ខ្មែរប៉ុស្ដិ៍ Close

តើសហរដ្ឋអាមេរិកអាចចាញ់សង្គ្រាមត្រជាក់ថ្មីដោយរបៀបណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 27
តើសហរដ្ឋអាមេរិកអាចចាញ់សង្គ្រាមត្រជាក់ថ្មីដោយរបៀបណា? តើសហរដ្ឋអាមេរិកអាចចាញ់សង្គ្រាមត្រជាក់ថ្មីដោយរបៀបណា?

សហរដ្ឋអាមេរិកហាក់បានចូលរួមនៅក្នុងសង្រ្គាមត្រជាក់ថ្មីមួយទាំងជាមួយចិន និងរុស្ស៊ី ហើយមេដឹកនាំអាមេរិកបានរងនូវការបរាជ័យ នៅពេលដែលខ្លួនព្យាយាមបង្ហាញទៅកាន់គ្រប់គ្នាថា «ការប្រឈមមុខដាក់គ្នានេះគឺការប្រឈមមុខដាក់គ្នារវាងលទ្ធិប្រជាធិបតេយ្យ និងលទ្ធិផ្តាច់ការ» ជាពិសេស នៅពេលដែលមេដឹកនាំអាមេរិកដដែលនេះកំពុងចូល រួមយ៉ាងសកម្មជាមួយអ្នករំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ដូចជានៅអារ៉ាប៊ីសាអូឌីតជាដើម។ ការលាក់ពុតបែបនេះ បានបង្ហាញថា «អំណាចសកលកំពុងរងនូវហានិភ័យ»។

អស់រយៈពេល ២ ទសវត្សរ៍បន្ទាប់ពីការដួលរលំនៃវាំងននដែក (Iron Curtain) សហរដ្ឋអាមេរិកបានជាប់ចំណាត់ថ្នាក់លេខមួយ ក៏ប៉ុន្តែបន្ទាប់មកសង្រ្គាមដ៏ខុសឆ្គងខ្លាំងនៅមជ្ឈឹមបូព៌ា, វិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨, ការកើនឡើងនៃវិសមភាព, ការរាលដាលនៃអាភៀន បូករួមនឹងវិបត្តិផ្សេងៗទៀតបានធ្វើឱ្យមនុស្សមានការសង្ស័យទៅលើឧត្តមភាពនៃគំរូសេដ្ឋកិច្ចរបស់អាមេរិក។

ជាងនេះទៅទៀត នៅចន្លោះការ បោះឆ្នោតរបស់លោក Donald Trump, ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅវិមាន Capitol របស់សហរដ្ឋអាមេរិក, ការបាញ់ប្រហារទ្រង់ទ្រាយធំជាច្រើន, ការគាបសង្កត់របស់គណបក្សសាធារណៈរដ្ឋលើអ្នកបោះឆ្នោត និងការកើនឡើងនៃ «ទ្រឹស្តីរបស់អាមេរីក ដែលបានបង្កើតឡើង នៅឆ្នាំ២០១៧ដោយពួកស្តាំនិយមជ្រុលស្តីអំពីការឃុបឃិតគ្នាខាងនយោបាយជាមួយនឹងចលនានយោបាយ» «QAnon» វាបាន បង្ហាញឱ្យឃើញ យ៉ាងច្បាស់ថា «ទិដ្ឋភាពនៃជីវិតនយោបាយ និងសង្គមរបស់អាមេរិកបានក្លាយទៅរឿងដែលមិនអាចទទួលយកបាន»។

ពិតណាស់ សហរដ្ឋអាមេរិកមិនចង់ឱ្យគេផ្តួលខ្លួនបាននោះទេ។ ក៏ប៉ុន្តែវានឹងក្លាយជារឿងដែលជៀសមិនរួច ដោយក្នុងនោះ ប្រទេសចិននឹងវ៉ាដាច់សេដ្ឋកិច្ចរបស់អាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនមានចំនួនប្រជាជនធំជាងអាមេរិករហូតទៅដល់ ៤ ដង ហើយសេដ្ឋកិច្ចរបស់ចិនក៏កំពុងរីកចម្រើនលឿនជាង ៣ ដងផងដែរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

