វិបត្តិប្រព័ន្ធធនាគាររបស់អាមេរិកនៅមិនទាន់ចប់ និងមិនងាយចប់នោះទេ
ធនាគារ Silicon Valley Bank (SVB) និងធនាគារ Signature Bank បានរងនូវការបរាជ័យក្នុងល្បឿនដ៏លឿន ដោយសារអ្នកផ្ញើប្រាក់ច្រើនពេកបាននាំគ្នាមកដកប្រាក់បញ្ញើរបស់ពួកគេចេញវិញពីធនាគារក្នុងពេលព្រមៗគ្នា។ បរាជ័យរបស់ធនាគារ SVB និង Signature គឺជាការបរាជ័យដ៏ធំបំផុត ២ ក្នុងចំណោម ៣ នៅក្នុងប្រវត្តិសាស្ត្រធនាគាររបស់អាមេរិក នៅក្រោយការដួលរលំរបស់ «Washington Mutual» នៅឆ្នាំ ២០០៨ (ជាអក្សរកាត់ WaMu ជាសមាគមសន្សំប្រាក់ និងផ្ដល់កម្ចីដ៏ធំបំផុតរបស់អាមេរិក ដែលបានដួលរលំនៅក្នុងឆ្នាំ ២០០៨)។
«តើរឿងនេះអាចកើតឡើងបានយ៉ាងដូចម្តេច នៅពេលដែលឧស្សាហកម្មធនាគារបាននិងកំពុងស្ថិតនៅក្នុងកម្រិតឯកគ្គទកម្មនៃទុនបម្រុងដ៏លើសលុបបែបនេះ?»
បើទោះបីជាប្រភេទនៃហានិភ័យចម្បងជាងគេដែលធនាគារពាណិជ្ជតែងតែជួបប្រទះគឺជាការកើនឡើងនៃចំនួនអ្នកដែលមិនមានសមត្ថភាពបង់សងកម្ចី (ដែលគេស្គាល់ថាជាហានិភ័យឥណទាន) ក៏ដោយ ក៏រឿងនេះមិនមែនជាអ្វីដែលកំពុងកើតមាននៅអាមេរិកនោះទេ។
ក្នុងនាមជាសេដ្ឋវិទូមួយរូបដែលមានជំនាញផ្នែកប្រព័ន្ធធនាគារ ខ្ញុំជឿថា «វាមានហានិភ័យធំៗផ្សេងទៀតចំនួន ២ ដែលគ្រប់ម្ចាស់ឥណទានទាំងអស់បាននិងកំពុងប្រឈមមុខ គឺហានិភ័យនៃអត្រាការប្រាក់ និងហានិភ័យសាច់ប្រាក់ងាយស្រួល»។
ហានិភ័យនៃអត្រាការប្រាក់
ធនាគារមួយនឹងប្រឈមមុខនឹងហានិភ័យនៃអត្រាការប្រាក់ នៅពេលដែលអត្រាការប្រាក់កើនឡើងយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលខ្លី ហើយនេះគឺជាអ្វីដែលបានបន្តកើតមានឡើងនៅអាមេរិកចាប់តាំងពីខែមីនា ឆ្នាំ ២០២២ មក។ ធនាគារកណ្តាលអាមេរិកបានបន្តដំឡើងអត្រាការប្រាក់យ៉ាងគំហុក ក្នុងចំនួន ៤,៥% នៅក្នុងពេលកន្លងមក ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងនៃអតិផរណា។
ជាលទ្ធផល ថ្លៃដើមនៃបំណុលក៏បានហក់ឡើងក្នុងអត្រាដ៏លឿនដូចគ្នានេះដែរ។ នៅខែមីនា ឆ្នាំ ២០២៣ ផលចំណេញរបស់បណ្ណរតនាគាររបស់រដ្ឋាភិបាលអាមេរិក សម្រាប់រយៈពេល ១ ឆ្នាំបានស្ថិតក្នុងកម្រិតខ្ពស់បំផុតចំនួន ៥,២៥% ដែលមិនធ្លាប់កើតមានក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ ពោលគឺកើនឡើងពីចំនួនក្រោម ០,៥% នៅដើមឆ្នាំ ២០២២។
នៅពេលផលចំណេញនៃទីផ្សារភាគហ៊ុនកើនឡើង តម្លៃរបស់វាក៏បានធ្លាក់ចុះ ហើយការឡើងថ្លៃយ៉ាងលឿននៃអត្រាការប្រាក់នៅក្នុងរយៈពេលខ្លីបែបនេះ បានធ្វើឱ្យតម្លៃទីផ្សាររបស់បណ្ណបំណុលដែលបានចេញកាលពីពេលមុនៗ មិនថាជាសញ្ញបណ្ណសាជីវកម្ម ឬបណ្ណរតនាគាររដ្ឋាភិបាលក្តី បានដាំក្បាលចុះយ៉ាងខ្លាំង ជាពិសេសសម្រាប់បំណុលដែលមានអាយុកាលវែង។
