ពិធីប្រគល់ប្រាក់រង្វាន់ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំបូកសរុបការងារ និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការនី ទទួលបានជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ។
រាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ជូនគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា SEA Game ឆ្នាំ២០២៣ ដែលបានចាប់ផ្តើមថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មានប្រទេសចូលរួម ចំនួន ១១ប្រទេស នៃគណៈកម្មាធិការអូឡាំពិកតំបន់អាស៊ីអាគ្នេយ៍។ មានប្រតិភូកីឡាចូលរួម សរុបចំនួន ១ម៉ឺន ២ពាន់ ៤០៤នាក់ ដែលបានធ្វើពិធីបើកថ្ងៃទី០៥ ខែឧសភា និងពិធីបិទថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយការប្រកួត SEA Games មាន ៣៧ប្រភេទកីឡា ៥៨១វិញ្ញាសា។ ក្នុងនោះកម្ពុជាទទួលបានមេដាយមាស ៨១គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរិទ្ធ ១២៧គ្រឿង សរុបមានចំនួន ២៨២គ្រឿង ស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងចំណោម ១១ប្រទេសចូលរួម។
ដោយឡែកចំពោះ ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមពីថ្ងៃទី០៣ ខែមិថុនា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ មានកីឡាករ កីឡាការិនីពិការភាពមកពី ១១ប្រទេសនៃគណៈកម្មាធិការជាតិប៉ារ៉ាហ្គេមអាស៊ាន និងប្រទេសទីម័រលេស្តេ ចូលរួមសរុបចំនួន ២ពាន់ ១៤៣នាក់ ប្រកួតកីឡាចំនួន ១៣ប្រភេទ ៤៣១វិញ្ញាសា និងមានកីឡាក្រៅផ្លូវការមួយប្រភេទ គឺប៉ារ៉ា អ៊ីស្ពត (Para E-Sport)។ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ចំនួន៩គ្រឿង, ប្រាក់ ១៩គ្រឿង និងសំរិទ្ធ ៤៥គ្រឿង សរុបមានចំនួន ៧៣គ្រឿង ស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងចំណោម ១១ប្រទេសជាសមាជិកចូលរួមផងដែរ។
លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺជាព្រឹត្តការណកីឡាជាប្រវត្តិសាស្ត្រ ស៊ីហ្គេម ដែលកម្ពុជាបានទន្ទឹងរង់ចាំ ៦៤ឆ្នាំ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជារង់ចាំ ២២ឆ្នាំមកហើយ ហើយដោយបានសម្រេចជោគជ័យពេញលេញ និងល្បីរន្ទឺពាសពេញពិភពលោក។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចពិជ័យសេនា បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិ សហព័ន្ធ ក៏ដូចជាកីឡាករ កីឡាការិនី យុវជនស្ម័គ្រចិត្ត សិល្បៈករ-សិល្បៈការិនី និងស្ថាប័ន ក្រសួងពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមសហការគ្នាបានយ៉ាងល្អក្នុងការរៀបចំនូវព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ ដែលបានធ្វើឲ្យគណៈកម្មាធិការជាតិអូឡាំពិក និងប៉ារ៉ាឡាំពិកគ្រប់ប្រទេសជាសមាជិកចូលរួម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលើកកម្ពស់ព្រឹត្តការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឈានដល់កម្រិតអូឡាំពិក និងប៉ារ៉ាឡាំពិកអន្តរជាតិ ព្រមទាំងផ្តល់នូវការទទួលស្គាល់ស្តង់ដារៀបចំល្អប្រសើរជាងលើកមុនៗ ហើយផ្តល់តម្លៃដល់ អត្តពលិកជនពិការភាពខ្ពស់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ។ សិទ្ធសេរីភាពជនពិការ និងសមត្ថភាពជនមានពិការភាព ត្រូវបានបង្ហាញ និងទទួលស្គាល់ពាសពេញប្រទេស និងលើឆាកអន្តរជាតិ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍នេះ បានជះឥទ្ធិពល និងបានបង្ហាញថា ខ្មែរធ្វើបាន និងធ្វើបានអស្ចារ្យ ក្នុងនាមជាម្ចាស់ផ្ទះ ពិសេសយុវជនរ៉ាប់ម៉ឺននាក់ រួមទាំងអ្នកស្ម័គ្រចិត្ត បានក្លាយជាទូតសុឆន្ទៈ នាំសារទៅគ្រប់ទិសទី ពីមហាជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ជាមួយនេះ យើងបានប្រកាន់យកបាវចនា កីឡារស់ក្នុងសន្តិភាព បានជះឥទ្ធិពលដល់បេះដូងមនុស្សគ្រប់ៗរូប ឲ្យមើលឃើញគុណតម្លៃដ៏ខ្ពង់ខ្ពស់នៃសន្តិភាព ដែលមនុស្សជាតិប្រាថ្នាចង់បានគ្រប់ៗទីកន្លែង និងគ្រប់ពេលវេលា។ ទាំងនេះបន្សល់នូវការចងចាំជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏អស្ចារ្យក្នុងសករាជ តេជោសែន និងជាកិត្តិយស កិត្យានុភាពជាតិ ដែលមិនអាចកាត់ថ្លៃបាន។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រុញ និងលើកទឹកចិត្តដល់គណៈគម្មាធិការជាតិ សហព័ន្ធ និងកីឡាករ-កីឡាការិនីកម្ពុជា បន្តការពង្រឹងសមត្ថភាព និងគុណភាពកីឡា ពិសេសការបណ្តុះបណ្តាលពង្រឹងកីឡា វ័យក្មេង ដើម្បីឈានឆ្ពោះទៅដណ្តើមមេដាយការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ និងការរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ខាងមុខទៀត។ ក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រាក់រង្វាន់ទាំងអស់មានចំនួន ជិត ៧ លានដុល្លា សហរដ្ឋអាមេរិក ៕