ខ្មែរប៉ុស្ដិ៍ Close

ស្ពានអាកាស ក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម នឹងដាក់ឱ្យដំណើរការមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 77
ស្ពានអាកាស ក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម នឹងដាក់ឱ្យដំណើរការមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ស្ពានអាកាស ក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម នឹងដាក់ឱ្យដំណើរការមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ស្ពានអាកាសមួយខ្សែត្រង់ចំណុចក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម នឹងដាក់ឱ្យដំណើរការមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងកាត់បន្ថយការកកស្ទះចរាចរណ៍។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មី នៅជាប់នឹងស្ពាន អាកាសក្បាលថ្នល់ចាស់ ក្រុមការងារបាននិងកំពុងធ្វើការងារយ៉ាងសកម្មភាព ដោយអ៊ុតកៅស៊ូលើស្ពាន រៀបចំគំនូសចរាចរណ៍ដែលភ្ជាប់ពី មហាវិថីព្រះមុនីវង្ស បត់មកមហាវិថីព្រះនរោត្តម ។

លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្ននេះរាជធានីភ្នំពេញមានកំណើនយានយន្តរបស់ប្រជាពលរដ្ឋ កើនឡើងយ៉ាងខ្លាំង ធ្វើឲ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់នេះ។

លោកបានបញ្ជាក់ថា គម្រោងនេះ ស្ថាបនាដោយក្រុមហ៊ុន OCIC កោះពេជ្រ ស្ពានអាកាសក្បាលថ្នល់ពី មហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ មានប្រវែង១២៣ ម៉ែត្រ មានទទឹង៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម ។

គួរបញ្ជាក់ថា មកដល់ពេលនេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែងគឺ ៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ៕

ក្រសួងព័ត៌មាន

អត្ថបទទាក់ទង