ខ្មែរប៉ុស្ដិ៍ Close

គួរដឹង! មកស្គាល់ផ្កាតំណាងប្រទេសទាំង ១០ ក្នុងតំបន់អាស៊ាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 543
គួរដឹង! មកស្គាល់ផ្កាតំណាងប្រទេសទាំង ១០ ក្នុងតំបន់អាស៊ាន គួរដឹង! មកស្គាល់ផ្កាតំណាងប្រទេសទាំង ១០ ក្នុងតំបន់អាស៊ាន

ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ដែល​សមាជិក​សហគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន សុទ្ធ​តែ​មាន​ផ្កា​តំណាង​ជាតិ​របស់​ខ្លួន ក្រៅ​ពី​ទង់ជាតិ ភ្លេង​ជាតិ សំលៀកបំពាក់ អាហារ ភាសា​ជា​ដើម។ ខាង​ក្រោម​នេះ ជា​ការ​លើក​ឡើង​ដោយ​សង្ខេប​ខ្លីៗ ពី​អត្ថន័យ នៃ​ផ្កា​តំណាង​ជាតិ​របស់​ប្រទេស​នីមួយ ក្នុង​ចំណោម​១០​ប្រទេស​ដូច​ខាង​ក្រោម​នេះ៖

១. ប្រទេស​ថៃ​
ផ្កា​រាជព្រឹក្ស គឺ​ជា​ផ្កា​តំណាង​ជាតិ។ ផ្កា​រាជព្រឹក្ស​មាន​ពណ៌​លឿង​ស្រស់​ស្អាត ពេល​ផ្ការីក​ដើម​នឹង​ជម្រុះ​ស្លឹក​ចោល​សល់​តែ​ផ្កា​ពណ៌​លឿង​ពេញ​ដើម។ ជនជាតិ​ថៃ​ចាត់​ទុក​ថា ដើម​រាជព្រឹក្ស​ជា​ដើម​ឈើ​មង្គល និង​ត្រូវ​គេ​ប្រើ​ក្នុង​ពិធី​សំខាន់ៗ ដូចជា៖ យក​ទៅ​ធ្វើ​ជា​សសរស្ដម្ភ ដាំ​ក្នុង​ផ្ទះ​ដើម្បី​ភាព​ចម្រុង​ចម្រើន​រុងរឿង មាន​កេរឈ្មោះ​ កិត្តិយស ដោយ​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​ក្នុង​ប្រទេស​ថៃ និង​ដាំ​តាម​ផ្លូវ​ជា​ច្រើន។

២. ប្រទេស​ម៉ាឡេស៊ី
ផ្កា​តំណាង​ជាតិ ផ្កា​រំយោល ភាសា​ម៉ាឡេយូ មាន​ន័យ​ថា Bunga raya អាន​ថា ប៊ុង​ង៉ា-រ៉ាយ៉ ឬ​ប៊ុងង៉ារ៉ាយ៉ា។ ផ្កា​រំយោល​បាន​ទទួល​រហស្សនាម​ថា ជា​រាជនី​នៃ​ផ្កា​ក្រុង​ក្ដៅ ជា​តំណាង​ឲ្យ​គោលការណ៍​ទាំង​៥ នៃ​ភាព​ជា​ជាតិ​និយម​របស់ប្រទេស​​ម៉ាឡេស៊ី ដែល​ជា​គោលការណ៍​នៃ​ការ​កសាង​ជា​ធ្លុង​មួយ និង​ភាព​អត់​ធ្មត់​ក្នុង​ជាតិ អាច​ឃើញ​ទូទៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ជា​ច្រើន​ទៀត។

៣. ប្រទេស​ហ្វីលីពីន
ផ្កា​តំណាង​ជាតិ ផ្កា​ម្លិះ​សាំប៉ាហ្គីតា (Sampaguita Jasmine or arabian Jasmine) មាន​ស្រទាប់​ផ្កា​ពណ៌​ស និង​មាន​ផ្កា​គ្រប់​រដូវ​ពេញ​មួយ​ឆ្នាំ។ ជនជាតិ​ហ្វីលីពីន មាន​ជំនឿ​ថា ផ្កា​ប្រភេទ​នេះ​គឺ​ជា​និមិត្តរូប នៃ​ភាព​បរិសុទ្ធ ភាព​សាមញ្ញ ឱន​លំទោន និង​រឹងមាំ។

