ខ្មែរប៉ុស្ដិ៍ Close

នៅពេលដែលអាមេរិកចាប់ផ្តើមទំនាក់ទំនងជាមួយលោក Anies Baswedan និងលោក Ganjar Pranowo របស់ឥណ្ឌូណេស៊ី ចិនក៏អាចនឹងធ្វើដូចគ្នាផងដែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 151
នៅពេលដែលអាមេរិកចាប់ផ្តើមទំនាក់ទំនងជាមួយលោក Anies Baswedan និងលោក Ganjar Pranowo របស់ឥណ្ឌូណេស៊ី ចិនក៏អាចនឹងធ្វើដូចគ្នាផងដែរ លោក Ganjar Pranowo គឺ​ជា​បេក្ខជន​នាំមុខគេ​មួយ​រូប​សម្រាប់​ការ​បោះឆ្នោត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ឆ្នាំ 2024។ រូបថត៖ Shutterstock

នៅពេលដែលឥណ្ឌូណេស៊ីត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែកុម្ភៈ ឆ្នាំ ២០២៤ មហាអំណាចជាច្រើនអាចនឹងសង្ឃឹមថា «ប្រធានាធិបតីថ្មីដែលមានលក្ខណៈរួសរាយរាក់ទាក់ នឹងត្រូវបានបោះឆ្នោតជ្រើសរើស នៅចំពេលមានការប្រកួតប្រជែងរវាងអាមេរិកនិងចិន»។ អាមេរិកបានចាប់ផ្តើមទាក់ទងបេក្ខជនប្រធានាធិបតីដែលមានសក្តានុពលមួយចំនួនរួចហើយ ដើម្បីស្គាល់ពួកគេឱ្យបានកាន់តែច្បាស់ ខណៈដែលចិននៅមិនទាន់បានធ្វើសកម្មភាពបែបនេះនៅឡើយ។

យោងតាមការស្ទង់មតិរបស់ឥណ្ឌូណេស៊ីនៅពេលថ្មីៗនេះ បេក្ខភាព ៣ រូបសម្រាប់តំណែងប្រធានាធិបតី ដែលមានការគាំទ្រលើស ២០% រួមមាន រដ្ឋមន្ត្រីការពារជាតិ Prabowo Subianto, អភិបាលខេត្ត Central Java លោក Ganjar Pranowo និងលោក Anies Baswedan ដែលជាអតីតអភិបាលក្រុងហ្សាកាតា។

កាលពីថ្ងៃសុក្រ បក្សប្រជាធិបតេយ្យឥណ្ឌូណេស៊ី ដែលកំពុងកាន់អំណាច (PDI-P) បានដាក់ស្នើជាផ្លូវការដើម្បីឱ្យលោក Ganjar ដែលជាកម្មាភិបាលបក្ស ឱ្យក្លាយជាបេក្ខជនប្រធានាធិបតីរបស់ខ្លួន ខណៈបក្ស Gerindra របស់អតីតឧត្តមសេនីយ Prabowo បានតែងតាំងលោកជាបេក្ខជនដែលខ្លួនគាំទ្រ។ ទន្ទឹមនឹងនោះដែរ លោក Anies ត្រូវបានតែងតាំងរួមគ្នាដោបក្ស National Democrats (NasDem), បក្ស Democrat និងបក្ស Prosperous Justice (PKS)។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto ចាប់ដៃជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។ លោក Prabowo ត្រូវបានគេចាត់ទុកថាជាអ្នកនាំមុខគេម្នាក់ សម្រាប់ការបោះឆ្នោតនៅឥណ្ឌូនេស៊ី ឆ្នាំ 2024 ។ រូបថត៖ Reuters/Pool

បេក្ខជនសក្តានុពលចំនួន ២ រូប ក្នុងចំណោមបេក្ខជនទាំង៣ ធ្លាប់បានរៀននៅស្ថាប័នសិក្សារបស់អាមេរិក ដោយក្នុងនោះ សញ្ញាបត្របណ្ឌិតរបស់លោក Anies គឺមកពីសាកលវិទ្យាល័យ Northern Illinois ខណៈដែលលោក Prabowo ក៏ដូចជាមេដឹកនាំយោធាឥណ្ឌូណេស៊ីជាច្រើននាក់នៅសម័យរបស់លោក បានទទួលការបណ្តុះបណ្តាលនៅ Fort Benning ក្នុងរដ្ឋ Georgia។

ផ្ទុយទៅវិញ សញ្ញាបត្ររបស់លោក Ganjar គឺមកពីសាកលវិទ្យាល័យ Gadjah Mada (UGM) និងសាកលវិទ្យាល័យឥណ្ឌូណេស៊ី។ លោក Anies និងប្រធានាធិបតី Joko Widodo ក៏ជាអតីតនិស្សិតរបស់ UGM ផងដែរ។ ទាក់ទងនឹងទំនាក់ទំនងជាមួយមន្ត្រីបរទេសនិងប្រទេសខាងក្រៅ លោក Ganjar មានបទពិសោធន៍តិចតួចជាងគេបំផុត ដោយសារតែលោកមានតួនាទីត្រឹមជាអភិបាលខេត្ត។

