ខ្មែរប៉ុស្ដិ៍ Close

ជាង១០ឆ្នាំមកនេះ ក្រុមគ្រូពេទ្យ TYDA បានខិតខំបង្ខិតសេវាព្យាបាលឱ្យមកកៀកនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ និងព្យាបាលដោយមិនយកកម្រៃ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 16

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយជាង១០ឆ្នាំមកនេះ សមាគម បានខិតខំបង្ខិតសេវាព្យាបាលឱ្យមកនៅកៀកនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនិងដោយឥតគិតថ្លៃ ពោរពេញដោយស្នាមញញឹម និងទឹកចិត្តចេញពីក្រអៅបេះដូង។

នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រសរុបចំនួន២.៤៤៣នាក់ ស្មើនឹង៤.៥៥២ករណី ដែលប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់យុវជន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា សមាគម TYDA បានពិនិត្យនិងព្យាបាលជំងឺជាច្រើនដែលមានជាអាទិ៍ដូចជា៖ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូនិងរោគស្រ្តី ជំងឺបេះដូង ជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើស្បែក ជំងឺត្រចៀក ច្រមុះ បំពង់ក ថតកាំរស្មី ពិនិត្យឈាម និងបញ្ជូនអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរចំនួន៨៤នាក់ ទៅព្យាបាលបន្ត។

ក្នុងពេលនោះដែរ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យនិងព្យាបាលសុខភាពទាំងអស់គ្នា បានសម្តែងនូវក្តីសប្បាយរីករាយនិងគោរពថ្លែងអំណរគុណជាអនេកចំពោះលោកជំទាវបណ្ឌិតនិងសម្តេចទាំងបី ក្នុងការផ្តល់ឱកាសដ៏វិសេសវិសាលនេះដល់ពួកគាត់។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះដែរ ក្រៅពីការពិនិត្យនិងព្យាបាលជំងឺ លោកជំទាវបណ្ឌិតក៏បានចែកកាបូបស្ពាយដល់ក្មួយៗសិស្សានុសិស្សប្រមាណជិត៥០០នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់៕