៤. ប្រទេស​សិង្ហបុរី
ផ្កា​តំណាង​ជាតិ ផ្កា​អ័រគីដេ Vanda Miss Joaquim ផ្កា​អ័រគីដេ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ ក្នុង​ប្រទេស​សិង្ហបុរី ដោយ​ផ្កា​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​អ្នក​ផ្សាំ​ពូជ​ផ្កា​នេះ គឺ​ Miss Agness Joaquim។ ផ្កា​អ័រគីដេ​នេះ ជា​ពូជ​ផ្កា​ផ្សំរវាង Vanda teress ណិង Vanda Hookeriana ចេញ​ផ្កា​ពេញ​មួយ​ឆ្នាំ យើង​អាច​ឃើញ​បាន​ជាទូទៅ​ក្នុង​ប្រទេស​សិង្ហបុរី។

៥. ប្រទេស​ឥណ្ឌូណេស៊ី
ផ្កា​អ័រគីដេរាត្រី ជា​ផ្កា​តំណាង​ជាតិ នៃ​ប្រទេស​មួយ​នេះ។ ផ្កា​អ័រគីដេ​រាត្រី ឬ​ Moon Orchid ជា​ផ្កា​អ័រ​គីដេ​អម្បូរ Phalaenopsis និង​ជា​ផ្កា​មួយ​ក្នុង​ចំណោម​ផ្កា​អ័រគីដេ ដែល​រីក​បាន​យូរ។ ផ្កា​មួយ​មែក​អាច​នៅ​បាន​យូរ​ពី​២-៦​ខែ និង​អាច​ធំ​បាន​ល្អ​ក្នុង​អាកាស​ធាតុ​សើម។ គេ​អាច​មើល​ឃើញ​ជា​ទូទៅ​នៅ​ក្នុង​តំបន់​ទំនាប​របស់​ប្រទេស​ឥណ្ឌូណេស៊ី។

៦. ប្រទេស​ប្រ៊ុយណេ
ផ្កា​តំណាង​ជាតិ គឺ​ផ្កា Simpor ដែល​ជា​ផ្កា​ក្នុង​តំបន់ និង​ជា​ផ្កា​ដែល​មាន​ស្រទាប់​ធំៗ​ពណ៌​លឿង។ លក្ខណៈ​ពិសេស​របស់​វា នៅ​ពេល​រីក​អស់​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​ឆត្រ ហើយ​អាច​មើល​ឃើញ​តាម​មាត់​ទន្លេ​ទូទៅ​ក្នុង​ប្រទេស​ប្រ៊ុយណេ។

៧. ប្រទេស​វៀតណាម
ផ្កាឈូក គឺ​ជា​ផ្កាតំណាង​ជាតិ។ ជា​ផ្កា​ដែល​ជនជាតិ​វៀតណាម ចាត់ទុក​ថា ជា​ពូជ​ផ្កា​ដ៏​ស្រស់​ស្អាត អាច​មើល​ឃើញ​ជាទូទៅ​នៅ​តាម​ប្រភព​ទឹក​ក្នុង​ប្រទេស​វៀតណាម។ សម្រាប់​ជនជាតិ​វៀតណាម​ផ្កា​ឈូក គឺជា​និមិត្តរូប​នៃ​ភាព​បរិសុទ្ធ សម្ពន្ធភាព និង​ការ​មើល​ឃើញ​ក្នុង​ផ្លូវ​វិជ្ជមាន។ ម្យ៉ាង​ផ្កា​ឈូ​ជា​ផ្នែក​មួយ នៃ​វប្បធម៌​វៀតណាម មាន​នៅ​ក្នុង​ស្ថាបត្យកម្ម​ផ្សេងៗ និង​ត្រូវ​និយាយ​ដល់​ក្នុង​កំណាព្យ ចម្រៀង​ប្រពៃណី​របស់​វៀតណាម​ទៀត​ផង។

