ខ្មែរប៉ុស្ដិ៍ Close

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 5
គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម»

បន្ទាប់ពីបានពិនិត្យ និងពិភាក្សា គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុង​ហើយ​លើ «សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នៅក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា ការរៀបចំ «សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូល​ដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» មានគោលបំណងកែ​សម្រួល​បទប្បញ្ញត្តិគតិយុត្តណាដែលពុំទាន់មានភាពសមស្រប។ បន្ថែមពីលើនោះ គឺបំពេញ​បន្ថែមនូវ​បទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មី ដែលពុំធ្លាប់​មាន​ប្រើ​ប្រាស់ដូចជា ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (ប្រព័ន្ធ IPIS) ជាដើម។

លោករដ្ឋមន្ត្រីបន្តថា សេចក្ដីព្រាងច្បាប់នេះ បានប្រមូលផ្ដុំនូវរាល់បទដ្ឋាន​គតិយុត្ត​ទាំង​អស់ ដែលទាក់ទងទៅនឹងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ត​សញ្ញាណ​កម្មឱ្យមានលក្ខណៈប្រមូលផ្ដុំនៅក្នុងច្បាប់តែមួយ ដែលពីមុនបទប្បញ្ញត្តិ​ទាំងនេះ ស្ថិតនៅក្នុងបទដ្ឋានគតិយុត្តផ្សេងៗគ្នា ហើយការប្រមូលផ្ដុំបទប្បញ្ញត្តិទាំង​អស់ឱ្យនៅក្នុងច្បាប់តែមួយនេះ ធ្វើឱ្យមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ និង​អ្នកអនុវត្តច្បាប់ផងដែរ។

សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិ និងកា​តព្វ​​កិច្ចជា​មូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីធានានូវភាពរឹងមាំ ដែលត្រូវបានការពារ​ដោយ​ច្បាប់។

បើតាមលោក ផៃ ស៊ីផាន សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំឡើង មិនត្រឹមតែអាចឆ្លើយតបក្នុងការដោះស្រាយបញ្ហា ដែលបានជួប​ប្រទះក្នុងពេលអនុវត្តជាក់ស្ដែងកន្លងមកប៉ុណ្ណោះនោះទេ គឺធានាបាននូវ​តម្លាភាព​ក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈទំនើប​កម្មស្របតាម​ការរីកចម្រើននៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយ​ព្យាករណ៍ទុកជាមុនរួច​ជា​ស្រេច ទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគតផងដែរ។

គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់​លាស់ទាក់ទង​ទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងពង្រឹង លើក​កម្ពស់​គុណភាព នៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់​តែទូលំ​ទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូល​ដ្ឋាន​សម្រាប់ការរៀបចំ គ្រប់គ្រង ស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំង​រៀប​ចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។

សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះជនគ្រប់រូប ដែលរស់នៅលើ​ទឹក​ដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសផងដែរ។

សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នេះមាន ១២ជំពូក និង ១៨២មាត្រា ដូចខាងក្រោម៖

  • ជំពូកទី១ ស្ដីពីបទប្បញ្ញត្តិទូទៅ
  • ជំពូកទី២ ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន
  • ជំពូកទី៣ ស្ដីពីស្ថិតិអត្រានុកូលដ្ឋាន
  • ជំពូកទី៤ ស្ដីពីការចុះបញ្ជីស្នាក់នៅ
  • ជំពូកទី៥ ស្ដីពីការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
  • ជំពូកទី៦ ស្ដីពីប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន
  • ជំពូកទី៧ ស្ដីពីការប្រើប្រាស់ទិន្នន័យ ការការពារឯកជនភាពបុគ្គល និងសន្តិសុខទិន្នន័យ
  • ជំពូកទី៨ ស្ដីពីកម្រៃសេវា
  • ជំពូកទី៩ ស្ដីពីការត្រួតពិនិត្យ និងអធិការកិច្ច
  • ជំពូកទី១០ ស្ដីពីទោសប្បញ្ញតិ
  • ជំពូកទី១១ ស្ដីពី អន្តរប្បញ្ញតិ
  • ជំពូកទី១២ ស្ដីពី អវសានប្បញ្ញតិ៕

អត្ថបទទាក់ទង