ខ្មែរប៉ុស្ដិ៍ Close

    បច្ចុប្បន្នភាពរបស់ប្រទេសទីម័រខាងកើត៖ ការបោះឆ្នោតសភា និងផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពអាស៊ាន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1738
    បច្ចុប្បន្នភាពរបស់ប្រទេសទីម័រខាងកើត៖ ការបោះឆ្នោតសភា និងផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពអាស៊ានមូលដ្ឋាននៃការគាំទ្រដ៏រឹងមាំរបស់គណបក្ស FRETILIN ធានាបាននូវការប្រកួតប្រជែងរបស់ខ្លួននៅរាល់ការបោះឆ្នោត (Valentino Dariel Sousa/AFP តាមរយៈ Getty Images)មូលដ្ឋាននៃការគាំទ្រដ៏រឹងមាំរបស់គណបក្ស FRETILIN ធានាបាននូវការប្រកួតប្រជែងរបស់ខ្លួននៅរាល់ការបោះឆ្នោត (Valentino Dariel Sousa/AFP តាមរយៈ Getty Images)

    វាជាពេលវេលាដ៏ល្អសម្រាប់ប្រទេសទីម័រខាងកើត។ ប្រជាជននឹងទៅបោះឆ្នោតនៅថ្ងៃទី ២១ ខែឧសភា សម្រាប់ការបោះឆ្នោតសភា ហើយលទ្ធផលនៃការបោះឆ្នោតនោះនឹងលេចឮខ្ទរខ្ទារហួសព្រំដែនរបស់ប្រទេសនេះទៅទៀត។

    លើសពីនេះទៅទៀត ផែនទីបង្ហាញផ្លូវដើម្បីក្លាយជាសមាជិកពេញលេញរបស់អាស៊ានដែលគេបានទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយរបស់ប្រទេសនេះក៏ត្រូវបានគេចេញផ្សាយនៅក្នុងកិច្ចប្រជុំកំពូលលើក ទី៤២ ដែលត្រូវបានគេធ្វើឡើងនៅក្នុងទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ៩-១១ ខែឧសភា ហើយនេះក៏ជាការបង្ហាញអំពីផ្លូវដើរទៅមុខដ៏ច្បាស់លាស់សម្រាប់ទីម័រខាងកើតផងដែរ។

    យុទ្ធនាការឃោសនាបោះឆ្នោតដែលមានការចូលរួមពីសំណាក់បក្សនយោបាយចំនួន ១៧ បានដំណើរការអស់រយៈពេលជិតមួយខែ កន្លងមកហើយ។ មិនខុសពីការប្រកួតប្រជែងនៅពេលកន្លងមកនោះទេ យុទ្ធនាការខាងលើបានផ្តោតទៅលើបុគ្គលិកលក្ខណៈ, អត្តសញ្ញាណនៃការតស៊ូ និងអត្តសញ្ញាណជាតិ ជាជាងការពិភាក្សាអំពីគោលនយោបាយសំខាន់ៗ។ ប៉ុន្តែបញ្ហាសំខាន់ៗមួយចំនួនដែលប្រទេសនេះកំពុងប្រឈមមុខ ដូចជាតម្លៃនៃការរស់នៅ ការងារនិងហេដ្ឋារចនាសម្ព័ន្ធក៏ជាផ្នែកមួយនៃការឃោសនានេះផងដែរ។

    លោក Mari Alkatiri បានជួបប្រឈមមុខជាមួយលោក Xanana Gusmão អស់រយៈពេលជាច្រើនឆ្នាំមកហើយសម្រាប់ការគ្រប់គ្រងនយោបាយ។

    គណបក្សសមាជជាតិសម្រាប់ការកសាងប្រទេសទីម័រឡើងវិញ – The National Congress for Timorese Reconstruction (CNRT) ដែលដឹកនាំដោយលោក Xanana Gusmão កំពុងនាំមុខនៅក្នុងការស្ទង់មតិជាច្រើន តែក៏នៅមានអ្នកបោះឆ្នោតជាច្រើនផងដែរដែលមិនទាន់បានធ្វើការសម្រេចចិត្ត។