៨. ប្រទេស​ឡាវ
ផ្កា​តំណាង​ជាតិ គឺ​ផ្កា​ចំប៉ី (Frangipani, Pagoda tree, Temple tree) ជា​និមិត្ត​រូប​ប្រទេស​ឡាវ មាន​ច្រើន​ពណ៌ ដូចជា៖ ពណ៌ស ពណ៌ក្រហម និង​ពណ៌ផ្កាឈូក។ ជា​ផ្កា​តំណាង​ឲ្យ​ភាព​ស្មោះត្រង់ និង​សេចក្ដី​សុខ។ ដូច្នេះ​ហើយ​ទើប​ជនជាតិ​ឡាវ​ចូលចិត្ត ប្រើ​តុបតែង​ក្នុង​ពិធី​ផ្សេងៗ ឬ​ធ្វើ​ជា​កម្រង​ផ្កា​ដើម្បី​ស្វាគមន៍​ភ្ញៀវ។ ផ្កា​ចំប៉ី​ចេញ​ផ្កា​ពេញ​មួយ​ឆ្នាំ និង​រស់​បាន​យូរ ទើប​ត្រូវ​គេ​ដាំ​យ៉ាង​ច្រើន ជា​ពិសេស​ក្នុង​បរិវេណ​វត្ត​អារាម។

៩. ប្រទេស​មីយ៉ាន់ម៉ា
ផ្កា​តំណាង​ជាតិ គឺ​ផ្កា Padauk ចេញ​ផ្កា​នៅ​រដូវ​ភ្លៀង ដែល​ជា​ពេល​វេលា​ចូល​ឆ្នាំ​ថ្មី​របស់​ប្រទេស​មីយ៉ាន់​ម៉ា។ នៅ​ពេល​ផ្កា​រីក​ដើម​របស់​ផ្កា Padauk នឹង​មាន​ផ្កា​ពណ៌​លឿង​ពេញ​ទាំង​ដើម ដោយ​ជនជាតិ​មីយ៉ាន់​ម៉ា មាន​ជំនឿ​ថា ដើម​របស់​វា ជា​និមិត្តរូប​នៃ​ភាព​រឹងមាំ និង​ភាព​អត់​ធ្មត់។ ផ្កា​ប្រភេទ​នេះ​នៅ​មាន​ន័យ​ចំពោះ​យុវវ័យ និង​ក្ដី​ស្រលាញ់​ទៀត​ផង។ ជា​ផ្កា​ដែល​ខ្វះ​មិន​បាន​ទេ ក្នុង​ពិធី​ប្រពៃណី​ចាង​សាសនា ទើប​ឃើញ​មាន​ច្រើន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ម្យ៉ាង​ទៀត​ដើម​របស់​វា អាច​យក​មក​ធ្វើ​ជា​តុ ទូ បាន​ទៀត​ផង។

១០. ប្រទេស​កម្ពុជា
ចំពោះ​កម្ពុជា បាន​ជ្រើស​រើស​ផ្កា​រំដួល ( Romduol, Devil tree, White Cheesewood) ជា​ផ្កា​តំណាង​ឲ្យ​ជាតិ​ខ្លួន។ ជា​ផ្កា​មាន​ពណ៌​ស និង​ពណ៌​លឿង​នៅ​លើ​ផ្កា​តែមួយ ហើយ​ចោល​ក្លិន​ក្រអូប​ប្រហើរ​ ស្រាល​ស្រទន់ នៅ​ពេល​ល្ងាច។ ក្នុង​អតីត​កាល​នៃ​ដែនដី​អច្ឆរិយ​នេះ ក្លិន​ក្រអូប​ផ្កា​រំដួល​ត្រូវ​បាន​ប្រៀប​ប្រដូច​ទៅ​នឹង​ស្ត្រី​ខ្មែរ។ ដើម​ផ្កា​រំដួល​មាន​កម្ពស់ ៨-១២​ម៉ែត្រ ឃើញ​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា និយម​ដាំ​នៅ​ក្នុង​សួន​ច្បារ​សាធារណៈ៕ ​