ខ្មែរប៉ុស្ដិ៍ Close

លោក ហេង សំរិន ទទួលស្វាគមន៍ទស្សនកិច្ចជាផ្លូវការរបស់អនុប្រធានរដ្ឋសភាវៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 92
លោក ហេង សំរិន ទទួលស្វាគមន៍ទស្សនកិច្ចជាផ្លូវការរបស់អនុប្រធានរដ្ឋសភាវៀតណាម លោក ហេង សំរិន ទទួលស្វាគមន៍ទស្សនកិច្ចជាផ្លូវការរបស់អនុប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោកស្រី តុង ធីហ្វុង អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងធ្វើសវនាការនៅវិមានរដ្ឋសភា។

ទស្សនកិច្ចជាផ្លូវការរបស់លោកស្រី អនុប្រធានរដ្ឋសភាវៀតណាម ក៏បានភ្ជាប់មកជាមួយ នូវការផ្តល់កិត្តិយសដល់រដ្ឋសភាកម្ពុជា តាមរយៈការផ្ទេរអាណត្តិជាប្រធានដឹកនាំសភាអាស៊ី-ប៉ាស៊ីហ្វិក (អេភីភីអែហ្វ-APPF) បន្តពីរដ្ឋសភាវៀតណាម ដែលត្រូវចប់អាណត្តិ មកអោយរដ្ឋសភាកម្ពុជាទទួលធ្វើជាប្រធានដឹកនាំសភាអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់កិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលនឹងប្រារព្ធធ្វើនៅខេត្តសៀមរាប ក្នុងខែមករា ឆ្នាំ២០១៩។

លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ជាមួយនឹងមោទកភាពនៃទំនុកចិត្ត ពីសភាប្រទេសជាសមាជិក អេ-ភី-ភី-អែហ្វ រដ្ឋសភាព្រះរាជាណាចក្រកម្ពុជា រីករាយទទួលយកនូវ តួនាទីដ៏មានសារៈសំខាន់នេះ ហើយសន្យាថានឹងខិតខំបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាព អេ-ភី-ភី-អែហ្វ ឲ្យកាន់តែមានភាពប្រសើរឡើង និងកិត្យានុភាពថែមទៀត នៅលើឆាកអន្តរជាតិ ដើម្បីរួមចំណែកដល់ការកសាង ថែរក្សាសុខសន្តិភាព និងស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

លោកប្រធានរដ្ឋសភា បានចាត់ទុកវត្តមានរបស់លោកស្រី តុង ធីហ្វុង និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នៅពេលនេះ បានបន្តរួមចំណែកដ៏ធំធេងដល់កិច្ចខិត ខំប្រឹងប្រែងរួមគ្នា សំដៅលើកកម្ពស់ទំនាក់ទំនង ចំណង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា នៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំខ្លាំងក្លាឡើងថែមទៀត៕

អត្ថបទទាក់ទង