បើទោះបីជាប្រទេសចិនមិនបានប្រកាសខ្លួនថាជា «ការគំរាមកំហែងជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក» ក៏ដោយក៏វានៅតែបង្ហាញឱ្យគ្រប់គ្នាបានឃើញអំពីការគំរាមកំហែងយ៉ាងច្បាស់របស់ចិន។ នៅសហរដ្ឋអាមេរិកមនុស្សជាច្រើនបានមូលមតិគ្នាថា «ប្រទេសចិនអាចបង្កការគំរាមកំហែងជាយុទ្ធសាស្ត្រ» ហើយអ្វីដែលសហរដ្ឋអាមេរិកគួរធ្វើដើម្បីកាត់បន្ថយហានិភ័យនេះគឺ «ការបញ្ឈប់ការជួយសេដ្ឋកិច្ចចិនឱ្យរីកចម្រើន»។

បើយោងតាមទស្សនៈនេះ សកម្មភាពគិតទុកជាមុនត្រូវបានបង្កើតឡើង បើទោះបីជាវា ត្រូវបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកក៏ដោយ។ នៅក្នុងសង្គ្រាមត្រជាក់ថ្មី បញ្ហាសំខាន់នេះបានចាប់ផ្តើមតាំងពីមុនពេលរុស្ស៊ីឈ្លានពានចូលអ៊ុយក្រែន ហើយមន្ត្រីជាន់ខ្ពស់អាមេរិកធ្លាប់បានព្រមានថា «សង្រ្គាមនៅអ៊ុយក្រែនមិនគួរបង្វែរការយកចិត្តទុកដាក់របស់គ្រប់គ្នាចេញពីការគំរាមកំហែងរយៈពេលវែងដ៏ពិតប្រាកដនោះទេ ដែលនោះគឺប្រទេសចិន»។

ដោយសារសេដ្ឋកិច្ចរបស់រុស្ស៊ីមានទំហំ ដូចគ្នាទៅនឹងប្រទេសអេស្ប៉ាញ «ភាពជាដៃគូគ្មានដែនកំណត់» រវាងរុស្ស៊ីជាមួយប្រទេសចិន អាចនឹងមិនបង្កជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនោះទេ។ ប៉ុន្តែ ប្រសិនបើស្ថិតនៅក្នុង «សង្រ្គាម» ប្រទេសមួយច្បាស់ជាត្រូវការយុទ្ធសាស្រ្ត ហើយសហរដ្ឋអាមេរិកនឹងមិនអាចយកឈ្នះការប្រកួតប្រជែងជា មួយមហាអំណាចថ្មីបានទេ បើសិនជាគ្មានសម្ព័ន្ធមិត្ត ដូចជាអឺរ៉ុប និងបណ្តាប្រទេសប្រជាធិបតេយ្យអភិវឌ្ឍផ្សេងទៀតនៅជុំវិញពិភពលោក។

ប៉ុន្តែលោក Trump បានធ្វើអ្វីៗគ្រប់យ៉ាងដែលលោកអាចធ្វើបានដើម្បីផ្តាច់ខ្លួនចេញពីបណ្តាប្រទេសទាំងនោះ ហើយគណបក្សសាធារណរដ្ឋបានលាតត្រដាងនូវរឿងជាច្រើនដែលធ្វើឱ្យគ្រប់គ្នាចោទសួរអំពីភាពដែលអាចទុកចិត្តបានរបស់សហរដ្ឋអាមេរិក។

ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏ត្រូវខិតខំយកឈ្នះចិត្តរបស់មនុស្សរាប់ពាន់លាននាក់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ និងបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន នៅទូទាំងពិភពលោក បូករួមនឹងការធានាឱ្យបាននូវសិទ្ធិក្នុងការចូលទៅប្រើប្រាស់ធនធានសំខាន់ៗ។

