ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ផ្តួលរំលំរដ្ឋាភិបាល ដើម្បីដោះបំណុលប្រជាជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 81
លិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ផ្តួលរំលំរដ្ឋាភិបាល ដើម្បីដោះបំណុលប្រជាជន លិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ផ្តួលរំលំរដ្ឋាភិបាល ដើម្បីដោះបំណុលប្រជាជន

នៅលើទំព័រហ្វេសប៊ុករបស់ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គាត់បានថ្លែងក្នុងចរិតញុះញង់ និងវាយប្រហារមកលើរដ្ឋាភិបាលថា ប្រជារាស្ត្រខ្មែរជំពាក់លុយគេវណ្ឌក ដោយសារតែរបប ហ៊ុន សែន ពុករលួយធ្វើឲ្យពួកយើងក្រ។ យើងត្រូវឆារបប ហ៊ុន សែន ចេញ ដើម្បីឆាបំណុលយើងចោល។ នេះគឺជាការថ្លែងដ៏ល្ងង់ខ្លៅបំផុតរបស់ទណ្ឌិតរូបនេះដែលធ្លាប់ជាអ្នកសេដ្ឋកិច្ចមួយរូបដែរគួរគប្បីយល់ដឹងថា ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ការខ្ចីបុល ការផ្តល់ឥណទានជាប្រតិបត្តិការជួញដូរជាទូទៅក្នុងវិស័យឯកជន ឬការរកស៊ីប្រកបមុខរបរផ្សេងៗក្នុងសង្គមទីផ្សារសេរី។ តើមានប្រជាជននៃប្រទេសណាខ្លះដែលមិនជំពាក់បំណុលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន? តើត្រឹមត្រូវឬទេ ព្រោះតែបំណុលត្រូវនាំគ្នាផ្តួលរំលំរដ្ឋាភិបាល ដើម្បីដោះស្រាយបំណុល?

វាជាការគួរឱ្យសោកស្តាយបំផុតដែលទណ្ឌិត សម រង្ស៊ី បានលើកឡើងថា យើងត្រូវឆារបបហ៊ុន សែនចេញ ដើម្បីឆាបំណុលយើងចោល ដែលជាការថ្លែងបោកប្រាស់ដ៏ល្ងង់ខ្លៅបំផុត ក្នុងនាមគាត់ជាអ្នកសេដ្ឋកិច្ចម្នាក់ ក៏ព្រោះតែចង់បានអំណាច អាត្មានិយម គ្មានការទទួលខុសត្រូវជាអ្នកនយោបាយ និយាយគ្មានសុចរិតភាព បង្កើតឱ្យមានជំនឿខុស ជំនឿក្លែងក្លាយ ធ្វើឱ្យមហាជនជឿលើសិល្បៈនៃអណ្តាតរលាស់គ្មានការអៀនខ្មាស់ថា តើប្រជាជននៃប្រទេសណាខ្លះដែលមិនជំពាក់បំណុលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន ដើម្បីបង្កើតមុខរបរ ការពង្រីកមុខរបរ ឬប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួនផ្សេងៗ។

