ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ តួនាទីរបស់ Facebook នៅក្នុងនយោបាយរបស់កម្ពុជា!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 66
លិខិតមិត្តអ្នកអាន៖ តួនាទីរបស់ Facebook នៅក្នុងនយោបាយរបស់កម្ពុជា! លិខិតមិត្តអ្នកអាន៖ តួនាទីរបស់ Facebook នៅក្នុងនយោបាយរបស់កម្ពុជា!

ប្រជាជនកម្ពុជាភាគច្រើនចាប់ផ្តើមស្គាល់ Facebook នៅចុងទសវត្សរ៍ឆ្នាំ ២០០០។ កាលនោះ យើងប្រើ Facebook ដើម្បីតែភ្ជាប់ទំនាក់ទំនងជាមួយញាតិមិត្តប៉ុណ្ណោះ។ ទាល់តែដល់ការបោះឆ្នោតឆ្នាំ ២០១៣ ទើបយើងចាប់ផ្តើមមើលឃើញ Facebook ត្រូវ បានគេប្រើក្នុងទិដ្ឋភាពនយោបាយ ។ វាមិនហួសហេតុទេក្នុងការនិយាយថា Facebook គឺជាឧបករណ៍នយោបាយដ៏សំខាន់ក្នុងការជំរុញឱ្យគណបក្សប្រឆាំងទទួលបាន ជោគជ័យមិនធ្លាប់មាន ដោយទទួលបានអាសនៈរហូតដល់ ៥៥ នៅក្នុងការបោះឆ្នោត ឆ្នាំ ២០១៣។ គណបក្សប្រឆាំងក៏បានប្រើប្រាស់ Facebook ដើម្បីកៀរគរប្រជាជនឱ្យចូលរួមក្នុងការតវ៉ាដ៏ធំដែលមិនធ្លាប់មានពីមុនមកដែរ នៅក្នុងខែធ្នូ ឆ្នាំ២០១៣។ ការតវ៉ានេះបានប្តូរទៅជាហិង្សានៅក្នុងខែមករា ឆ្នាំ២០១៤ នៅពេលដែលបាតុករបានចាប់ផ្តើម សកម្មភាពបំផ្លិចបំផ្លាញ ដែលទង្វើនេះ ក្រោយមកត្រូវបានបង្រ្កាបដោយអាជ្ញាធរ ។

សម្រាប់បក្សប្រឆាំងព្រឹត្តិការណ៍ទាំងប៉ុន្មាននេះ ប៊ិះនឹងនាំឱ្យពួកគេផ្តួលរំលំរាជរដ្ឋាភិបាល ហើយឡើងកាន់អំណាច។ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចវិញ ព្រឹត្តិការណ៍ទាំងនេះប៊ិះនឹងធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមស៊ីវិល។ ពេលនោះហើយដែលគណបក្សប្រជាជនកម្ពុជាបានភ្ញាក់ខ្លួន និងចាប់ផ្តើមស្គាល់ពីគ្រោះថ្នាក់នៃ បដិវត្តន៍ពណ៌ ដែលពាក្យនេះនៅកម្ពុជាមិនទាន់ធ្លាប់ឭពីមុនមកទេ។

យើងក៏អាចមើលឃើញនូវព្រឹត្តិការណ៍នយោបាយស្រដៀងគ្នានេះ កើតឡើងនៅលើ ពិភពលោក ក្នុងអំឡុងឆ្នាំ២០១១-២០១២ នៅពេលដែលបដិវត្តន៍ពណ៌បានផ្ទុះឡើងនៅពិភពអារ៉ាប់ ដែលគេហៅឈ្មោះ ថា “រដូវផ្ការីកក្នុងពិភព អារ៉ាប់”។ តួយ៉ាងដូចជានៅប្រទេសទុយនេស៊ី (បដិវត្តផ្កាម្លិះ) នៅអេហ្ស៊ីប លីប៊ី ស៊ីរី និងយេម៉ែនជាដើម ។ មាន ឯកសារស្រាវជ្រាវដែលបង្ហាញពីតួនាទីដ៏សំខាន់របស់ Facebook ក្នុងការជំរុញបដិវត្តន៍ ពណ៌ទាំងនេះ។

