ខ្មែរប៉ុស្ដិ៍ Close

អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន១២ប្រទេសបន្តចុះសួរសុខទុក្ខប្រជាជនភៀសសឹកនៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ដោយ៖សូ សែនឬទ្ធា | ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 169
អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន១២ប្រទេសបន្តចុះសួរសុខទុក្ខប្រជាជនភៀសសឹកនៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន១២ប្រទេសបន្តចុះសួរសុខទុក្ខប្រជាជនភៀសសឹកនៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាបន្ទាប់ពីធ្វើដំណើរទៅកាន់ភូមិសាស្រ្តភូមិព្រៃចាន់ និងតំបន់ច្រកបឹងត្រកួនរួចមកនៅថ្ងៃពុធទី៤ ខែមីនា ឆ្នាំ២០២៦ដដែល វេលាម៉ោង ១៤:៤១នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាទាំង១២ប្រទេស ចុះសួរសុខទុក្ខប្រជាជនភៀសសឹកកម្ពុជាដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួនសរុប ១៦៣២គ្រួសារ ស្មើនឹង ៥០០០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូរកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។
 
អ្នកនាំពាក្យក្រសួងការពារជាតិសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
 
សូមគូសបញ្ជាក់ផងដែរថា ក្រោយការចុះទៅកាន់ទីតាំងមួយចំនួនរួចមក គណៈប្រតិភូអនុព័ន្ធយោធាបរទេស ក៏បានសម្តែងក្តីសង្ឃឹមថា សន្តិភាព ស្ថិរភាពនិងប្រក្រតីភាពរវាងកម្ពុជានិងថៃនឹងត្រូវបានស្តារពេញលេញក្នុងពេលឆាប់ៗនេះដែលបង្កលក្ខណៈឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងចាប់ផ្តើមជីវភាពធម្មតាឡើងវិញបាន៕

អត្ថបទទាក់ទង