អាងហែលទឹកនៅអូឡាំពិក នឹងប្រែមុខមាត់ថ្មីតាមរយៈទឹកប្រាក់២លានដុល្លារ
អាងហែលទឹកនៅក្នុងពហុកីឡដ្ឋានជាតិ ត្រូវបានចាប់ផ្ដើមជួសជុលថ្មី ដែលមានទាំងកន្លែងស្នាក់នៅ កន្លែងទទួលទានអាហារ និងកន្លែងហាត់ប្រាណ ហើយគ្រោងចំណាយថវិកាប្រមាណ ២លានដុល្លារអាមេរិក។
ឯកឧត្ដម ស៊ុន ចាន់ថុល បានឲ្យដឹងថា អាងហែលទឹកនៅអូឡាំពិកនេះ បើគិតទៅដាក់ឲ្យប្រើជាង៥០ឆ្នាំមកហើយ ដូច្នេះវាចាស់ទ្រុឌទ្រោម និងខូចខាតច្រើន ត្រូវតែជួសជុលឡើងវិញដើម្បីឲ្យប្រើប្រាស់បានជាធម្មតាដូចមុន។
ការជួសជុលថ្មីនេះ គឺធ្វើឲ្យត្រឹមត្រូវតាមស្តង់ដារច្បាប់ថ្មីរបស់អន្តរជាតិ ដែលត្រូវពង្រីកឲ្យដល់ទទឹង ២៥ម៉ែត្រ និងបណ្ដោយ ៥០ម៉ែត្រ និងដាក់ខ្សែបន្ទាត់បាន១០។ ចំណែកអាងលោត ស្តង់ដារ ២០ម៉ែត្រ និង ២៥ម៉ែត្រ។ បន្ថែមពីលើនេះទៀតនោះ នឹងធ្វើបន្ទប់សម្រាប់ប្រើប្រាស់មួយចំនួនទៀតផង ងាយស្រួលកីឡាករអាចស្នាក់នៅ និងហ្វឹកហាត់ទីនេះផ្ទាល់។ ការជួសជុលនេះ អាចនឹងប្រើរយៈពេលប្រហែលពី ៥-៧ខែទើបរួចរាល់។
អាងហែលទឹកនៅពហុកីឡដ្ឋានជាតិ ដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ។ ពិធីក្រុងពាលី បើកការដ្ឋានជួសជុលអាងហែលទឹកខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមធិបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធផ្ទាល់តែម្ដង៕
ប្រភព៖ សប្បាយ