យើងដឹងហើយថា លទ្ធផលនៃបដិវត្តន៍ពណ៌ ឬ “រដូវផ្ការីកក្នុងពិភពអារ៉ាប់” គឺគ្មានអ្វីក្រៅពីសោកនាដកម្ម និងវិបត្តិគ្មានទីបញ្ចប់នោះឡើយ ។ ដំបូងគេចាប់ផ្ដើមឡើងជាបាតុកម្ម អហិង្សា ដែលតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ ក្រោយមក វាតែងតែបានប្រែក្លាយ ទៅជាហិង្សាជានិច្ច ហើយព្រឹត្តិការណ៍ទាំងនោះបានរុញច្រានប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិល ដូចជានៅលីប៊ី ស៊ីរី និង យេម៉ែន ជាដើម ដែលបានសម្លាប់ជីវិតប្រជាជន រាប់លាននាក់ និងធ្វើឱ្យប្រជាជនរាប់លាននាក់បាត់បង់ទីជម្រក ហើយក្លាយជាជនភៀសខ្លួន ទាំងក្នុងនិងក្រៅប្រទេស ។ ប្រទេស ទុយនីស៊ីវិញ បានបាត់បង់ស្ថិរភាពទាំងស្រុង ។ ទុយនីស៊ីមានរដ្ឋាភិបាលរហូតដល់ទៅ ១២ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ អ្នកខ្លះបានចោទសួរថា បន្ទាប់ពីរយៈពេល ១០ ឆ្នាំចាប់តាំងពី “រដូវផ្ការីកក្នុងពិភពអារ៉ាប់” ហេតុអ្វីបានជាប្រទេសដែលតស៊ូដើម្បីសេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ បែរជានៅកាន់តែឆ្ងាយពីប្រជាធិបតេយ្យទៅវិញ?

អំពើហឹង្សានៅកម្ពុជា នៅក្នុងឆ្នាំ ២០១៣-២០១៤ បានផ្តល់មេរៀនដ៏ធំដល់គណបក្សប្រជាជនកម្ពុជាទាក់ទងនឹងយុទ្ធសាស្ត្រទំនាក់ទំនងនយោបាយ ។ គណបក្សប្រជាជនកម្ពុជាបានភ្ញាក់ខ្លួនថា ខ្លួនបានទុកលំហ Facebook ឱ្យបក្សប្រឆាំងគ្រប់គ្រងផ្តាច់មុខ ហើយមិន អើពើនឹងលំហនេះយូរពេក ។ គណបក្សប្រជាជនកម្ពុជាជាអ្នកប្រើប្រាស់ Facebook ក្រោយបក្សប្រឆាំង។ ទាល់តែនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៥ ទើបសម្តេចតេជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបើកទំព័រ Facebook ជាផ្លូវការរបស់លោក ។

សមរភូមិ Facebook បានកើនកម្តៅនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ហើយ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានបង្កើនភាពសកម្មរបស់ខ្លួននៅលើវេទិកា Facebook ដើម្បីបង្កើនតុល្យភាពសំឡេងនៅលើ Facebook ។ ពេលនោះ យើងអាចនិយាយបានថា បក្សប្រឆាំងលែងមានភាពផ្តាច់មុខនៅលើ Facebook ទៀតហើយ ។ ជាទូទៅ អ្នកដែលចេះ អានភាសាខ្មែរសុទ្ធតែអាចដឹងបាន ថា សមរភូមិនយោបាយតាម Facebook នៅកម្ពុជា គឺមានភាពក្តៅគគុក ។ ដោយសារថា ប្រព័ន្ធផ្សព្វផ្សាយបរទេសតែងតែមាន ការយល់ច្រឡំថា ប្រទេសកម្ពុជាជាប្រទេសប្រើប្រាស់អំណាច ដូច្នេះ ពួកគេមិនសូវបាន អើពើមកពិនិត្យពិច័យលើភាសា ដែលបក្សប្រឆាំងបាននិងកំពុងប្រើប្រាស់នៅក្នុងការ ផ្សព្វផ្សាយសារនយោបាយរបស់ពួកគេនោះទេ។ តាមពិត សាររបស់បក្សប្រឆាំងមាន លក្ខណៈហិង្សា និងរើសអើងពូជសាសន៍។ សាររបស់ពួកគេច្រើនតែសរសេរជាភាសាខ្មែរ ដើម្បីលាក់បាំងពីក្រសែភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេស។

