លោក ហេង សំរិន សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីសហភាពអឺរ៉ុប បន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា
លោក ហេង សំរិន ប្រធានរដ្ឋសភា បានបង្ហាញក្តីសង្ឃឹមថា លោកស្រី ខាម៉ិន ម៉ូរ៉េណូ (Carmen Moreno) នឹងបន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា។ ការលើកឡើងនេះ បានធ្វើឡើង ក្នុងពេលលោកអនុញ្ញាតឱ្យ លោកស្រី ខាម៉ិន ម៉ូរ៉េណូ ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ។
ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មការទូតរបស់លោកស្រី។ លោកមានក្តីសង្ឃឹមថា បេសកកម្មការទូតថ្មីរបស់ លោកស្រី ខាម៉ិន ម៉ូរ៉េណូ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លំាងណាស់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់តែរឹងមំា និងរីកចម្រើនថែមទៀត។
លោកប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា-សហភាពអឺរ៉ុប មានកាតព្វកិច្ចដ៏សំខាន់ក្នុងការរួមគ្នាកសាងនូវភាពសុខដុមរមនា និងភាពសំបូររុងរឿង ដល់ប្រជាជនទាំងសងខាង មិនតែប៉ុណ្ណោះមិត្តភាពនេះ ជាកំលាំងចលកររួមចំណែក ដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និង សកលលោកផងដែរ។ ជាមួយគ្នានេះ លោក ហេង សំរិន បានកោតសរសើរអតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបមុនៗ ដែលបានបំពេញតួនាទី ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដ៏សកម្មជាមួយកម្ពុជា។
លោកស្រី ខាម៉ិន ម៉ូរ៉េណូ បានជម្រាបលោកប្រធានរដ្ឋសភាថា ក្នុងរយៈពេលប្រមាណជា ២៥ឆ្នាំកន្លងមកនេះ សហភាពអឺរ៉ុបបានក្លាយជាដៃគូសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យ ហើយបេសកកម្មនេះ សហភាពអឺរ៉ុប នៅតែមានឆន្ទៈអនុវត្តបន្តទៅមុខទៀត ដើម្បីគំាទ្រដល់ការរីកចម្រើនរបស់កម្ពុជា។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងបន្តថា ជំនួយគំាទ្ររបស់សហភាពអឺរ៉ុបមកកម្ពុជា នាពេលកន្លងមក មានទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ លោកស្រី ខាម៉ិន ម៉ូរ៉េណូ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភា ដែលជាស្ថាប័នកំពូល មានតួនាទីសំខាន់នៅក្នុងការចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិ។
ក្នុងនាមរដ្ឋសភា លោក ហេង សំរិន បានគាំទ្រ និងបេ្តជ្ញាក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យបេសកកម្មការទូតរបស់លោកស្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ។ លោកសង្ឃឹមថា លោកស្រីឯកអគ្គរដ្ឋទូត នឹងបានស្វែងយល់ពីស្ថានភាព ពិតនៅកម្ពុជា ពិសេសគឺ ការរក្សាបាននូវស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល នាំមកនូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ដែលផ្ទុយពីការបំពងសម្លេងពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយនោះ ៕