ក្នុងការទាក់ទាញការគាំទ្រពីពិភពលោក សហរដ្ឋអាមេរិកនឹងត្រូវស្តារត្រឡប់មក វិញនូវឱកាសជាច្រើន ដែលបានបាត់បង់។ ប្រវត្តិដ៏យូរអង្វែងរបស់អាមេរិកក្នុងការកេងប្រវ័ញ្ចលើប្រទេសដ៏ទៃទៀត គឺជាបញ្ហាប្រឈមមួយ បូករួមនឹងបញ្ហារើសអើងជាតិសាសន៍យ៉ាងជ្រាលជ្រៅ។

នៅពេលថ្មីៗនេះ អ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិកបានរួមចំណែកបង្កើតឱ្យមានបញ្ហារើសអើងវ៉ាក់សាំងជាសកល «Vaccine Apartheid» ដោយក្នុងនោះ ប្រទេសអ្នកមានបានទទួលវ៉ាក់សាំងទាំងអស់ដែលពួកគេត្រូវការ ខណៈដែលប្រជាជន នៅក្នុងបណ្តាប្រទេសក្រីក្រត្រូវបានគេទុក ចោលឱ្យរស់ទៅតាមព្រេងវាសនារបស់ពួកគេ។

ទន្ទឹមគ្នានេះដែរ គូប្រកួតប្រជែងរបស់អាមេរិកនៅក្នុងសង្រ្គាមត្រជាក់ថ្មីបាន និងកំពុងចែកចាយវ៉ាក់សាំងយ៉ាងទូលំទូលាយទៅកាន់បណ្តាប្រទេសផ្សេងទៀតក្នុងតម្លៃទាប ហើយថែមទាំងបានផ្តល់ការជួយដល់បណ្តាប្រទេសនានាក្នុងការអភិវឌ្ឍកន្លែងផលិតវ៉ាក់សាំងផ្ទាល់ខ្លួន របស់ពួកគេទៀតផង។

គម្លាតនៃភាពអាចជឿជាក់កាន់តែមានទំហំធំ នៅពេលនិយាយដល់បញ្ហាស្តីពីការប្រែប្រួលអាកាសធាតុដែលបានជះឥទ្ធិពលដល់មនុស្សនៅតាមបណ្ដាប្រទេសតតិយលោក «Global South» ដែលមានសមត្ថភាពទប់ទល់តិចតួចបំផុត។ បើទោះបីជាបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនបានក្លាយទៅជាប្រភពនាំមុខគេនៃការបំភាយឧស្ម័នផ្ទះកញ្ចក់នៅ ពេលបច្ចុប្បន្ននេះក៏ដោយ ក៏រហូតមកដល់ពេលនេះការបំភាយឧស្ម័នក្នុងចំនួនច្រើនបំផុតនៅតែកើតមាននៅសហរដ្ឋអាមេរិកដដែល។

បណ្តាប្រទេសអភិវឌ្ឍបានបន្តបំភាយកាន់តែច្រើន ហើយកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺពួកគេមិនបានធ្វើតាមការសន្យារបស់ពួកគេ ក្នុងការជួយដល់ប្រទេសក្រីក្រក្នុងការទប់ស្កាត់ផលប៉ះពាល់នៃវិបត្តិអាកាសធាតុ ដែលប្រទេសអ្នកមានជាអ្នកបង្កឡើងនោះទេ។ បន្ថែមពីលើនេះធនាគាររបស់សហរដ្ឋអាមេរិកបានរួមចំណែកបង្កើតឱ្យមានវិបត្តិបំណុលនៅក្នុងប្រទេសជាច្រើន។

