ខ្មែរប៉ុស្ដិ៍ Close

វិចារណកថា៖ អាស៊ានប៉ារ៉ាហ្គេម ជាព្រឹត្តិការណ៍ឆ្លុះបញ្ចាំងពីតម្លៃ នៃភាពស្មើភាពរបស់មនុស្សជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 43

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការទទួលស្គាល់ ការគោរព និងការឱ្យតម្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់សមាជិកសង្គមគ្រប់សមាសភាព ហើយគ្រប់គ្នាសុទ្ធតែមានភារកិច្ចសំខាន់ សម្រា​ប់គ្រួសារ សហគមន៍ សង្គម និងប្រទេសជាតិទាំងមូល​។

ចំពោះអាស៊ាន ការរៀបចំព្រឹត្តិការណ៍កីឡាពីរ គឺស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម គឺជាកាតព្វកិច្ចនៃរដ្ឋជាសមាជិក ប៉ុន្តែកន្លងមក ការរៀបចំព្រឹត្តិការណ៍ទាំងពីរនេះ គឺរដ្ឋាភិបាលសាមីប្រទេស ជាអ្នកស្នើសុំសិទ្ធិរៀបចំ ដោយខ្លះរៀបចំតែស៊ីហ្គេម​ ប៉ុន្តែមិនបានរៀបចំអាស៊ានប៉ារ៉ាហ្គេម ក៏មាន។​

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បានផ្តួចផ្តើមឡើងដំបូងនៅក្នុងឆ្នាំ​២០០១ ហើយប្រទេសម៉ាឡេស៊ីធ្លាប់ធ្វើជាម្ចាស់ផ្ទះ៣ដង ឥណ្ឌូនេស៊ី២ដង វៀតណាម ហ្វីលីពីន ថៃ​ មីយ៉ាន់ម៉ា និងសិង្ហបុរីម្តង ឯកម្ពុជាធ្វើជាលើកទីមួយ ចាប់ពីថ្ងៃទី​០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ​២០២៣។​ ប្រទេសដែលមិនទាន់បានរៀបចំព្រឹត្តិការណ៍នេះ គឺឡាវ ព្រុយណេ និងទីម័រខាងកើត​។​

សម្រាប់កម្ពុជាគឺបានទទួលយកការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ព្រមគ្នាជាមួយនឹងព្រឹត្តិការណ៍ស៊ីហ្គេមតែម្តង នៅពេលដែលព្រឹត្តិការណ៍នេះបានដល់វេនកម្ពុជាដែលត្រូវធ្វើ​ជាម្ចាស់ផ្ទះ ហើយវាគាប់ជួនគ្នានឹងកម្ពុជាមានលក្ខណៈសម្បត្តិ និងជំនឿគ្រប់គ្រាន់ថា ខ្លួនអាចធ្វើបាន ផង។

ការដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលយកតួនាទីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាទាំងពីរព្រមគ្នានេះ គឺអាចជាការបង្ហាញនូវកិត្យានុភាព និងសមត្ថភាពរបស់កម្ពុជាទៅអន្តរជាតិ និងតំបន់ថា យើងអាចធ្វើបាន ហើយម្យ៉ាងទៀតក៏ជាឱកាសបង្ហាញអំពីការគោរព និងឱ្យតម្លៃរបស់ប្រជាពលរដ្ឋ ដោយឈរនៅលើតម្លៃស្មើភាព និង​គោរពនូវតួនាទី និងភារកិច្ចរបស់ពលរដ្ឋដូចៗគ្នា ដោយមិនរើសអើង​ផងដែរ។

យើងដឹងថា មនុស្សកើតមកមានវាសនាខុសៗគ្នា ដោយខ្លះមានបញ្ហាពិការតាំងពីកំណើត ខ្លះពិការដោយជំងឺ ខ្លះដោយសារគ្រោះថ្នាក់ផ្សេងៗ ហើយខ្លះគឺដោយសារតែសង្រ្គាម ហើយខ្លះកើតមកល្អទាំងព្រម ទាំងកាយសម្បទា និងសតិបញ្ញា ប៉ុន្តែគ្រប់គ្នាសុទ្ធតែមានតម្លៃ និងតួនាទី ក៏ដូចជាទំនួលខុសត្រូវរៀងៗខ្លួន ដោយស្មើភាព គ្រាន់តែថា អ្នកដែលធ្លាក់ខ្លួនពិការច្រើនតែតូចចិត្ត ហើយតែងតែយល់ថា ខ្លួនគឺជាបន្ទុករបស់អ្នកដទៃ​ ទោះបីជាខ្លួន​ក៏ជាសមាជិកសង្គមមួយរូបក៏ដោយចុះ។