    លោក Gusmão បានធ្វើដំណើរជុំវិញ ប្រទេសនៅក្នុងដំណើរស្វែងរកការគាំទ្រដើម្បីអាចត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីដែលជាមុខតំណែងដែលគាត់បានកាន់កាប់កាលពីចន្លោះឆ្នាំ ២០០៧-២០១៥ ហើយគណបក្សរបស់គាត់ហាក់ដូចជាត្រៀមខ្លួនដើម្បីដណ្តើមយកតំណែងលេខ១ ជាមួយនឹងសំឡេងឆ្នោតគាំទ្រយ៉ាងច្រើន។

    គណបក្ស CNRT បានជួបប្រទះនឹងការប្រជែងយ៉ាងខ្លាំងខ្លាពីសំណាក់គណបក្សរណសិរ្សបដិវត្តន៍ ដើម្បីឯករាជ្យទីម័រខាងកើត – Revolutionary Front for an Independent Timor-Leste (FRETILIN) ដឹកនាំដោយលោក Mari Alkatiri ។ មូលដ្ឋាននៃការគាំទ្រដ៏រឹងមាំរបស់គណបក្សនេះបានធានានូវប្រៀបនៅក្នុងការប្រកួតប្រជែងនៅគ្រប់ការបោះឆ្នោតទាំងអស់ ហើយពួកគេក៏នៅតែបន្តរក្សាការរួបរួមជាមួយនឹងដៃគូចម្រុះចំនួន ២ របស់ពួកគេគឺគណបក្សរំដោះប្រជាជន (PLP) និងគណបក្ស Kmanek Haburas Unidade Nasional Timor Oran(KHUNTO) ។

    នៅក្រោមប្រព័ន្ធបោះឆ្នោតរបស់ទីម័រខាងកើតដែលបានប្រើប្រាស់វិធីសាស្ត្រ d’Hondt ដើម្បីបែងចែកអាសនៈសភាចំនួន ៦៥ សម្រាប់ដណ្តើមយកនោះ គណបក្សទាំងឡាយពិតជាពិបាកក្នុងការយកឈ្នះ សំឡេងភាគច្រើនទាំងស្រុងណាស់។ ដូច្នេះពួកគេច្រើនតែត្រូវបង្កើតរដ្ឋាភិបាលចម្រុះនៅក្រោយថ្ងៃបោះឆ្នោត។

    យោងតាមរដ្ឋធម្មនុញ្ញ បក្សដែលឈរនៅលេខរៀងទី១ ត្រូវបានផ្តល់ឱកាសដំបូងក្នុងការបង្កើតរដ្ឋាភិបាល ហើយចំណុចនេះពិតជាបានផ្តល់អត្ថប្រយោជន៍ច្រើន ដល់គណបក្ស CNRT ។ យើងគួរតែតាមដានគណបក្សប្រជាធិបតេយ្យ (PD) ដែលអាចនឹងដើរតួនាទីជាអ្នកសម្រេចចិត្តនៅក្នុងការបង្កើតក្រុមចម្រុះនេះ។

    បន្ទាត់បែងចែកក្រោយការបោះឆ្នោតហាក់ដូចជាមានភាពច្បាស់លាស់ ប៉ុន្តែវាអាចនឹងមានភាពស្រពិចស្រពិលដោយសារកត្តា ២ ដែលជំរុញនយោបាយនៅក្នុងប្រទេសទីម័រខាងកើត នោះគឺស្ថានភាពនៃទំនាក់ទំនងរវាងលោក Gusmão និងលោក Alkatiri និងភាពស្មុគស្មាញនៃទំនាក់ទំនងបុគ្គល និងគ្រួសាររបស់អ្នកដែលមានគណបក្សនយោបាយ។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គណបក្ស PLP និងគណបក្ស KHUNTO បានចូលរួមនៅក្នុងរដ្ឋាភិបាលជាមួយគណបក្ស CNRT ហើយភាពស្មោះត្រង់ដ៏រឹងមាំទាំងនោះអាចនឹងត្រូវបែកខ្ចាត់ខ្ចាយ នៅពេលដែលការចរចាដើម្បីបង្កើតក្រុមចម្រុះកំពុងតែដំណើរការ។