តាមពិត គណបក្សប្រឆាំងបានប្រកាន់យកវប្បធម៌នយោបាយបែបនេះ តាំងពីការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ ១៩៩៣ ម្ល៉េះ។ ពួកគេខិតខំបំផ្លាញទំនុកចិត្តរបស់ប្រជាជនចំពោះរាជរដ្ឋាភិបាលដោយប្រើប្រាស់គ្រប់មធ្យោបាយ ដូចជាការជំរុញការបែងចែកវណ្ណៈ ការជំរុញឱ្យប្រជាពលរដ្ឋមិនស្តាប់បង្គាប់អាជ្ញាធរ ការជំរុញការបះបោរដោយកងកម្លាំងប្រដាប់អាវុធ និងការញុះញង់ឱ្យស្អប់វៀតណាម និងស្អប់ចិន ជាដើម ។ ពួកគេមិនខ្វល់ថា ត្រូវប្រើមធ្យោបាយបែបណានោះទេ ឱ្យតែអាចជំរុញឱ្យពលរដ្ឋបាត់ទំនុកចិត្តពីរាជរដ្ឋាភិបាល ជាក់ស្តែង ពួកគេបានប្រើប្រាស់ និងចែកចាយផែនទីព្រំដែនក្លែងក្លាយ ហើយចោទថា រាជរដ្ឋាភិបាលបានប្រគល់ទឹកដីទៅឱ្យវៀតណាម។ ប៉ុន្តែ តាមរយៈការផ្ទៀងផ្ទាត់ផែនទីដែលផ្តល់ដោយអង្គការសហប្រជាជាតិនៅក្នុងខែសីហា ឆ្នាំ២០១៥ និងដោយប្រទេសបារាំង នៅខែកញ្ញា ឆ្នាំ២០១៥ សាធារណជនជាតិ និងអន្តរជាតិ បានដឹងយ៉ាងច្បាស់ថា ផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់ ជាផែនទីត្រឹមត្រូវពិតប្រាកដឥតក្លែងក្លាយ ។

វាត្រូវការរយៈពេលដល់ទៅ ២៤ឆ្នាំ ទម្រាំតែ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាព្រមទទួលស្គាល់កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ថា គណបក្សប្រឆាំងក៏បាននិងកំពុងប្រើភាសាញុះញង់ឱ្យមានការស្អប់ខ្ពើម និងបញ្ឆេះកំហឹងដែរ ។ នៅ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នករាយការណ៍ពិសេសពេលនោះគឺលោកស្រី Rhona Smith បានសរសេរដោយប្រើភាសាប្រយោល និងស្រាល ថា “គណបក្សដទៃផ្សេង ទៀតក៏បានប្រើប្រាស់វោហាសាស្ត្រដែលញុះញង់ឱ្យមានការស្អប់ខ្ពើមដែរ” ។

ពេលវេលាដែល Facebook បានក្លាយជាភាគីពាក់ព័ន្ធផ្ទាល់ក្នុងនយោបាយកម្ពុជានៅឆ្នាំ ២០២៣ នៅពេលដែលការបោះឆ្នោតជាតិខិតជិតមកដល់ Facebook បានផ្លាស់ ប្តូររបត់មួយដ៏សំខាន់នៅក្នុងនយោបាយកម្ពុជា នោះគឺការណ៍ដែល Facebook បានផ្លាស់ប្តូរតួនាទីរបស់ខ្លួនពីអ្នកដែលផ្តល់វេទិកាថ្លែងសារ នយោបាយ ទៅជាតួនាទីដែលស្រដៀងនឹងនិយតករលើនយោបាយរបស់កម្ពុជាទៅវិញ ។ នេះបានន័យថា Facebook បានប្រែខ្លួនទៅជាភាគីពាក់ព័ន្ធផ្ទាល់នៅក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា។

