ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការនៅ សប្ដាហ៍ក្រោយ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 47
អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការនៅ សប្ដាហ៍ក្រោយ អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការនៅ សប្ដាហ៍ក្រោយ

នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣  ជាថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។ ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។

នៅថ្ងៃនេះក្រុមអ្នកជំនាញការអន្ដរជាតិដែលមានគ្នាសរុប៦នាក់ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារនៅប្រាសាទ គោកពោធិ៍ មុនបន្តទៅខ្លោងទ្វារតាកាវក្រុងអង្គរធំ ការដ្ឋានជួសជុលព្រះលានជល់ដំរី និងក្រុមប្រាសាទ ព្រះពិធូរ។ នៅថ្ងៃដដែល ក្រុមអ្នកជំនាញការដែលមានផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ បានចុះទៅមើល ការដ្ឋាននៅស្ពានហាលអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទរមាស់ ឬប្រាសាទដូនម៉ៅ និងប្រាសាទប្រែរូប។

សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេល ប្រមាណ មួយសប្ដាហ៍ ដែលធ្វើនៅតាមការដ្ឋានជួសជុលប្រាសាទជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះជាការងារដែលក្រុមអ្នកជំនាញការអាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំធំ របស់គណៈកម្មាធិការ អន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេលពីរដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការនេះគ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែមិថុនា ខាងមុខនេះ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន

អត្ថបទទាក់ទង