រាជរដ្ឋាភិបាលកម្ពុជាតែងតែឱ្យតម្លៃ និងគោរពសិទ្ធិ នៃការចូលរួមរបស់ពលរដ្ឋគ្រប់រូបនៅក្នុងសង្គម ដោយរួមទាំងការកំណត់កូតាឱ្យគ្រឹះស្ថាន​ និងស្ថាប័នរដ្ឋ ក៏ដូចជាលើកទឹកចិត្តឱ្យសហគ្រាសឯកជន ជ្រើសរើសជនពិការចូលបម្រើការងារផងដែរ។ ជនពិការសម័យនេះ ត្រូវបានលើកទឹកចិត្តលើគ្រប់វិស័យ ហើយកន្លងមក សូម្បីតែជនពិការភ្នែក​ក៏មានឱកាសមិនត្រឹមតែការងារជាមន្រ្តីរាជការទេ គឺថែមទាំងអាចរៀនចប់បរិញ្ញា​បត្រ ហើយមានខ្លះទៀត អាចមានសមត្ថភាពទៅបន្តចំណេះនៅក្រៅប្រទេសថែមទៀត ដោយឡែកផ្នែកកីឡាក៏ដូចគ្នា ហើយព្រឹត្តិការណ៍អាស៊ានប៉ារ៉ារហ្គេមពេលនេះ ជាឱកាសមួយទៀតសម្រាប់បង្ហាញអំពីសមត្ថភាពជនពិការយើង។

នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ អត្តពលិកពិការរបស់យើងមានចំនួន ២៥២ នាក់ ដែលនឹងចូលរួមប្រកួតជាមួយនឹងអត្តពលិកពិការមកពី ប្រទេស១០ ផ្សេងទៀត ចំនួន ១ ២០១ នាក់ ដើម្បីដណ្តើមមេដាយជូនជាតិ នៅក្នុងវិញ្ញាសាចំនួន ២៦១ ក្នុងចំណោមវិញ្ញាសាសរុបប្រមាណជា ៤៣០ វិញ្ញាសា លើប្រភេទកីឡាចំនួន ១៣+១​ ប្រភេទ ដែលរួមមាន កីឡាអត្តពលកម្មជនពិការ កីឡាហែលទឹកជនពិការ កីឡាបាល់បោះរទេះ កីឡាបាល់ទះអង្គុយ កីឡាវាយកូនឃ្លីលើតុជនពិការ កីឡាវាយសីជនពិការ កីឡាបាល់ទាត់ជនពិការភ្នែក កីឡាបាល់ទាត់ចលករខួរក្បាល កីឡាបាល់បោះជនពិការ កីឡាលើកទម្ងន់ជនពិការ​ កីឡាយូដូជនពិការ កីឡាបូស្យា កីឡាអុក និងកីឡាអ៊ីស្ប៉ត។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងលើកទឹកចិត្ត និងជំរុញម្តងហើយម្តងទៀត ឱ្យប្រជាពលរដ្ឋកម្ពុជា គាំទ្រអត្តពលិកពិការរបស់យើងទាំងអស់​ ដើម្បីដណ្តើមមេដាយជូនជាតិ ខណៈដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចូលរួមជាអធិបតីទាំងពិធីបើក និងពិធីបិទ ហើយបានប្រកាសធានាថា ព្រឹត្តិការណ៍នេះនឹងប្រពឹត្តិទៅយ៉ាងអធិកអធម ​និងទទួលបាន​ការយកចិត្តទុកដាក់ដូចគ្នានឹងព្រឹត្តិការណ៍ស៊ីហ្គេមដែរ។

សរុបមកវិញ ព្រឹត្តិការណ៍រយៈពេលមួយសប្តាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី០៣ ដល់ទី០៩ ខែមិថុនា ឆ្នាំ​២០២៣ គឺជាសារ និងជាកញ្ចក់ឆ្លុះបញ្ចាំងអំពីគោលនយោបាយស្មើភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំអនុវត្ត។ គ្រប់គ្នានៅក្នុងប្រទេស មិនថាពិការឬមិនពិការ គឺសុទ្ធតែជាពលរដ្ឋខ្មែរ ហើយនៅក្នុងនាមជាពលរដ្ឋគឺទទួលបានឱកាសស្មើភាពគ្នានៅគ្រប់កាលៈទេសៈ និងទិដ្ឋភាពទាំងអស់ ។ សូមចូលរួមគាំទ្រ និងលើកទឹកចិត្តអត្តពលិកជនពិការរបស់យើងទាំងអស់គ្នា។ ការគាំទ្រ និងលើកទឹកចិត្ត គឺពិតជាមានតម្លៃកាត់ថ្លៃមិនបានសម្រាប់អត្តពលិកយើង បន្តដណ្តើមកិត្តិយស និងកិត្យានុភាពជូនជាតិរបស់យើង៕

AKP

អត្ថបទទាក់ទង