ខ្មែរប៉ុស្ដិ៍ Close

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 7
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

ដោយមានកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសាលាហ្គោគ្លូប៊លនៃគ្រឹស្ថានអប់រំឯកជនក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១៥ដល់ទី១៨ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំសិស្សានុសិស្សចំនួន១១៩នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ និងថ្នាក់ទី៦ សរុបចំនួន៧ថ្នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីស្វែងយល់ពីពិព័រណ៍ផលិតផលសូត្រមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ព្រមទាំងការអនុវត្តដោយផ្ទាល់លើការងារជ្រលក់ពណ៌។

អ្នកស្រី ឡៅ ស្រីម៉ុច ប្រធានផ្នែកមធ្យមសិក្សាចំណេះទូទៅនៃសាលាហ្គោគ្លូប៊ល បានឱ្យដឹងថា ការដឹកនាំសិស្សមកធ្វើទស្សនកិច្ចនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺចង់ឱ្យសិស្សទាំងអស់ បានសិក្សាបន្ថែមអំពីប្រវត្តិនៃសម្លៀកបំពាក់នៅតំបន់អាស៊ី ដែលស្ថិតនៅតាមទន្លេមេគង្គ មានសម្លៀកបំពាក់ប្រពៃណី ការផលិត ឧបករណ៍តម្បាញ វត្ថុធាតុដើម វិធីសាស្ត្រផលិត ដែលធ្វើឱ្យសិស្សស្វែងយល់ពីបានច្រើនពីវាយនភណ្ឌ។

នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថា សារមន្ទីរមានសេចក្តីសោមនស្សរីករាយដែលគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូដែលយល់ដឹងចង់បង្ហាញពីការយកចិត្តទុកដាក់ការលើកតម្លៃលើវិស័យវាយនភណ្ឌលើប្រទេសទាំង៦ ពិសេសប្រទេសកម្ពុជា។ លោកបន្តថា សារមន្ទីរបានផ្ដល់ជូនដល់សិស្សានុសិស្ស គឺឱ្យពួកគាត់ចូលទស្សនាតាមសាលតាំងពិព័រណ៍នីមួយៗដើម្បីឱ្យគាត់បានសិក្សាស្វែងយល់អំពីភាពខុសប្លែកគ្នានៃវាយនភណ្ឌប្រទេសទាំង៦។ បន្ថែមពីនេះ សិស្សានុសិស្សក៏អាចអនុវត្តជ្រលក់ពណ៌ ដែលជាផ្នែកមួយនៅក្នុងដំណាក់កាលនៃការត្បាញវាយនភណ្ឌ ដើម្បីបានពណ៌ផ្សេងតាមការចង់បានរបស់អ្នកត្បាញ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា

អត្ថបទទាក់ទង