ខ្មែរប៉ុស្ដិ៍ Close

ទីលានទុកដាក់សំរាមខ្នាតធំនៅខេត្តកែប ប្រើប្រាស់ថវិកាសាងសង់អស់ជាង ១០លានដុល្លារ បានសម្ពោធបើកឱ្យដំណើរការ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 210

ទីលានទុកដាក់សំរាមក្នុងខេត្តកែប នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រើប្រាស់ថវិកាសសាងសង់ ១០ ៧៦៩ ៥៣២ ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុន Renardet S.A សហការជាមួយក្រុមហ៊ុន SBK Research and Development Co., Ltd. បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ពិធីបើកសម្ពោធទីលានទុកដាក់សំរាមនេះបានធ្វើឡើងនាថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរដែនដីក្នុងខេត្តកែប ប្រជាពលរដ្ឋ​ និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូប។

លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ទីលានទុកដាក់សំរាមនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅក្នុងតំបន់ និងតំបន់ជុំវិញទីតាំងទុកដាក់សំរាមនេះ ជាពិសេសការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព ដែលបានអនុញ្ញាតឱ្យមានការសិក្សាសមិទ្ធិលទ្ធភាព ការសាងសង់/ស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់ដូចជា ការលើកកម្រិតគុណភាពផ្លូវជាតិ/ផ្លូវខេត្ត គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និង គម្រោងថ្មីៗជាច្រើនទៀត។

នាឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរម្លឹកដល់ប្រជាពលររដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោះ សូមចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យគណបក្សប្រជាជនបានបន្កបំរើប្រជាពលរដ្ឋ និងបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្តស្តារ លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា ទីលានទុកដាក់សំរាមនេះស្ថិតនៅភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានសាងសង់ឡើងមានចំនួន ៤រណ្ដៅ មានសមត្ថភាពផ្ទុកសំរាមបានប្រមាណ ៦០០ ០០០ម៉ែត្រត្រីគុណ ក្នុងរយៈពេល ២០ឆ្នាំ។ ទីលានទុកដាក់សំរាមថ្មីនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៤ហិកតា សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងក្រុងកែប និងស្ទើរតែទាំងអស់នៃវិស័យទេសចរណ៍ ដូចជាភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងផ្សារ ទទួលបានសេវានេះ៕

Fresh News

អត្ថបទទាក់ទង