អឺរ៉ុប និងអាមេរិកពូកែក្នុងការបង្រៀនអ្នកដទៃអំពីអ្វីដែលត្រឹមត្រូវខាងផ្នែកសីលធម៌ និងអ្វីដែលសមហេតុផលខាងផ្នែកសេដ្ឋកិច្ច។ ក៏ប៉ុន្តែសារដែលពួកគេតែងតែបញ្ជូនចេញគឺ «សូមធ្វើតាមអ្វីដែលខ្ញុំនិយាយ, មិនមែនធ្វើតាមអ្វីដែលខ្ញុំធ្វើនោះទេ»។ បន្ទាប់ពីការដឹកនាំជាច្រើនឆ្នាំរបស់លោក Trump សហរដ្ឋអាមេរិកលែងមានភាពខ្ពង់ខ្ពស់ផ្នែកសីលធម៌ទៀតហើយ ហើយក៏មិនមានសមត្ថភាពក្នុងការផ្តល់ដំបូន្មាននោះដែរ។

ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនបាននិងកំពុងបង្កើតសមត្ថភាពក្នុងការប្រៀនប្រដៅ និងថែមទាំងបានផ្គត់ផ្គង់បណ្តាប្រទេសក្រីក្រជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរឹង។ ប្រសិនបើសហរដ្ឋអាមេរិកនឹងចាប់ផ្តើមសង្រ្គាមត្រជាក់ថ្មីមួយ សហរដ្ឋអាមេរិកគួរតែ ស្វែងយល់ឱ្យបានច្បាស់អំពីអ្វីដែលអាចជួយឱ្យខ្លួនឈ្នះ។ សង្គ្រាមត្រជាក់អាចត្រូវបានឈ្នះ តាមរយៈការប្រើប្រាស់អំណាច ទន់នៃការទាក់ទាញ និងការបញ្ចុះបញ្ចូល។

ដើម្បីអាចមានប្រៀប យើងត្រូវបញ្ចុះបញ្ចូលពិភពលោកឱ្យទិញតែផលិតផលរបស់យើង បូករួមទាំងការទិញប្រព័ន្ធសង្គម, នយោបាយ និងសេដ្ឋកិច្ចរបស់យើង។ សហរដ្ឋអាមេរិកប្រហែលជាដឹងអំពីរបៀបបង្កើតយន្តហោះទម្លាក់គ្រាប់បែក និងប្រព័ន្ធមីស៊ីលដ៏ល្អបំផុតនៅក្នុងពិភពលោក។ ក៏ប៉ុន្តែ វានឹងមិនជួយយើងឱ្យឈ្នះសង្គ្រាមត្រជាក់នោះទេ។

ជំនួសមកវិញ យើងត្រូវផ្តល់ជំនួយជាក់ស្តែងដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ និងបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន ដោយចាប់ផ្តើមជាមួយនឹងការលើកលែងកម្មសិទ្ធិបញ្ញាទាំងអស់ដែលទាក់ទងនឹងវីរុស កូវីដ-១៩ ដើម្បីអាចឱ្យពួកគេផលិតវ៉ាក់សាំង និងឱសថព្យាបាលសម្រាប់ខ្លួនឯងបាន។ រឿងសំខាន់មួយ ទៀតគឺ «លោកខាងលិចត្រូវតែធ្វើឱ្យប្រព័ន្ធសេដ្ឋកិច្ច, សង្គម និងនយោបាយរបស់ខ្លួនក្លាយជាប្រព័ន្ធ ដែលគ្រប់គ្នាក្នុងពិភពលោកច្រណែនចង់បានជាថ្មីម្តងទៀត»។

នៅសហរដ្ឋអាមេរិក រឿងដែលគួរចាប់ផ្តើមគឺ «ការកាត់ បន្ថយអំពើហិង្សាដោយកាំភ្លើង, ការកែលម្អបទប្បញ្ញត្តិបរិស្ថាន, ការប្រយុទ្ធប្រឆាំងនឹងបញ្ហាវិសមភាព និងការរើសអើងជាតិសាសន៍ និងការការពារសិទ្ធិបន្តពូជរបស់ស្ត្រី»។ ប្រសិនបើយើងមិនអាចបង្ហាញថា «ខ្លួនឯងសក្ដិសមជាមេដឹកនាំ» នោះទេ អ្នកដ៏ទៃនឹងមិនព្រមដើរតាមយើងនោះឡើយ៕ Project Syndicate

អត្ថបទទាក់ទង