ខ្មែរប៉ុស្ដិ៍ Close

លោក គង់ សភា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើសុំអន្តរាគមន៍លើកលែងទោសដើម្បីមើលថែទាំឪពុកម្តាយចាស់ជរា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 41

លោក គង់ សភា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានទទួលស្គាល់កំហុស និងស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោស ដើម្បីលោកអាចវិលមកប្រទេសកម្ពុជាវិញ និងជួបជុំគ្រួសារ មើលថែទាំឪពុកម្តាយដែលចាស់ជរា។

នៅក្នុងលិខិតស្នើសុំអន្តរាគមន៍លើកលែងទោសដែលធ្វើឡើងពីប្រទេសកាណាដា បានឱ្យដឹងថា លោក គង់ សភា បានបង្ហាញនូវការការសោកស្តាយ ដែលរាល់ទង្វើ និងសកម្មភាពមួយចំនួនកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល ជាពិសេសចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

នៅក្នុងលិខិតដដែលនោះដែរ លោក គង់ សភា សង្ឃឹមជឿជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍អោយបានរួចផុតពីទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា ដោយក្តីមេត្តាបំផុត។

សូមជម្រាបផងដែរថា លោក គង់ សភា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ត្រូវបាន គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ពិន័យជាប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោតចំនួន ២០ឆ្នាំ៕