ជាការពិតប្រទេសកម្ពុជាបានអនុវត្តសេដ្ឋកិច្ចទីផ្សារតាំងពីឆ្នាំ១៩៨៩ ហើយក្រោយការបោះឆ្នោតជាតិលើកដំបូងឆ្នាំ១៩៩៣ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមអនុវត្តនូវកម្មវិធីកំណែទម្រង់រដ្ឋ ក្នុងនោះមានកំណែទម្រង់សេដ្ឋកិច្ចដ៏សំខាន់ក្នុងចំណោមវិស័យសំខាន់ៗផ្សេងៗទៀត សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ តាមរយៈការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការបង្កើតការងារធ្វើ ការជំរុញសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យឯកជនហើយដែលវិស័យជនទាំងសុទ្ធសឹងត្រូវការជាចាំបាច់នូវឥណទានពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន។ ក្នុងសេដ្ឋកិច្ចទីផ្សារ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានដើរតួនាទីដ៏សំខាន់ក្នុងប្រតិបត្តិការសាច់ប្រាក់ក្នុងការផ្តល់ប្រាក់កម្ចីដល់រូបវ័ន្តបុគ្គល និងនីតិបុគ្គល(សហគ្រាសធុនតូច និងមធ្យម) ដើម្បីបង្កើតមុខរបរថ្មី ពង្រីកមុខរបរ ឬ ប្រជាជនម្នាក់ៗខ្ចីប្រាក់គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុដើម្បីសង់ផ្ទះ ទិញត្រាក់ទ័រ ម៉ូតូ។ល។ ក៏ដោយសារពួកគេមានជីវភាពល្អប្រសើរ ពួកគេមានការងារធ្វើ ឬមុខរបរផ្សេងៗ។ ការខ្ចីបុលភាគច្រើនបានធ្វើឱ្យពួកគេមានជីវភាពកាន់តែល្អប្រសើរ ហើយមុខរបរពួកគេក៏បានកាន់តែល្អប្រសើរផងដែរ ក្នុងបរិយាកាស ដែលប្រទេសកម្ពុជាមានសុខសន្តិភាព សេដ្ឋកិច្ចបានលូតលាស់រីកចម្រើន។

ជាក់ស្តែងក្នុងរយៈពេលជាទស្សវត្សនេះ រដ្ឋាភិបាលកម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាជាង៧% ក្នុងមួយឆ្នាំ ដែលបានធ្វើឱ្យកម្ពុជាសម្រេចបានឋានៈប្រទេសចំណូលមធ្យមកំរិតទាប ជាមួយនឹងមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកនៅត្រឹមរង្វង់ ១០% និងគម្លាតនៃចំណូលក្នុងចំណោមប្រជាជនឋិតក្នុងកំរិតទាប តាមរយៈការបែងចែកផលនៃកំណើនសេដ្ឋកិច្ចដល់ប្រជាជនគ្រប់ស្រទាប់ ពិសេសតាមរយៈការអនុវត្តគោលនយោបាយតម្លើងប្រាក់បៀរវត្សមន្រ្តីរាជការ និងប្រាក់ឈ្នួលអប្បរមា ព្រមទាំងការគិតគូរពីសុខមាលភាពរបស់កម្មករជាច្រើនវិស័យ។

ជារួមក្នុងសេដ្ឋកិច្ចទីផ្សាសេរី ប្រជាជនត្រូវតែខ្ចីបុល ទោះបីត្រូវខ្ចីពីគ្រឹះស្ថានធានាគារ ឬមីក្រូហិរញ្ញឯកជនក៏ដោយ ក៏នោះសុទ្ធសឹងតែជាសកម្មភាពសេដ្ឋកិច្ច សកម្មភាពក្នុងមុខរបរ សកម្មភាពជួញដូរធម្មតា សំដៅលើកកម្ពស់ជីវភាពរបស់ពួកគេម្នាក់ៗ ឬគ្រួសារឱ្យមានជីវភាពកាន់តែល្អប្រសើរ បើទោះបីមានបំណុលក៏ជីវភាពរបស់គេក៏កាន់តែល្អប្រសើរផងដែរ។ ការលើកបញ្ហាបំណុលទំលាក់មកលើរដ្ឋាភិបាលកម្ពុជា គឺជាអំពើមិនត្រឹមត្រូវដែលរដ្ឋាភិបាលរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងគ្រប់គ្រងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបានរឹងមាំជាមោទនភាពបំផុត សម្រាប់ការអភិវឌ្ឍជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារបានរីកចម្រើន។

ដូច្នេះ ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដើម្បីញុះញង់ និងបំផុសឱ្យប្រជាជនងើបផ្តួលរំលំរដ្ឋាភិបាលដើម្បីដោះបំណុល គឺជាអំពើបោកប្រាស់សុទ្ធសាធ ហើយក៏ជាអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជាទាំងស្រុង ក្នុងការផ្តួលរំលំរដ្ឋាភិបាលក្រៅពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ហើយដែលប្រជាជនដ៏ច្រើនលើសលុបបានចេញទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនដែលមានលោក ហ៊ុន សែនជានាយករដ្ឋមន្រ្តីបន្តដឹកនាំរដ្ឋាភិបាល៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង