ខ្មែរប៉ុស្ដិ៍ Close

លោក Sergey Lavrov អំពាវនាវឱ្យធ្វើការជ្រើសរើសរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 36

«លោក Sergey Lavrov និយាយជាភាសាអង់គ្លេសដោយគ្មានក្រដាសសន្ទរកថា»

ចំណុចសំខាន់របស់ខ្ញុំគឺថា «វាគឺជាសម័យកាលនៃប្រវត្តិសាស្ត្រដែលយើងនឹងត្រូវជ្រើសរើសចូលស្ទឹងតាមបត់» ដែលនោះគឺ «លោកខាងលិចនឹងប្រាប់យើងថា ពិភពលោកត្រូវដំណើរការដោយផ្អែកលើសណ្តាប់ធ្នាប់ដែលមិនមែនជាច្បាប់អន្តរជាតិនោះទេ»។

ពួកគេបានលើកឡើងនូវឃ្លាថា «សណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់» ហើយប្រសិនបើអ្នកវិភាគលើអាកប្បកិរិយារបស់បណ្តាប្រទេសលោកខាងលិចនៅក្នុងឆាកអន្តរជាតិ អ្នកនឹងបានឃើញថា «ច្បាប់ទាំងនេះមានលក្ខណៈខុសគ្នាពីមួយករណីទៅមួយករណី»។ វាគ្មានលក្ខណៈវិនិច្ឆ័យតែមួយគត់ នោះទេ ហើយក៏មិនមានគោលការណ៍តែមួយគត់នោះដែរ លើកលែងតែមួយ។

«ប្រសិនបើខ្ញុំចង់បានអ្វីមួយអ្នកត្រូវតែគោរពតាម។ ប្រសិនបើអ្នកមិនគោរពតាម អ្នកនឹងរងនូវការពិន័យ»។ នេះគឺជារូបភាពសម្រាប់អនាគតរបស់យើងដែលផ្តល់ឱ្យដោយសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់ដែលត្រូវបានផ្សព្វផ្សាយដោយលោកខាងលិច។

ជាក់ស្តែង នេះគឺជាពិភពលោកដែល មានលក្ខណៈឯកប៉ូលដែលសហរដ្ឋអាមេរិកនឹងធ្វើការគ្រប់គ្រងលើឆន្ទៈផ្ទាល់ខ្លួនរបស់អ្នកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប និងបណ្តាសម្ព័ន្ធមិត្តនៅតំបន់អាស៊ី។ នេះគឺជាការផ្តល់ជូន ឬអាចជាឱសានវាទ។

ខ្ញុំប្រាកដថា «ភាគច្រើនលើសលប់នៃបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក មិនចង់រស់នៅដូចកាលពីសម័យអាណានិគមនោះទេ។ ភាគច្រើននៃរដ្ឋចង់បានឯករាជ្យ ចង់ពឹងផ្អែកលើប្រពៃណីនិងប្រវត្តិសាស្ត្ររបស់ខ្លួន ចង់ពឹងផ្អែកលើមិត្តចាស់របស់ខ្លួន និងមិនចង់ក្បត់មិត្តចាស់របស់ខ្លួននោះទេ»។

នេះគឺជារឿងពិត លើកលែងតែបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួនប៉ុណ្ណោះដែលស្ថិតនៅទ្វីបអាហ្រ្វិក អាស៊ី ឬអាមេរិកឡាទីន ដែលបានចូលរួមជាមួយការដាក់ទណ្ឌកម្មដោយខុសច្បាប់របស់អាមេរិកនិងអឺរ៉ុប។ ពាក់ព័ន្ធនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ខ្ញុំជឿថា «នៅពេលដែលយើងនិយាយដល់សណ្តាប់ធ្នាប់ពិភពលោកដែលកាន់តែយុត្តិធម៌ និងប្រជាធិបតេយ្យ យើងមិនចាំបាច់ត្រូវបង្កើតអ្វីថ្មីនោះទេ»។

ជាថ្មីម្តងទៀតខ្ញុំដកស្រង់ធម្មនុញ្ញដែលចែងថា «អង្គការសហប្រជាជាតិឈរលើគោលការណ៍សមភាព អធិបតេយ្យភាពរបស់រដ្ឋ» ហើយដើម្បីទទួលស្គាល់ថា «រដ្ឋនីមួយៗគឺឯករាជ្យ» រដ្ឋនីមួយៗត្រូវតែមានសិទ្ធិកំណត់អំពីរបៀបដែលខ្លួនចង់រស់នៅ, អំពីប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច សង្គម និងនយោបាយដែលខ្លួនចង់បាន ដោយផ្អែកលើឆន្ទៈរបស់ប្រជាជនរបស់ខ្លួន។

ខ្ញុំជឿជាក់ថា «រដ្ឋទាំងអស់គឺចង់បានបែបនេះ។ គ្មាននរណាម្នាក់ចង់មានសត្រូវនោះទេ។ នេះគឺជាការពិតបំផុតទាំងសម្រាប់រុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀត»។ ប៉ុន្តែដូចដែលយើងបានឃើញនៅពេលឥឡូវនេះ តួយ៉ាងគឺអាកប្បកិរិយារបស់លោកខាងលិចដូចដែលពួកគេបានប្រកាសជាសាធារណៈនៅក្នុងគោលលទ្ធិរបស់ពួកគេ និងនៅក្នុងការសម្រេចរបស់កិច្ចប្រជុំកំពូលចុងក្រោយរបស់អង្គការ NATO នៅទីក្រុង Madrid ពួកគេពិតជាចង់បង្កើតឱ្យមានសត្រូវ ហើយពួកគេនឹងបង្កើតសណ្តាប់ធ្នាប់ ដើម្បីគ្រប់គ្រងលើសត្រូវ។

ឥឡូវនេះ រុស្ស៊ីគឺជាប្រទេសទី១ ហើយប្រទេសចិនត្រូវបានគេកំណត់ជា «បញ្ហាប្រឈមជាក់ស្តែងសម្រាប់រយៈពេលវែង»។ ហើយទាំងអស់នេះបានបង្ហាញឱ្យឃើញអំពីការគិតគូរឡើងវិញអំពីរបៀបដែលសេដ្ឋកិច្ចពិភពលោក និងប្រព័ន្ធអន្តរជាតិ ដំណើរការ។

ប្រសិនបើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (ក្រោមការទាមទាររបស់សហរដ្ឋអាមេរិក) សម្រេចបង្កកទុនបម្រុងរបស់រុស្ស៊ី (ឥឡូវនេះ ពួកគេបានចាប់ផ្តើមដំណើរការផ្លូវច្បាប់ ដើម្បីរឹបអូសយកប្រាក់របស់រុស្ស៊ី) តើនរណាដឹងថានឹងមានអ្វីកើតឡើង? ប្រសិនបើពួកគេខឹងអ្នកផ្សេងនៅថ្ងៃស្អែក ឬនៅថ្ងៃក្រោយ នោះពួកគេអាចនឹងធ្វើបែបនេះទៀត។

និយាយម្យ៉ាងទៀត ការពឹងផ្អែកលើប្រាក់ដុល្លារជាឧបករណ៍ដើម្បីជួយដល់សេដ្ឋកិច្ចពិភពលោក មិនមែនជាជម្រើសដ៏ល្អប្រសើរនោះទេ ហើយវាមិនមែនជារឿងចៃដន្យទេ ដែលប្រទេសកាន់តែច្រើនកំពុងផ្លាស់ប្តូរទៅរកការប្រើប្រាស់ជម្រើសរូបិយបណ្ណជំនួស និងការផ្លាស់ប្តូរទៅពឹងផ្អែកកាន់តែខ្លាំងលើរូបិយបណ្ណជាតិ ហើយដំណើរការ នេះនឹងក៏កំពុងទទួល បានសន្ទុះយ៉ាងខ្លាំងក្លាផងដែរ។

នេះមិនមែនមានន័យថា «យើងកំពុងស្នើឱ្យមានបដិវត្តន៍ប្រឆាំងនឹងប្រាក់ដុល្លារ ឬប្រឆាំងនឹងសហរដ្ឋអាមេរិកនោះទេ» ក៏ប៉ុន្តែនេះគឺរឿងពិត។ «លោកខាងលិចបានបង្កើតប្រព័ន្ធមួយដែលពឹងផ្អែកលើគោលការណ៍ជាក់លាក់មួយចំនួនដូចជាទីផ្សារសេរី, ការប្រកួតប្រជែងដោយយុត្តិធម៌, ការមិនរំលោភបំពានលើទ្រព្យសម្បត្តិឯកជន, គោលការណ៍សន្មត់ថាមិនមានទោសមុនការកាត់សេច្តីដោយតុលាការ (Presumption of Innocence) និងគោលការណ៍ផ្សេងទៀត»។

គោលការណ៍ទាំងអស់នេះបានក្លាយជាអសារបង់នៅពេលដែលពួកគេត្រូវចាត់វិធានការគ្រប់បែបយ៉ាងដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយខ្ញុំជឿថា «ពួកគេនឹងមិនស្ទាក់ស្ទើរទេក្នុងការធ្វើដូចគ្នានេះដាក់ប្រទេសណាមួយផ្សេងទៀតដែលហ៊ានធ្វើឱ្យពួកគេខឹង។ ប្រទេសចិនអាចជាគោលដៅបន្ទាប់»។

វាជាឧទាហរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយអំពី «របៀបដែលអាមេរិកអនុវត្តការប្រកួតប្រជែងដោយយុត្តិធម៌»។ ជាក់ស្តែង ប្រទេសចិនបានអភិវឌ្ឍខ្លួនក្លាយទៅជាសេដ្ឋកិច្ចលំដាប់ទី១ របស់ពិភពលោក ហើយគ្រប់គ្នាបានទទួលស្គាល់រឿងនេះ។

ប្រទេសចិនអាចសម្រេចបានលទ្ធផលទាំងនេះដោយធ្វើការ និងចាត់វិធានការដោយផ្អែកលើមូលដ្ឋានច្បាប់ដែលបង្កើតឡើងដោយលោកខាងលិច, ស្ថាប័ន IMF, World Bank អង្គការពាណិជ្ជកម្មពិភពលោក (WTO), ក្បួនដោះស្រាយវិវាទ និងការប្រកួតប្រជែង។

ប្រទេសចិនបានទទួលយកច្បាប់ទាំងនេះដើម្បីយកមកអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ហើយប្រទេសចិនបានយកឈ្នះលោកខាងលិច ទាំងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនិងការវិនិយោគប្រកប ដោយប្រាជ្ញាវាងវៃ ដោយផ្អែកលើច្បាប់ ដែលបង្កើតឡើងដោយលោក ខាងលិច។ ហើយមានអ្វីកើតឡើងបន្ទាប់?

កាលពីប៉ុន្មានឆ្នាំមុន រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក និងមន្ត្រីមួយចំនួនទៀតបានចាប់ផ្តើមនិយាយថា «យើងត្រូវកែទម្រង់ស្ថាប័ន Bretton Woods។ យើងត្រូវធ្វើកំណែទម្រង់ WTO ហើយយើងត្រូវរៀបចំដំណើរការធ្វើកំណែទម្រង់នេះរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយនឹងមិនអនុញ្ញាតឱ្យអ្នកផ្សេងចូលរួមនៅក្នុងការបង្កើតច្បាប់ថ្មីទេ»។

វាបានបង្ហាញយ៉ាងច្បាស់អំពី «របៀបដែលពួកគេចង់ឱ្យពិភពលោកនេះដំណើរការ» ហើយខ្ញុំជឿថា «វានៅមិនទាន់យឺតពេលនៅឡើយទេ ដោយក្នុងនោះយើងត្រូវត្រៀមខ្លួនដើម្បី និយាយជាមួយមិត្តលោកខាងលិចរបស់យើងអំពីរបៀបដែលពួកគេគួរតែរួមរស់នៅជាមួយយើងទាំងអស់គ្នានៅពេលអនាគត»។

ប៉ុន្តែ «ការសន្ទនាបែបនេះអាចធ្វើឡើង លុះត្រាតែសមភាពពេញលេញអាចកើតមាន ដោយមានការគោរពយ៉ាងខ្ជាប់ខ្ជួនលើភាពស្របច្បាប់ និងផលប្រយោជន៍របស់យើងទាំងអស់គ្នា»៕

អត្ថបទទាក់ទង