ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែប្រសើរឡើង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52
កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែប្រសើរឡើង កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែប្រសើរឡើង

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបការសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ប្រចាំនៅកម្ពុជា និងសហការី។

ជាកិច្ចចាប់ផ្ដើម លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវភាពរីករាយ និងការគោរពចំពោះប្រទេស និងប្រជាជនកម្ពុជាជារួម ដែលបានចាត់ទុក និងរាប់អានប្រទេស និងប្រជាជនទីម័រខាងកើតជាបងប្អូន ព្រមទាំងបានជួយជ្រោមជ្រែងទីម័រខាងកើតក្នុងគ្រប់វេទិកាទាំងអស់។ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនពីសកម្មភាពមួយចំនួនរបស់រដ្ឋាភិបាលទីម័រខាងកើត ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងនេះដែរ លោកឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់នូវបំណងក្នុងការនាំចូលអង្ករកម្ពុជាទៅប្រទេសទីម័រខាងកើត ដើម្បីផ្គត់ផ្គងទៅទីផ្សារទីម័រខាងកើត ក្រោយពីបញ្ហាជាប់គាំងនយោបាយនៅប្រទេសទីម័រខាងកើត ត្រូវបានដោះស្រាយ ហើយក៏បានជម្រាបជូនថា ប្រទេសទីម័រខាងកើតមានកសិផលមួយចំនួនដែលអាចនាំចេញមកទីផ្សារកម្ពុជាផងដែរ។ ក្រៅពីនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនថា នៅក្នុងវិស័យប្រេងឥន្ធនៈរបស់ទីម័រខាងកើត គឺកំពុងតែត្រូវការកម្មករ ហើយចំពោះកម្ពុជា រដ្ឋាភិបាលទីម័រខាងកើតនឹងផ្ដល់ការងារក្នុងវិស័យនេះចំនួន ៣.០០០ កន្លែងជូនដល់កម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះការផ្ដល់ពត៌មានដោយលោកឯកអគ្គរដ្ឋទូតទីម័រខាងកើត និងបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ក្នុងនេះដែរ លោករដ្ឋមន្រ្ដី បានថ្លែងថា កម្ពុជាបានរៀបចំត្រៀមអង្ករចំនួន ៣០.០០០ តោនរួចជាស្រេចសម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត ហើយស្នើសុំឲ្យសហភាគីទីម័រខាងកើតពិនិត្យលទ្ធភាព និងផ្ដល់ដំណឹងជូនដល់កម្ពុជាវិញ។

លោករដ្ឋមន្រ្ដី បានលើកឡើងពីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារួចហើយ និងស្នើសុំឲ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ លោករដ្ឋមន្រ្ដី ក៏បានសម្ដែងការស្វាគមន៍ដល់វិស័យឯកជននៃប្រទេសទីម័រខាងកើត បើករោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីនាំចេញអង្ករទៅទីម័រខាងកើតវិញផងដែរ៕

អត្ថបទទាក់ទង