កាលពីចុងខែមិថុនា ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ Facebook បានផ្តល់ អនុសាសន៍ឱ្យ Facebook ព្យួរ គណនីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយចោទថា បានប្រើប្រាស់ភាសាហិង្សា។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានលុបគណនី Facebook របស់លោក ដែលមានអ្នក Follow ជាង ១៤លាននាក់ ហើយរាជ រដ្ឋាភិបាលបានបណ្តេញតំណាង Facebook ចេញពីកម្ពុជា និងបានផ្តាច់រាល់ទំនាក់ទំនង របស់រាជរដ្ឋាភិបាល ជាមួយ Facebook។

រាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ថា បានរកឃើញភាពមិនប្រក្រតីនៅក្នុងសេវាកម្មរបស់ Facebook សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជាការបង្កើតគណនីក្លែងក្លាយ ហានិភ័យនៃទិន្នន័យឯកជន ការប្រើប្រាស់ និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និងការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ សមាជិកនៃក្រុមប្រឹក្សាភិបាលត្រួតពិនិត្យត្រូវបានប្រកាសថា ជាបុគ្គលដែលកម្ពុជាលែងស្វាគមន៍ និងគ្មានសិទ្ធិចូលក្នុងប្រទេសកម្ពុជា ។

នៅពេលដែលបុគ្គលឯកជនមួយក្តាប់តូចដែលគ្មានទទួលសំឡេងឆ្នោតពីប្រជាជនកម្ពុជាសោះ ហើយសាធារណជនកម្ពុជាក៏គ្មាននរណាស្គាល់ពួកសោះ ប៉ុន្តែ បែរជាពួកគេ មានសិទ្ធិដាក់បម្រាមទៅលើភាសារបស់នាយករដ្ឋមន្ត្រី នៅក្នុងការថ្លែងសារទាក់ទងនឹង នយោបាយផ្ទៃក្នុងកម្ពុជាទៅវិញ ។ ទង្វើបែបនេះ គឺជាការជ្រៀតជ្រែកដោយផ្ទាល់ពីក្រុមហ៊ុនឯកជនរបស់បរទេស នៅក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយយ៉ាងច្បាស់ក្រឡែត ។ នេះបានន័យថា ក្រុមហ៊ុន Facebook បានឆ្លងកាត់បន្ទាត់ក្រហមហើយ ហើយមេដឹកនាំកម្ពុជាក៏លែងមានទំនុកចិត្តទៅលើ Facebook ទៀតហើយ ។

បើយើងមើលពីទស្សនៈរបស់ Facebook ក្រុមហ៊ុននេះប្រហែលជាគ្មានសមត្ថភាព អាចធ្វើអ្វីបានឡើយ ដើម្បីកែលំអការគ្រប់គ្រងរបស់ខ្លួន ព្រោះថា ពួកគេពិតជាមិនអាចគ្រប់គ្រងនូវសារដែលមានចេតនាអាក្រក់ដ៏ច្រើនមហិមាដែលបង្ហោះនៅលើវេទិកា Facebook បានឡើយ ជាពិសេសនៅពេលដែល Facebook អនុញ្ញាតឱ្យមានគណនី ក្លែងក្លាយ។ “ការចូលចិត្ត” (likes) និង “ការចែករំលែក” (shares) គឺជាដែកឆក់ស្រូបទាញកម្លាំងចិត្តរបស់អ្នកប្រើប្រាស់ Facebook។ ដូចគ្នាដែរ អ្នកថ្លែងសារនយោបាយ សុទ្ធតែចង់បាន likes និង shares ដែលជាយន្តការមួយដែលងាយនឹងជំរុញឱ្យមានលទ្ធិជ្រុលនិយម និងនយោបាយប្រជាភិថុត។