    ការចេញផ្សាយនូវផែនទីបង្ហាញផ្លូវ ខណៈពេលដែលឥណ្ឌូនេស៊ីកំពុងកាន់តំណែងជាប្រធានអាស៊ានប្តូរវេន និងការរៀបចំកិច្ចប្រជុំនៅក្នុងខេត្ត East Nusa Tenggara (NTT) ដែលជាខេត្តដែលមានព្រំដែនដីគោក ជាប់នឹងប្រទេសទីម័រខាងកើត គឺពិតជាបានបង្ហាញអំពីនិមិត្តរូបអ្វីមួយ។ ការគាំទ្ររបស់ឥណ្ឌូនេស៊ីដើម្បីបញ្ចូលសមាជិកភាពរបស់ទីម័រខាងកើតត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយដើម្បីប៉ះប៉ូវចំពោះការកាន់កាប់របស់ខ្លួនមកលើប្រទេសនេះកាលពីឆ្នាំ ១៩៧៥-១៩៩៩ ដែលបានធ្វើឱ្យមានការបាត់បង់ជីវិតមនុស្សប្រមាណជា ១០ម៉ឺន-១៨ម៉ឺននាក់។

    កាលពីឆ្នាំមុន ប្រធានាធិបតីទីម័រខាងកើត លោក José Ramos-Horta បានលើកឡើងថា «ផ្លូវទៅកាន់ឋានសួគ៌ គឺពិតជាមានភាពងាយ ស្រួលជាងការឈានទៅដល់ច្រកទ្វារអាស៊ានទៅទៀត»។ ខណៈដែលការលើកឡើងរបស់គាត់ហាក់ដូចជាមានបំណងជាការលេងសើច តែផែនទីបង្ហាញផ្លូវពិតជាបានបង្ហាញថាការលេងសើចនោះមិនខុសទាំងស្រុងទេ។

    ទីម័រខាងកើតត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យ និងចំណុចសំខាន់ៗមួយចំនួនដោយរាប់ចាប់តាំងពីការធានាថា ពួកគេនឹងមាន «ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការត្រៀមខ្លួនជាចាំបាច់សម្រាប់រៀបចំកិច្ចប្រជុំ» រហូតដល់ «ការមានមន្ត្រីដែលអាចនិយាយភាសាអង់គ្លេសបានគ្រប់គ្រាន់នៅគ្រប់ក្រសួង និងភ្នាក់ងារពាក់ព័ន្ធទាំងអស់»។ ចំណុចទាំងនេះអាចនឹងត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីអាចសម្រេចបាន។

    លោកនាយករដ្ឋមន្ត្រីទីម័រខាងកើត Taur Matan Ruak ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង Labuan Bajo ថ្ងៃទី ១០ ឧសភា (លេខាធិការដ្ឋានអាស៊ាន/Flickr)

    ជាមួយនឹងការលើកឡើងខាងលើ ផែនទីបង្ហាញផ្លូវគឺជាជំហានមួយដែលមិនអាចប្រកែកបាននៅក្នុងទិសដៅដ៏ត្រឹមត្រូវ ហើយគ្រប់ភាគីនៅក្នុងប្រទេសទីម័រខាងកើតក៏មានឆន្ទៈនយោបាយដើម្បីសម្រេចឱ្យបាននូវអ្វីដែលបានកំណត់ខាងលើដូចគ្នា។

    លោក Ramos-Horta នឹងធ្វើការដោយមិនខ្លាចនឿយហត់ជាមួយក្រសួងការបរទេសដើម្បីទទួលបានសមាជិកភាពពេញលេញសម្រាប់ប្រទេសរបស់គាត់ ហើយការខិតខំប្រឹងប្រែងនេះក៏ជាមធ្យោបាយមួយដើម្បីពង្រឹងកេរ្តិ៍ដំណែលរបស់គាត់ផងដែរ។

    សហគមន៍អន្តរជាតិមានតួនាទីដ៏សំខាន់ក្នុងការជួយទីម័រខាងកើតនៅក្នុងដំណើរការនេះ ហើយពួកគេអាចធ្វើដូច្នេះបានតាមរយៈការផ្តល់នូវការសម្របសម្រួលនិងការគាំទ្រឱ្យបានទាន់ពេលវេលា ដើម្បីជួយឱ្យពួកគេអាចបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់និងចំណុច សំខាន់ៗដែលមាន នៅក្នុងផែនទីបង្ហាញផ្លូវ៕

    The Interpreter

    អត្ថបទទាក់ទង