ខ្មែរប៉ុស្ដិ៍ Close

ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ទើបកម្ពុជាមានទីវត្តអារាមក្នុងវិស័យពុទ្ធចក្រ នៅទូទាំងប្រទេសចំនួន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1642
ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ទើបកម្ពុជាមានទីវត្តអារាមក្នុងវិស័យពុទ្ធចក្រ នៅទូទាំងប្រទេសចំនួនប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ទើបកម្ពុជាមានទីវត្តអារាមក្នុងវិស័យពុទ្ធចក្រ នៅទូទាំងប្រទេសចំនួន

មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ បានប្រារព្ធបើកនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលសន្និសីទចតុមុខ ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័ន នៃព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្តសាសនា និងសាសនាដទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សរុបប្រមាណ៨០០អង្គ/នាក់។

លោក ហេង សំរិន បានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌប្រវត្តិសាស្រ្ត គឺពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត ព្រះពុទ្ធសាសនាបានចាក់គ្រឹះយ៉ាងជ្រៅក្នុងសង្គមកម្ពុជា តាំងពីមុន គ.ស មកម្ល៉េះ ហើយសាសនានេះ មានការវិវឌ្ឍន៍របស់ខ្លួន តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ និងមានការរីកចម្រើនយ៉ាងរឹងមាំបំផុត ជាពិសេសព្រះពុទ្ធសាសនាមានឥទ្ធិពលខ្លាំង ទៅលើស្ថាប័នទាំងឡាយនៃសង្គមខ្មែរ។

លោកបានបន្តថា យើងមានការសោកស្តាយជាពន់ពេក គឺក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលទីអារាមនានានៅទូទាំងប្រទេស ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ស្ទើរគ្មានសេសសល់។ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យវិស័យ សាសនាទាំងអស់មិនថា ព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា គ្រឹស្តសាសនា និងសាសនាដទៃទៀត ត្រូវបានបំផ្លិចបំផ្លាញដល់ឫសគល់ ប៉ុន្តែនៅក្រោយថ្ងៃរំដោះ ៧មករា ឆ្នំា១៩៧៩ អ្វីៗត្រូវបានស្ដារឡើងវិញជាបន្តបន្ទាប់ ដោយបច្ចុប្បន្នយើងមានទីវត្តអារាម ក្នុងវិស័យពុទ្ធចក្រ នៅទូទាំងប្រទេសចំនួន ៤៨៧២ វត្ត និងមានព្រះសង្ឃជាង ៦ម៉ឺនអង្គ។ ជាមួយគ្នានេះដែរយើង មានព្រះវិហារឥស្លាម គ្រឹស្តសាសនា និងសាសនាដទៃទៀត ក៏បានកើតឡើងព្រោងព្រាតជាបន្តបន្ទាប់។

តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៧ នាពេលនេះ នឹងប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបូកសរុបសកម្មភាព និងពិនិត្យមើលលទ្ធផលនៃការអនុវត្ត សង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃកាលពីឆ្នាំកន្លងទៅ ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន និងលើកទិសដៅសំរាប់អនុវត្តនាឆ្នាំបន្ត សំដៅពង្រឹងការអនុវត្តរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងរាល់លិខិតបទដ្ឋានគតិយុត្ត ដែលមានស្រាប់ធ្វើអោយវិស័យព្រះពុទ្ធសាសនាមានការរីកចំរើនថ្មីៗបន្ថែមទៀត ៕

អត្ថបទទាក់ទង