ខ្មែរប៉ុស្ដិ៍ Close

រយៈពេល៩ ខែ ក្នុងឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាផ្តល់ការអនុញ្ញាតជួសជុលកែលម្អលំនៅដ្ឋាន និងសាងសង់សំណង់ស្រាលតូចតាចដល់អ្នកស្រុកអង្គរចំនួន១១៦២គ្រួសារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 63

យោងតាមរបាយការណ៍រយៈពេល៩ ខែក្នុងឆ្នាំ២០២១ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ និងក្រុមការងារក្រៅឧទ្យាននៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យចំនួន១៨៧៤ គ្រួសារ ក្នុងនោះក្រុមការងារបានអនុញ្ញាតឱ្យមានការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចបានចំនួន១១៦២គ្រួសារ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

ក្នុងចំណោមអ្នកស្រុក១១៦២ គ្រួសារ ដែលទទួលបានការអនុញ្ញាតរួមមាន៖ ស្រុកប្រាសាទបាគងចំនួន១៧៤គ្រួសារ ស្រុកអង្គរធំចំនួន២៦៣ គ្រួសារ ស្រុកពួកចំនួន១៨០គ្រួសារ ក្រុងសៀមរាបចំនួន២៦៩គ្រួសារ ស្រុកបន្ទាយស្រីចំនួន២៤៤គ្រួសារ និងក្រុមការងារក្រៅឧទ្យានចំនួន៣២ គ្រួសារ។

ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់សង់សំណង់ស្រាលតូចតាចដែលទទួលបានការអនុញ្ញាតរួមមាន៖ ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថាពួកគាត់គឺជាប្រជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។

អាជ្ញាធរជាតិអប្សរាមិនត្រឹមតែផ្តល់ការជួសជុលដល់ផ្ទះចាស់ និងសាងសង់សំណង់ស្រាលតូចតាច ក្នុងនោះក៏បានធ្វើការដោះស្រាយបញ្ហាប្រឈមនានាការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌដល់ប្រជាជនគ្រប់ៗគ្នា។ ពិសេសជាងនេះទៀតនោះ សកម្មភាពទាំងនេះគឺជាចូលរួមចំណែករបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋឲ្យចូលទៅជិតបងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយរាល់ការចំណាយទាំងពេលវេលានិងការធ្វើដំណើរទៅមក៕

គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលគ្របដណ្តប់លើផ្ទៃដី៤០១គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង/ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២។

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ក្រុមការងារសហគមន៍

អត្ថបទទាក់ទង