គ្រប់ទិដ្ឋភាពទាំងអស់ នៃដំណើរការបោះឆ្នោត។ អ្នកសារព័ត៌មានទាំងនោះ មានទាំងមកពីស្ថាប័នជាតិ និងអន្តរជាតិ មានទាំងកាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញ។ ទិដ្ឋភាពនៃការបោះឆ្នោតទាំងមូលនឹងត្រូវតាមដាន ដោយបណ្តាញផ្សាយព័ត៌មាន ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។

ទី៤៖ យុទ្ធនាការឃោសនា រកសំឡេងឆ្នោត បានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងល្អប្រសើរ ដោយគ្មានអំពើហិង្សា ឬភាពមិន ប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ទាល់តែសោះ។ គណបក្សនីមួយៗមានសេរីភាពពេញលេញក្នុងការឃោសនា ទៅតាមគោលបំណង និងមធ្យោបាយ ដែលខ្លួនមានដោយគ្មានការរារាំង ឬឧបសគ្គអ្វីទាំងអស់។ អ្វីជាការកត់សម្គាល់បន្ថែមទៀតគឺ ការឃោសនារក សំឡេងឆ្នោតរបស់គណបក្សនីមួយៗប្រព្រឹត្តទៅដោយគោរពគ្នាទៅវិញទៅមកយ៉ាងល្អ។

ទី៥៖ ចំណែកប្រជាពលរដ្ឋ អ្នកវិនិយោគទុន ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាអ្នកទេសចរជាតិ និងអន្តរជាតិដែរ ក៏មានសកម្មភាពជាធម្មតា ដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់ អំពីការបោះឆ្នោត។ សកម្មភាព សេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មផ្សេងៗ នៅតែរស់រវើកគា្មនការប្រែប្រួល ជ្រួលច្របល់អ្វីទាំងអស់។

ទាំងនេះជាភស្តុតាងបញ្ជាក់ឲ្យឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នេះប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស យ៉ាងពេញលេញ ហើយជាការបោះឆ្នោតមួយ ដែលមានលក្ខណៈល្អប្រសើរជាងការបោះឆ្នោត កាលពីលើក មុនៗថែមទៀតផងពីព្រោះ កាលពីបោះឆ្នោតលើកមុនៗ ប្រជាពលរដ្ឋ អ្នកវិនិយោគ និងអ្នកទេសចរណ៍ មានការ ព្រួយបារម្ភ និងបានកាត់បន្ថយសកម្មភាពមួយចំនួន ក្នុងអំឡុងពេលបោះឆ្នោត ប៉ុន្តែ ការបោះឆ្នោតលើកនេះអ្វីៗប្រព្រឹត្តទៅជាធម្មតា និងរឹតតែសកម្មថែមទៀតផង។ រីឯអំឡុងពេលមុនៗ ការបោះឆ្នោត ជាពិសេសអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក៏មានកើតមាន បញ្ហាប៉ះទង្គិចគ្នាច្រើន គួរឲ្យកត់សម្គាល់។ មានន័យថា ក្រៅពីបំពេញបាននូវលក្ខណ ប្រជាធិបតេយ្យ ការបោះឆ្នោតនៅកម្ពុជាលើកនេះ ក៏បញ្ជាក់ផងដែរពីសុខសន្តិភាពរបស់ ប្រទេសមួយនេះដែលប្រជាធិបតេយ្យកាន់តែចាស់ទុំ និងសន្តិភាពកាន់តែរឹងមាំ។ តើមានការបោះឆ្នោតណាដែល មានលក្ខណៈល្អបែបនេះ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងលោក?

មានតែបរទេសខ្លះ និងខ្មែរ មួយចំនួនដែលចង់បំផ្លាញការបោះឆ្នោត ចង់បំផ្លាញកម្ពុជាទេ ដែលនាំគ្នាបង្កាច់បង្ខូចការបោះឆ្នោតនេះថា គ្មានលក្ខណៈប្រជាធិបតេយ្យនោះ។ ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរដែល ស្រឡាញ់ប្រជាធិបតេយ្យ ដែល ប្រកបដោយនីតិរដ្ឋ និងក្នុងសុខសន្តិភាព សូមរួមគ្នាការពារការបោះឆ្នោតនេះ មិនឲ្យមានការបំផ្លាញណាមួយជាដាច់ខាត ពីព្រោះវាជាការបោះឆ្នោតមួយ ដែលមានធាតុប្រជាធិបតេយ្យយ៉ាងពេញលេញបំផុត៕

ដោយ៖ អ្នកសង្កេតការណ៍ បោះឆ្នោតម្នាក់