បើយើងមើលពីទស្សនៈរបស់រាជរដ្ឋាភិបាលដែលជាអ្នកគ្រប់គ្រងប្រទេសវិញ វាគឺជាបញ្ហាធំខ្លាំងណាស់ នៅពេលដែលអាជ្ញាធរមិនអាចអនុវត្តច្បាប់ចំពោះអ្នកដែលប្រមាថព្រះមហាក្សត្រ បញ្ចេញមតិបង្កាច់បង្ខូចកិត្តិយសរបស់បុគ្គលសាធារណៈ ឬចែកចាយ ផែនទីព្រំដែនក្លែងក្លាយ ដើម្បីចោទប្រកាន់រាជរដ្ឋាភិបាលថាបានប្រគល់ទឹកដីឱ្យប្រទេសជិតខាង។

ជាការពិត ប្រទេសកម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលរដ្ឋាភិបាលមានការពិបាកក្នុងការស្វែងរកតុល្យភាពនៃជម្រើសរវាងការលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមដែលកំពុងរីកដុះដាល និងការការពារនីតិរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈនោះទេ។ នៅប្រទេសបារាំង Facebook ត្រូវបានចាត់ទុកថាជាឧបករណ៍គាំទ្រដ៏សំខាន់ សម្រាប់បាតុកម្មហឹង្សាដែលបង្កឡើងដោយ “បាតុករអាវលឿង” (gilet jaunes) នៅ ក្នុងឆ្នាំ២០១៨ ។ ហើយថ្មីៗនេះ ប្រធានាធិបតីបារាំង Emmanuel Macron ក៏បានស្តីបន្ទោសបណ្តាញសង្គមចំពោះការបញ្ឆេះអំពើហិង្សាចលាចលដែលកំពុងកើតឡើងនៅក្នុងប្រទេសបារាំងដែរ ។

យ៉ាងណាក្តី យើងក៏ប្រហែលជាពិបាកនឹងបន្ទោស Facebook និងបណ្តាញផ្សព្វផ្សាយ សង្គមផ្សេងទៀតដែរ ព្រោះពួកគេមិនមានការទទួលខុសត្រូវអ្វីចំពោះសន្តិសុខជាតិ និង សណ្ដាប់ធ្នាប់សាធារណៈនោះទេ ។ នៅពេលដែល Facebook មិនអាចជួយរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់បាន រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការស្វែងរកមធ្យោបាយផ្សេងដោយខ្លួនឯង ដើម្បីគ្រប់គ្រងស្ថានការណ៍នោះឡើយ ព្រោះថា រដ្ឋាភិបាលគឺជាអ្នកដែលទទួលសំឡេងឆ្នោតពីប្រជាពលរដ្ឋ ដូច្នេះ រដ្ឋាភិបាលមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងការការពារសន្តិភាព នីតិរដ្ឋ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

សួរថា តើអាជ្ញាធរមានអត្ថន័យអ្វីទៅប្រសិនបើអាជ្ញាធរមិនអាចអនុវត្តច្បាប់បាននោះ ? សំណួរនេះគឺចាក់ដោតដល់ឫសគល់ និងតួនាទីស្នូលរបស់តួអង្គរដ្ឋតែម្តង ។ បើសិនជានិន្នាការបែបនេះនៅតែបន្ត រាជរដ្ឋាភិបាលកម្ពុជាមានតែត្រូវពិចារណាឡើងវិញអំពីការប្រើប្រាស់ Facebook ជាមធ្យោបាយទាក់ទងនយោបាយ។ រាជរដ្ឋាភិបាលប្រហែលជា គ្មានជម្រើសអ្វីក្រៅពីការស្វែងរកវិធីសាស្ត្រល្អប្រសើរជាងមុន រឹងមាំជាងមុន ដើម្បីគ្រប់ គ្រងបណ្តាញផ្សព្វផ្សាយសង្គមនោះទេ ព្រោះថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការការពារ នីតិរដ្ឋ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)