ថ្មីៗនេះត្រូវបានគេរកឃើញចន្លោះប្រហោងរបស់ Facebook មួយទៀត
រឿងអាស្រូវរបស់ Cambridge Analytica ធ្លាប់បានធ្វើឲ្យ CEO ក្រុមហ៊ុន Facebook លោក Mark Zuckerberg ប្រកាសចេញមុខសុំទោសជាសាធារណៈពីការបែកធ្លាយទិន្នន័យគណនីអ្នកប្រើប្រាស់ប្រមាណ ៥០ លានគណនី ប៉ុន្តែរឿងរ៉ាវថ្មីមួយផ្សេងទៀតក៏កំពុងតែរង្គោះរង្គើ ដោយ Hacker បានរកឃើញថាប្រភេទ Quiz App ឲ្យឈ្មោះ NameTests ក៏ជាចន្លោះប្រហោងស្រដៀងគ្នា ដែលអាចធ្វើឲ្យជនទីបីអាចប្រមូលបានទិន្នន័យរបស់អ្នកប្រើប្រាស់។
(រូបតំណាងគេហទំព័រ NameTest)
ចន្លោះប្រហោងនេះរកឃើញដោយ Inti De Ceukelaire ហើយបានបង្ហោះពីវីដេអូដំណើរការ ដោយលោកកត់សម្គាល់ឃើញថាប្រសិនអ្នកបាន Log In គណនីចូលប្រើប្រាស់កម្មវិធី NameTests នោះរាល់ទិន្នន័យទាំងអំបាលម៉ាននឹងត្រូវរក្សាទុកក្នុងកូដ Javascript ពោលគឺអាចឆែកមើលបានដោយងាយពីសំណាក់បុគ្គលដទៃ។
ជុំវិញបញ្ហានេះ De Ceukelaire ក៏ធ្លាប់រាយការណ៍ទៅកាន់ Facebook តាមរយៈកម្មវិធី Data Abuse Bounty Program ដោយប្រាប់ពីបញ្ហាកើតមានលើ NameTests កាលពីថ្ងៃទី ២២ មេសា រហូតរង់ចាំដល់ថ្ងៃទី ២៥ មិថុនា ទើបលោកកត់សម្គាល់ឃើញថាមានការផ្អាកដំណើរការលួចយកទិន្នន័យពីប្រភពកម្មវិធីនោះ។ ឆ្លងកាត់កិច្ចខិតខំប្រឹងប្រែង Facebook បានធ្វើតាមសំណូមពររបស់ De Ceukelaire តាមរយៈការបរិច្ចាគប្រាក់រង្វាន់ ៨ ០០០ ដុល្លារ ឲ្យទៅអង្គការក្រៅរដ្ឋាភិបាល Freedom of the Press Foundation ។
ផ្អែកតាមសេចក្ដីប្រកាសកាលពីថ្ងៃព្រហស្បត្ណិកន្លងទៅ Facebook បានបញ្ជាក់ថាបញ្ហានោះត្រូវបានដោះស្រាយរួចរាល់ ដោយក្រុមហ៊ុនបង្កើត NameTest ឲ្យឈ្មោះ Social Sweethearts និងអរគុណជាពន់ពេកដល់ការរាយការណ៍របស់ De Ceukelaire។
បញ្ជាក់ថា NameTests ជាប្រភេទគេហទំព័រកម្សាន្តមួយ បង្ហាញពីការទស្សន៍ទាយជោគវាសនាឬទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈការចាប់លទ្ធផល Random ប៉ុន្តែតម្រូវឲ្យអ្នកចូលរួមត្រូវ Log In ប្រើប្រាស់តាមរយៈគណនី Facebook ជាមុនសិន។
ទស្សនាវីដេអូ: