ខ្មែរប៉ុស្ដិ៍ Close

អ្នករាយការណ៍ពិសេស UN បានឃើញស្ថានភាពជនភៀសសឹកនៅព្រំដែន ហើយសង្ឃឹមថានឹងមានដំណោះស្រាយឆាប់រហ័ស

ដោយ៖សូ សែនឬទ្ធា | 1 ម៉ោងមុន ព័ត៌មានទូទៅ 32
អ្នករាយការណ៍ពិសេស UN បានឃើញស្ថានភាពជនភៀសសឹកនៅព្រំដែន ហើយសង្ឃឹមថានឹងមានដំណោះស្រាយឆាប់រហ័ស អ្នករាយការណ៍ពិសេស UN បានឃើញស្ថានភាពជនភៀសសឹកនៅព្រំដែន ហើយសង្ឃឹមថានឹងមានដំណោះស្រាយឆាប់រហ័ស

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ជំនួបនេះធ្វើឡើងនាឱកាសដែលតំណាង UN រូបនេះ បានបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងជំនួបនោះ លោកជំទាវ អ៊ាត សោភា បានសម្ដែងការកោតសរសើរចំពោះវិធីសាស្ត្រវាយតម្លៃប្រកបដោយតុល្យភាពរបស់អ្នករាយការណ៍ពិសេស រួមទាំងការចុះពិនិត្យស្ថានភាពប្រជាជនភៀសសឹកនៅតំបន់ព្រំដែនដោយផ្ទាល់។ លោកជំទាវ ក៏បានរំលឹកពីដំណើរដ៏លំបាករបស់កម្ពុជាក្នុងការស្តារ និងអភិវឌ្ឍជាតិឡើងវិញក្រោយសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ រហូតសម្រេចបានសន្តិភាពពេញលេញក្នុងឆ្នាំ១៩៩៨។

នាឱកាសនោះផងដែរ លោកជំទាវ ក៏បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ និងការពារសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលជាសមាសធាតុមិនអាចផ្តាច់ចេញពីគ្នានៃការអភិវឌ្ឍដោយចីរភាព។ ជាមួយគ្នានេះ លោកជំទាវក៏បានរំលឹកថា កម្ពុជាជាប្រទេសតែមួយគត់នៅអាស៊ី ដែលមានវត្តមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស UN (OHCHR) តាំងពីឆ្នាំ១៩៩៣ និងបានធ្វើការងារប្រកបដោយស្ថាបនាជាមួយអ្នករាយការណ៍ពិសេស UN ចំនួន ៨រូបជាបន្តបន្ទាប់ ដែលបញ្ជាក់ពីភាពបើកចំហ និងកិច្ចសន្ទនាប្រកបដោយការទទួលខុសត្រូវ។

ជាការឆ្លើយតប លោក Thomas Andrews បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ខេត្តសៀមរាប បន្ទាយមានជ័យ មណ្ឌលឃុំឃាំង និងតំបន់ព្រំដែន។ លោក បានសម្តែងក្តីសង្ឃឹមថា ប្រជាជនភៀសសឹកនឹងអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ៕

អត្ថបទទាក់ទង