ធនាគារ Silicon Valley Bank មានចំណែកដ៏ធំនៃទ្រព្យសកម្មរបស់ខ្លួន (ចំនួន ៥៥%) ដែលត្រូវបានវិនិយោគនៅក្នុងផ្សារភាគហ៊ុន។ ជាក់ស្តែង ហានិភ័យនៃអត្រាការប្រាក់ដែលឈានដល់ការធ្លាក់ចុះនៃតម្លៃទីផ្សាររបស់ផ្សារភាគហ៊ុន គឺមិនមែនជាបញ្ហាធំនោះទេ ប្រសិនបើម្ចាស់ភាគហ៊ុនអាចទ្រាំទ្របានរហូតដល់កាលកំណត់ ដែលជាពេលដែលខ្លួនអាចប្រមូលបានមកវិញនូវតម្លៃដើមរបស់ភាគហ៊ុន (Face Value) ដោយពុំចាំបាច់រងនូវការខាតបង់។
ការខាតបង់ដែលត្រូវបានហៅថា «Unrealized Loss» នឹងបន្តស្ថិតនៅតែក្នុងតារាងតុល្យការរបស់ធនាគារ ហើយនឹងរលាយបាត់រូបរាងជាបណ្តើរៗទៅតាមពេលវេលា។ ប៉ុន្តែ ប្រសិនបើម្ចាស់រូបនោះត្រូវលក់ភាគហ៊ុនរបស់ខ្លួននៅមុនពេលកាលកំណត់ នៅពេលដែលតម្លៃទីផ្សារមានចំនួនទាបជាងតម្លៃដើម ការខាតបង់ «Unrealized Loss» នឹងក្លាយទៅជាការខាតបង់ជាក់ស្តែង។
នេះគឺជាអ្វីដែលធនាគារ SVB បានធ្វើនៅដើមឆ្នាំនេះ នៅពេលអតិថិជនខ្លួនបានចាប់ផ្តើមដកយកប្រាក់បញ្ញើចេញពីធនាគារ ជាមួយនឹងក្តីរំពឹងថា «អត្រាការប្រាក់នឹងបន្តកើនឡើងកាន់តែខ្ពស់ថែមទៀត»។ បញ្ហានេះបាននាំយើងឆ្ពោះទៅរកហានិភ័យសាច់ប្រាក់ងាយស្រួល។
ហានិភ័យនៃសាច់ប្រាក់ងាយស្រួល
ហានិភ័យសាច់ប្រាក់ងាយស្រួលគឺជាហានិភ័យដែលធនាគារមួយនឹងមិនអាចបំពេញតាមកាតព្វកិច្ច នៅពេលដែលខ្លួនប្រឈមមុខនឹងការខាតបង់។ ឧទាហរណ៍ : ប្រសិនបើអ្នកចំណាយប្រាក់សន្សំរបស់អ្នកចំនួន ១៥០ ០០០ ដុល្លារ ដើម្បីទៅទិញផ្ទះមួយ ហើយភ្លាមៗនោះ អ្នកស្រាប់តែត្រូវការប្រាក់ខ្លះ ឬប្រាក់ទាំងអស់នោះដើម្បីដោះស្រាយបញ្ហាអាសន្នមួយផ្សេងទៀត នោះអ្នកនឹងជួបប្រទះនឹងផលវិបាកដែលកើតចេញពីហានិភ័យសាច់ប្រាក់ងាយស្រួល។
ប្រាក់របស់អ្នកមួយចំណែកធំគឺស្ថិតជាប់នៅក្នុងការទិញផ្ទះដែលមិនងាយដោះដូរចេញជាសាច់ប្រាក់មកវិញឡើយ។ អតិថិជនរបស់ធនាគារ SVB បានដកយកប្រាក់បញ្ជើរបស់ពួកគេហួសពីអ្វីដែលធនាគារអាច ទូទាត់ឱ្យបាន តាមរយៈការប្រើប្រាស់ទុនបម្រុងជាសាច់ប្រាក់របស់ខ្លួន ហើយដើម្បីអាចបំពេញបានតាមកាតព្វកិច្ចរបស់ខ្លួន ធនាគារបានសម្រេចលក់ចេញនូវមូលបត្រទាំង ២១ ពាន់លានដុល្លារ ដោយសុខចិត្តខាតបង់រហូតដល់ ១,៨ ពាន់លានដុល្លារ។
ការធ្លាក់ចុះនៃមូលធនជាភាគហ៊ុនបានបង្ខំឱ្យធនាគារដាក់លក់ភាគហ៊ុនថ្មីរបស់ខ្លួនក្នុងតម្លៃជាង ២ ពាន់លានដុល្លារ។ ការប្រកាសដំឡើងចំនួនភាគហ៊ុននេះបានបញ្ជូនសារមិនល្អដល់អតិថិជនរបស់ធនាគារ SVB ដែលកំពុងបាត់បង់ទំនុកចិត្តលើធនាគារ និងបាននាំគ្នាសម្រុកទៅដកប្រាក់ពីធនាគារ។
