ធនាគារជាតិនៃកម្ពុជា គ្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសចំនួន៥បន្ថែមទៀត
ធនាគារជាតិនៃកម្ពុជា បាននិងកំពុងរៀបចំការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសចំនួន៥បន្ថែមទៀតរួមមាន ប្រទេសវៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ចិន និងឥណ្ឌា ដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ជំនួសប្រាក់ដុល្លារក្នុងពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះ បានទទួលបានជោគជ័យ ក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូរទាត់ឆ្លងដែនរវាងកម្ពុជា-ថៃ។
នេះបើតាមលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឲ្យដឹងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង» រៀបចំឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា កម្ពុជាបានតភ្ជាប់ជាមួយប្រទេសថៃ និងម៉ាឡេស៊ី ដោយប្រជាជនកម្ពុជាអាចស្កេនទូទាត់នៅប្រទេសថៃ ចេញពីគណនីលុយរៀលរបស់ខ្លួននៅកម្ពុជាបាន ហើយប្រជាជនថៃក៏អាចស្កេនទូទាត់ជាប្រាក់រៀលនៅកម្ពុជាផងដែរ។
លោកស្រីបណ្ឌិតទេសាភិបាលរងបានបន្តថា «យន្តការនេះតម្រូវឱ្យអ្នកទិញ និងអ្នកលក់ជាប្រជាជនកម្ពុជា មានគណនីជាប្រាក់រៀល ការណ៍នេះជាកត្តាជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាផងដែរ»។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់បន្ថែមថា ធនាគារជាតិនៃកម្ពុជាក៏បាននិងកំពុងសហការ ជាមួយប្រទេសជាច្រើនទៀត ទាំងក្នុងតំបន់អាស៊ីរួមមាន អាហ្វ្រិក អាមេរិកឡាទីន និងអឺរ៉ុប ដើម្បីបង្កើនវិសាលភាព ក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ចំណាយទាប និងទទួលបានប្រាក់ឆាប់រហ័ស សំដៅគាំទ្រ និងជំរុញវិស័យទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និងការផ្ទេរប្រាក់របស់ប្រជាជនខ្មែរ ជាពិសេសពលករដែលកំពុងបម្រើការនៅក្រៅប្រទេស។
លោកស្រីបានបញ្ជាក់ថា តម្រូវការប្រាក់រៀលបានកើនឡើងជាលំដាប់ ឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់រៀលក្នុងចរាចរណ៍ ជាមួយអត្រាកំណើនមធ្យមប្រចាំឆ្នាំ១៦,៦% ពីប្រមាណ៣៥៦ប៊ីលានរៀលនៅឆ្នាំ១៩៩៨ រហូតដល់១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២៕
Fresh News