ទោះជាយ៉ាងណាក៏ដោយ លោកបានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តរបស់លោក និងបានទៅបំពេញទស្សនកិច្ចនៅចិនដើម្បីអំពាវនាវឱ្យសហគ្រិនមកបណ្តាក់ទុននៅប្រទេសឥណ្ឌណេស៊ី ជាពិសេសក្នុងការគ្រប់គ្រងកាកសំណល់តាមផ្ទះ និងកាកសំណល់ឧស្សាហកម្ម។

ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Hebei Bishi Steel Group របស់ចិនបានវិនិយោគប្រាក់ចំនួន ២,៥៤ ពាន់លានដុល្លារអាមេរិកនៅក្នុងខេត្ត Central Java។ នៅឆ្នាំ ២០១៩ លោក Ganjar ក៏បានអំពាវនាវឱ្យអ្នកដឹកនាំធុរកិច្ចចិនមកពីខេត្ត Fujian មកបណ្តាក់ទុននៅក្នុងខេត្តរបស់លោកផងដែរ។

លោក Prabowo មានប្រវត្តិមិនសូវល្អទេជាមួយអាមេរិក។ លោកត្រូវបានហាមឃាត់មិនឱ្យចូលអាមេរិនៅក្នុងឆ្នាំ ២០០០ និងឆ្នាំ ២០១២ ដោយសារតែការចោទប្រកាន់ថា «លោកជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស នៅចុងបញ្ចប់នៃការគ្រប់គ្រងរបស់មេដឹកនាំផ្តាច់ការ Suharto ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០»។

នៅឆ្នាំ ២០២០ ក្នុងអំឡុងពេលរដ្ឋបាល Trump លោក Prabowo បានទៅទស្សនកិច្ចនៅអាមេរិកក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ បន្ទាប់ពីទទួលបានទិដ្ឋាការពិសេស។ លោកក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនផងដែរ និងបានបង្កើតទំនាក់ទំនងការងារដ៏ល្អជាមួយក្រសួងការពារជាតិនៅទីនោះ។

ទន្ទឹមនឹងនេះដែរ លោក Anies មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាមេរិកនិងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដោយក្នុងនោះលោកធ្លាប់បានសិក្សានៅរដ្ឋ Maryland និងរដ្ឋ Illinois និងធ្លាប់បានទៅកំសាន្តនៅអឺរ៉ុបក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំទៀតផង។ ក្នុងនាមជាអភិបាលក្រុងហ្សាកាតា លោកបានទៅទស្សនកិច្ចនៅប្រទេសចំនួន ៣ នៅអឺរ៉ុប ដើម្បីពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនឆាប់រហ័ស។

បន្ទាប់ពីចុះចេញពីតំណែងជាអភិបាលក្រុង លោក Anies ត្រូវបានអញ្ជើញទៅកាន់ប្រទេសអង់គ្លេស និងអាមេរិកដើម្បីឱ្យធ្វើការបង្រៀន។ លោក Anies ដោយមានការគាំទ្រពី NasDem បានធ្វើយុទ្ធនាការមិនផ្លូវការចាប់តាំងពីខែតុលាមក ហើយបើប្រៀបធៀបទៅនឹងលោក Prabowo និងលោក Ganjar, លោក Anies មានការចូលរួមច្រើនជាងជាមួយបណ្តាមន្ត្រី និងមេដឹកនាំលោកខាងលិច។

អាកប្បកិរិយានិងភាពស្ទាត់ជំនាញរបស់លោកជាមួយភាសាអង់គ្លេស គឺពិតជាទ្រព្យសម្បត្តិដ៏ពិសេសមួយនៅក្នុងរឿងនេះ។ អាមេរិកកំពុងព្យាយាមស្វែងយល់ឱ្យបានកាន់តែច្រើនពីលោក Ganjar និងលោក Anies ក្នុងនាមជាបេក្ខជនអនាគត និងជាអ្នកដឹកនាំ។ លោក Prabowo ត្រូវបានគេស្គាល់ច្បាស់ច្រើនរួចស្រេចហើយ ដោយសារអាជីពដ៏វែងឆ្ងាយរបស់លោកនៅក្នុងជួរយោធាឥណ្ឌូណេស៊ី និងក្រោយមកក្នុងជួររដ្ឋាភិបាល។

