ខ្មែរប៉ុស្ដិ៍ Close

ធនាគារ​ជាតិ​នៃ​កម្ពុជា ចេញ​ប្លង់​អគារ​ថ្មី​សាង​សង់​ឆាប់​ៗ​នេះ រូបរាង​ឡូយ​កប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 117

ថ្មីៗនេះ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បញ្ចេញរូបរាង​អគារ​ថ្មី​របស់​ខ្លួន ដែល​គ្រោង​នឹង​សាង​សង់​ក្នុង​ពេល​ឆាប់​ៗ​នេះ​នៅ​លើ​ទីតាំង​បច្ចុប្បន្ន ខណៈ​ការិយាល័យ​ធ្វើ បាន​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​បណ្ដោះ​អាសន្ន​នៅ​តាម​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី​ទៅ​ហើយ។

តាម​រូប​ភាព​ដែល​ភ្ជាប់​មក អគារ​ថ្មី មាន​រូបរាង​ស្អាត​ទាក់​ភ្នែក ខណៈ​មហាជន​មួយ​ចំនួន ក៏​បាន​សាទរ ប៉ុន្តែ​ជាមួយ​គ្នា ក៏​មាន​អ្នក​រិះគន់​ស្ថាបនា​ខ្លះ​ដែរ។ មតិ​រិះគន់ លើក​ឡើង​ថា រចនាបថ​នៃ​អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា គួរ​មាន​បញ្ចូល​រចនាបថ​ខ្មែរ​ឲ្យ​ច្រើន។

វិល​ទៅ​ការ​ជូន​ដំណឹង​ខ្លី របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​វិញ បាន​បញ្ជាក់​ថា “អាគារ​ស្នាក់​ការ​ថ្មី​នេះ ត្រូវ​បាន​រចនា​ឡើង តាម​លំនាំ​ប្រាសាទ​ភ្នំ ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​យើង ហើយ​បង្ហាញ​ពី​ភាព​រឹង​មាំ ទំនើប និង​ការ​រីក​ចម្រើន​វិស័យ​ធនាគារ នា​ពេល​បច្ចុប្បន្ន”។

ធនាគារ​ជាតិ​នៃ​កម្ពុជា ឬ​ដែល​មហាជន​មួយ​ចំនួន និយម​ហៅ​ថា “Bank ក្រហម” (បង់​ក្រហម) នោះ បាន​សាងសង់​ដំបូង​តាំង​ពី​ឆ្នាំ១៩៥៤។ ឆ្លង​កាត់​សង្គ្រាម​អាវ​ខ្មៅ​ផង រហូត​ដល់​បច្ចុប្បន្ន អគារ​នេះ​បាន​ផ្លាស់​ប្ដូរ​រូបរាង និង​ពណ៌​សម្បុរ​ខ្លះ​ៗ។ ប៉ុន្តែ​មិន​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ដូច​នឹង​គម្រោង​ថ្មី ដែល​គ្រោង​សាង​សង់​ឆាប់​ៗ​នេះ​​ឡើយ។

ជុំវិញ​ផែន​ការ​សាងសង់​អគារ​ថ្មី​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា មិន​បាន​ឲ្យ​ដឹង​ថា កញ្ចប់​ថវិកា​ប៉ុន្មាន​នឹង​ត្រូវ​ចំណាយ​លើ​ការ​សាងសង់ ក្រៅ​ពីនេះ ​ការ​សាងសង់​ចំណាយ​ពេល​ប៉ុន្មាន ឬ​បញ្ចប់​នៅ​ពេល​ណា ក៏​ទេ​ដែរ៕

ខាង​ក្រោម​នេះ ជា​រូបភាព​ស្ដី​ពី​ការ​វិវត្តន៍​របស់​ធនាគារ​ជាតិចាប់​តាំង​ពី​ករកើត​ដំបូង​ឆ្នាំ ១៩៥៤ មក​ដល់​បច្ចុប្បន្ន!


(រូបភាព៖ ទំព័រ​ហ្វេសប៊ុករបស់ ធនាគារ​ជាតិ​នៃ​កម្ពុជា)

អត្ថបទទាក់ទង