ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសេដ្ឋកិច្ច ប្រកាសលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 33

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្មដែលមានវិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។

យោងតាមប្រកាសចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងប្រការ៣ បានឱ្យដឹងថា ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះ ការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វនិងវារីវប្បកម្ម ការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។ លើសពីនេះ ក៏ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករបន្ថែមផងដែរចំពោះសហគ្រាសដែលជាអ្នកផ្គត់ផ្គង់ខាងលើនេះ ដោយមិនត្រូវគិតអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់របស់ខ្លួនទេ ប៉ុន្តែត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូលដែលទាក់ទិននឹងការផ្គត់ផ្គង់។

ដើម្បីទទួលបានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មនេះដែរ សហគ្រាស ត្រូវស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋពីអគ្គនាយកដ្ឋានពន្ធដារ ភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬសេវាជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ កាន់បញ្ជីគណនេយ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់៕