ស្ថានភាពបែបនេះ កុំថាឡើយធនាគារដែលមានដំណើរការល្អ ក៏អាចប្រឈមមុខនឹងការធ្លាក់ចូលក្នុងវិបត្តិក្ស័យធននៅក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃដែរ។ បញ្ហានេះមួយផ្នែកគឺដោយសារអតិថិជនជាច្រើនរបស់ធនាគារ SVB បានតម្កល់ប្រាក់បញ្ញើលើសពី ២៥០ ០០០ ដុល្លារ ដែលត្រូវបានធានាដោយ «Federal Deposit Insurance Corp»។
អតិថិជនបានដឹងថា «ប្រាក់របស់ពួកគេប្រហែលជាគ្មានសុវត្ថិភាពនោះទេ ប្រសិនបើធនាគារនោះដួលរលំ» ខណៈដែល ៨៨% នៃប្រាក់បញ្ជើនៅធនាគារ SVB មិនមានការធានានោះ។ ធនាគារ Signature ក៏បាន ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដោយក្នុងនោះ នៅពេលធនាគារ SVB ដួលរលំ អតិថិជនជាច្រើនរបស់ធនាគារ Signature ក៏បានដកយកប្រាក់បញ្ញើរបស់ពួកគេចេញ ដោយសារក្តីកង្វល់ស្រដៀងគ្នាជុំវិញហានិភ័យសាច់ប្រាក់ងាយស្រួលនេះដែរ។
នៅពេលបច្ចុប្បន្ននេះ ធនាគារទាំងអស់បាននិងកំពុងប្រឈមមុខនឹងហានិភ័យនៃអត្រាការប្រាក់ ដោយសារតែយុទ្ធនាការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។ ប្រការនេះបានបង្កឱ្យមានការខាតបង់ប្រមាណ ៦២០ ពាន់លានដុល្លារនៅក្នុងតារាងតុល្យការរបស់ធនាគារជាច្រើន ដោយគិតត្រឹមខែធ្នូ ឆ្នាំ ២០២២។ ប៉ុន្តែធនាគារភាគច្រើនអាចនឹងមិនជួបប្រទះនឹងហានិភ័យធ្ងន់ធ្ងរនៃសាច់ប្រាក់ងាយស្រួលឡើយ។
បើទោះបីជាធនាគារ SVB និងធនាគារ Signature កំពុងគោរពនិងអនុវត្តតាមលក្ខខណ្ឌនិយតកម្មក៏ដោយ ក៏ទ្រពសកម្មរបស់ពួកគេមិនមានលក្ខណៈស៊ីគ្នានឹងកម្រិតមធ្យមនៃឧស្សាហកម្មធនាគារនោះដែរ។ ធនាគារ Signature មានទ្រព្យសកម្មគិតជាសាច់ប្រាក់របស់ខ្លួនតែជាង ៥% ប៉ុណ្ណោះ ខណៈធនាគារ SVB មានចំនួន ៧% បើប្រៀបធៀបនឹងចំនួនមធ្យម ១៣% ដែលត្រូវបានកំណត់សម្រាប់វិស័យធនាគារ។
ការសម្រេចរបស់រដ្ឋាភិបាលអាមេរិកក្នុងការធានាដល់ប្រាក់បញ្ញើទាំងអស់របស់ធនាគារ SVB និងធនាគារ Signature បើទោះបីជាមានទំហំប៉ុណ្ណាក៏ដោយ អាចជួយឱ្យបណ្តាធនាគារដែលមានសាច់ប្រាក់តិចនិងមានមូលបត្រច្រើន មិនសូវប្រឈមមុខនឹងបញ្ហាកង្វះសាច់ប្រាក់ងាយស្រួល ដែលបង្កឡើងដោយការដកប្រាក់ចេញទ្រង់ទ្រាយធំ ដោយសារការភ័យស្លន់ស្លោរ។
ប៉ុន្តែជាមួយនឹងប្រាក់បញ្ជើធនាគារជាង ១ ទ្រីលានដុល្លារនៅពេលបច្ចុប្បន្នដែលគ្មានការធានា វិបត្តិនៅក្នុងប្រព័ន្ធធនាគារនឹងមិនងាយចប់នោះទេ៕
Asia Times