ខ្មែរប៉ុស្ដិ៍ Close

    លោក ហ៊ុន ម៉ាណែត សម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺន និងខួបបញ្ជាការដ្ឋានអង្គរក្ស ១០ឆ្នាំ ឈានចូលឆ្នាំទី១១

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1665
    លោក ហ៊ុន ម៉ាណែត សម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺន និងខួបបញ្ជាការដ្ឋានអង្គរក្ស ១០ឆ្នាំ ឈានចូលឆ្នាំទី១១លោក ហ៊ុន ម៉ាណែត សម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺន និងខួបបញ្ជាការដ្ឋានអង្គរក្ស ១០ឆ្នាំ ឈានចូលឆ្នាំទី១១

    បញ្ជាការដ្ឋានអង្គរក្ស នៃខ.ភ.ម បានប្រារព្ធពិធីសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ និងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ឆ្នាំទី១០ ឈានចូលឆ្នាំទី១១ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ។ ពិធីនេះបានធ្វើឡើងស្ថិតក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃខ.ភ.ម និងជាមេបញ្ជាការ កងទ័ពជើងគោក តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃខ.ភ.ម និង នាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ នាយទាហាន ពលទាហាន តំណាងក្រសួង ស្ថាប័ន តំណាងកងឯកភាពនានា និងសេនានុព័ន្ធតំណាងស្ថានទូតប្រចាំកម្ពុជាជាច្រើនរូបទៀត។

    លោក ណុប រ័ត្ននិមុល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានរាយការណ៍ថា បញ្ជាការដ្ឋានអង្គរក្ស បានផ្តើមចេញពីវរសេនាតូចលេខ២,៤៦ អតីតយោធាក្រុងភ្នំពេញ។ ដោយមានការជឿទុកចិត្តពីអគ្គសេនាធិការ ក្រសួងការពារប្រទេស បានចាត់តាំងកម្លាំង១២នាក់ ដឹកនាំដោយ លោក ហ៊ីង ប៊ុនហៀង មកការពារសន្តិសុខផ្ទាល់ជូនលោកនាយករដ្ឋមន្រ្ដី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩៣។ បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពមួយក្នុងកងយោធពលខេមរភូមិន្ទ មានសហការយ៉ាងរឹងមាំពីស្ថាប័នជាតិ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី សម្រេចបានជោគជ័យលើកិច្ចការការពារសន្តិសុខ ធានាសុវត្ថិភាព ស្ថេរភាពថ្នាក់ដឹកនាំជាតិ កិច្ចប្រជុំកំពូលរបស់ជាតិ ភ្ញៀវជាតិ និងអន្តរជាតិ។ ក្រៅពីនេះបានយកចិត្តទុកដាក់ ជួសជុលថែទាំកែសម្រួល ដើម្បីធានាអោយមានការស្នាក់នៅជីវភាពប្រចាំថ្ងៃបានសមរម្យ ជាទីតាំងកងយោធពលខេមរភូមិន្ទ ក្នុងនោះបានសាងសង់ទីតាំងថ្មីចំនួន០២កន្លែង គឺមជ្ឈមណ្ឌលហ្វឹកហ្វឺននៅជិតភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លើផ្ទៃដីចំនួន៥៣៩ហិចតា អាចហ្វឹកហ្វឺនបាននូវប្រភេទរថក្រោះ រថពាសដែក យន្តហោះ ហ្វឹកហ្វឺនបាញ់គ្រាប់ពិត ដែលជាទីតាំងថ្មីមួយ និងបានប្តូរពីមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាព កម្ពុជា-ឥណ្ឌូណេស៊ី ក្រាំងចេក ហើយសម្ពោធដាក់អោយប្រើប្រាស់ក្នុងថ្ងៃនេះ បានកសាងមានអគារស្នាក់នៅចំនួន១៥អគារ, ការយល័យចំនួន០៥អគារ, អគារសាលប្រជុំចំនួន០២អគារ, រោងបាយចំនួន០៤អគារ, រោងរថយន្ត០១អគារ, ឃ្លាំងចំនួន០៣អគារ, បន្ទប់ទឹក, អណ្តូងទឹក, ស្ថានីយ៍ប្រេងឥន្ទនៈ, បង្គោលភ្លើង, ក្លោងទ្វា, ស្រះទឹក, ផ្លូវក្នុងសាលាក្រាលថ្មប្រវែង៧.៨គីឡូម៉ែត្រ, កសាងឧបសគ្គសម្រាប់ហ្វឹកហ្វឺន និងថោវើចំនួន០២ ដោយចំណាយថវិកាសរុបជាង ៥លានដុល្លាសហរដ្ឋអាមេរិក។ កសាងស្នាក់ការសន្តិសុខ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានអគារទីបញ្ហាការ, អគារទ័ពស្នាក់នៅ, អគាររោងបាយ, រោងឡាន និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើង ដោយបានចំណាយអស់ថវិកាចំនួន ជាង៣លានដុល្លាសហរដ្ឋអាមេវិក ព្រមទាំងកំពុងដំណើរការសាងសង់ជាបន្តបន្ទាប់ រហូតជូនចប់ជាស្ថាពរ។

    លោក ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋាអង្គរក្ស ដែលដឹកនាំបញ្ជា និងការគ្រប់គ្រងអង្គភាព ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ដែលបានធ្វើឲ្យអង្គភាព១នេះ ក្លាយជាអង្គភាពគំរូមានវិន័យថ្លៃថ្លូរ និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ។ ក្រៅពីភារកិច្ចស្នូលធានាសុវត្ថិភាពសន្តិសុខជូនលោកនាយករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការពារថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងពិធីបុណ្យជាតិ ក៏ដូចជាការរៀបចំព្រឹត្តិការណ៍សំខាន់ៗហើយនោះ បញ្ជាការដ្ឋាអង្គរក្ស ក៏សម្រេចបាននូវការងារនៅមូលដ្ឋានយ៉ាងផុសផុលជាមួយប្រជាពលរដ្ឋនៅក្នុងទីតាំងឈរជើងរបស់អង្គភាព ការងារសង្គម សាសនា ការងារសាងសង់ ការងារបណ្តុះបណ្តាលធនធានមនុស្សគ្រប់ជំនាញ ធ្វើឲ្យអង្គភាពរឹងមាំពី១ឆ្នាំទៅ១ឆ្នាំ ជាកងឯកភាពគំរូ និងក្លាយជាអង្គភាពពហុជំនាញប្រកបដោយភាពជឿជាក់។

    លោកបានបញ្ជាក់ថា ការងារហ្វឹកហ្វឺនជាវិធីសាស្ត្រតែ១គត់ ដែលអាចធានាបាននូវនិរន្តរភាព នៃសមត្ថភាពរបស់កងទ័ពពី១ជំនាន់ទៅ១ជំនាន់ ធានានូវប្រសិទ្ធិភាព និងបង្កើននូវសមត្ថភាពក្នុងកិច្ចការការពារជាតិ របស់កងកម្លាំងប្រដាប់អាវុធរបស់យើង។ លោក បានគូសបញ្ជាក់ថា គោលបំណងធំរបស់យើង គឺការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ដើម្បីកូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត តាមរយៈភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បាននាំអំណោយដ៏ថ្លៃថ្លារបស់ លោកនាយករដ្ឋមន្រ្ដី និងលោកស្រី ឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ១០តោន, មី៥០កេស, ត្រីខកំប៉ុង៥០កេស, ទឹកដោះគោ៥០កេស និងថវិកាចំនួន ៥០ម៉ឺនរៀល ៕

     

    អត្ថបទទាក់ទង