កាលពីខែតុលា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងហ្សាកាតា លោក Sung Yong Kim បានជួបជាមួយលោក Ganjar នៅក្នុងទីក្រុង Semarang នៅប៉ុន្មានថ្ងៃបន្ទាប់ពី NasDem បានប្រកាសថា «លោក Anie គឺជាបេក្ខជនប្រធានាធិបតីដែលខ្លួនគាំទ្រ»។ នៅក្នុងខែវិច្ឆិកា លោក Anies ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងវេទិកា «CEO Bloomberg» ដើម្បីនិយាយអំពីបទពិសោធន៍របស់លោកក្នុងនាមជាអភិបាលក្រុងហ្សាកាតា។

នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងហ្សាកាតាបានទទួលទានអាហារថ្ងៃត្រង់ជាមួយលោកលោក Anie ហើយវាត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ពួកគេបានពិភាក្សាគ្នាអំពីនយោបាយនៅទីក្រុងហ្សាកាតា និងឥណ្ឌូណេស៊ី»។ កាលពីខែកុម្ភៈ ឯកអគ្គរដ្ឋទូតអាមេរិក លោក Kim បានទៅទស្សនាទីស្នាក់ការកណ្តាល PKS ក្នុងទីក្រុងហ្សាកាតា ដោយក្នុងនោះ លោកបាននិយាយថា «លោកចង់ទទួលបានព័ត៌មានស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅឥណ្ឌូណេស៊ី»។

អាមេរិក​កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ស្គាល់​បេក្ខជន​អនាគត​ដែល​អាច​ជំនួស​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo ក្នុង​ការ​បោះឆ្នោតនៅ​ឆ្នាំ​ក្រោយ។ រូបថត៖ Reuters

ថ្នាក់ដឹកនាំ PKS បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកដោយបានហៅវាថាជា «ដំណើរទស្សនកិច្ចជាលក្ខណៈមិត្តភាព»។ គួរកត់សម្គាល់ផងដែរថា «ក្រុមអ៊ីស្លាមនិយម PKS បានរិះគន់គោលនយោបាយរបស់អាមេរិកនៅមជ្ឈិមបូព៌ា ក៏ដូចជាគោលនយោបាយស្តីពីសាសនាអ៊ីស្លាម»។ មេដឹកនាំ PKS ទទួលបន្ទុកលើកិច្ចការនយោបាយនិងសិទ្ធិមនុស្ស លោក Al Muzzamil Yusuf បានកត់សម្គាល់ថា «ឯកអគ្គរដ្ឋទូតចង់ដឹងបន្ថែមអំពីដំណើរការប្រជាធិបតេយ្យនៅឥណ្ឌូណេស៊ី រួមទាំងការបោះឆ្នោតឆ្នាំ ២០២៤ ផងដែរ»។

លោក Al Muzzamil បានបដិសេធមិនឆ្លើយតប នៅពេលត្រូវបានគេសួរថា «តើពួកគេបានពិភាក្សាជាមួយលោក Anie ជាពិសេសឬអត់»។ អ្នកអត្ថាធិប្បាយម្នាក់គឺលោក Dedi Kurnia Syah ដែលជានាយកប្រតិបត្តិនៃ Indonesia Political Opinion បានប៉ាន់ស្មានថា «គោលបំណងនៃកិច្ចប្រជុំគឺការនិយាយអំពីបេក្ខភាពរបស់លោក Anie ដែលនៅពេលនោះ បក្ស PKS នៅមិនទាន់បានអនុម័តជាផ្លូវការថា : លោក Anies គឺជាបេក្ខជនប្រធានាធិបតីរបស់ខ្លួន»។

របាយការណ៍មួយរបស់គេហទំព័រ Republika បានធ្វើការសន្និដ្ឋានថា «ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតអាចជានិមិត្តរូបនៃការគាំទ្រសម្រាប់លោក Anies»។ នៅ ១០ ថ្ងៃបន្ទាប់ពីកិច្ចប្រជុំនេះ បក្ស PKS បានអនុម័តជាផ្លូវការថា «លោក Anies គឺជាបេក្ខជនប្រធានាធិបតីរបស់ខ្លួន»។ វាអាចទៅរួចដែលថា «ការប្រជុំបែបនេះកាន់តែច្រើនអាចនឹងកើតឡើង នៅក្នុងអំឡុងការប្រកួតប្រជែងនៅឆ្នាំ ២០២៤»។

អាមេរិកនិងចិន នឹងព្យាយាមស្វែងយល់ឱ្យបានកាន់តែប្រសើរជាងមុនអំពីបេក្ខជនជួរមុខនីមួយៗ ជាពិសេសគឺបញ្ហាថា «តើប្រធានាធិបតីឥណ្ឌូណេស៊ីបន្ទាប់នឹងប្រកាន់ជំហរបែបណានៅលើឆាកតំបន់ និងពិភពលោក»៕

South China Morning Post

អត្ថបទទាក់ទង