ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីគោលដៅ៤ចំណុចដើម្បីលើកកម្ពស់គុណភាពអប់រំ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 38

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកកម្ពស់គុណភាពអប់រំផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់តាំងពីមត្តេយ្យដល់ថ្នាក់មធ្យមសិក្សាដែលក្នុងនោះមានគោលដៅ៤ចំណុចរួមមាន៖
ទី១-ការពង្រឹងអភិបាលកិច្ចសាលារៀន
ទី២-ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថរបស់សិស្ស
ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា
ទី៤-ការជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតាអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសនៃក្រសួងអប់រំ យុវជន និងកីឡាដែលបានរៀបចំការឆ្លើយតបភ្លាមៗ និងធ្វើការពិនិត្យឡើងវិញនៃស្តង់ដារសាលារៀនដោយបញ្ជ្រាបចំណុចទំាង៤ខាងលើ និងបានដាក់ឱ្យអនុវត្តន៍ស្តង់ដារគំរូចាប់ពីសាលាមត្តេយ្យរហូតមធ្យមសិក្សា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី« បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ក្រោមប្រធានបទ «ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា» នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ៕