ខ្មែរប៉ុស្ដិ៍ Close

ភាពរវើរវាយនៃការធ្វើបដិ-ដុល្លារនីយកម្ម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 52
ភាពរវើរវាយនៃការធ្វើបដិ-ដុល្លារនីយកម្ម ភាពរវើរវាយនៃការធ្វើបដិ-ដុល្លារនីយកម្ម

«តើប្រាក់ដុល្លារកំពុងស្លាប់មែនទេ?»

បន្ទាប់ពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បូករួមនឹងការកើនឡើងយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ប្រាក់និងទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាមេរិកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រឿងរ៉ាវនិងសុន្ទរកថាមួយចំនួនត្រូវបានលើកឡើងពាក់ព័ន្ធនឹងការធ្វើបដិ-ដុល្លារនីយកម្ម។

ព្រឹត្តិការណ៍ថ្មីៗបំផុតបានកើតឡើងកាលពីសប្តាហ៍មុន នៅពេលដែលប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានអំពាវនាវឱ្យមានការបង្កើតរូបិយបណ្ណ BRICS (ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្វ្រិកខាងត្បូង) ដោយក្នុងនោះ លោកបាននិយាយថា «ជារៀងរាល់យប់ ខ្ញុំតែងតែសួរខ្លួនឯងថា ហេតុអ្វីបានជាប្រទេសទាំងអស់ត្រូវពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកសម្រាប់ការធ្វើពាណិជ្ជកម្ម»។

កាលពីប៉ុន្មានថ្ងៃមុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានលើកឡើងថា «ប្រទេសរបស់លោកនឹងមិនបន្តពឹងផ្អែកលើប្រាក់ដុល្លារឡើយ» ហើយតួលេខដែលបានចេញផ្សាយកាលពីថ្ងៃទី ០៣ ខែមេសា បានបង្ហាញថា «នៅក្នុងខែកុម្ភៈ ប្រាក់យ័នរបស់ចិន បានកើនលើសប្រាក់ដុល្លារក្នុងនាមជារូបិយបណ្ណ ដែលត្រូវបានជួញដូរច្រើនបំផុតនៅក្នុងប្រទេសរុស្ស៊ី»។

ព្រឹត្តិការណ៍ទាំងនេះបានបញ្ជាក់កាន់តែច្បាស់ថា «ប្រាក់ដុល្លារអាមេរិកពិតជាកំពុងធ្លាក់ចុះ»។ ជាមួយនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន និងការបន្តបែកបាក់នៃភូមិសាស្ត្រនយោបាយ មនុស្សកាន់តែច្រើនបានយល់ឃើញថា «ប្រាក់យ័នអាចបង្កការគំរាមកំហែងដល់ការត្រួតត្រារបស់ប្រាក់ដុល្លារអាមេរិក»។ ប្រទេសដែលធ្លាប់ស្ថិតក្រោមការត្រួតត្រារបស់ប្រាក់ដុល្លារ ឥឡូវនេះទំនងជាកំពុងខិតខំងាកទៅរករូបិយបណ្ណផ្សេងទៀត ក្រោមហេតុផលពាណិជ្ជកម្មឬនយោបាយ ជាពិសេសប្រសិនបើពួកគេមានទស្សនៈផ្ទុយគ្នាពីអាមេរិក។

សូមអាន ស្ថានភាពរបស់សហរដ្ឋអាមេរិកដែលមិនអាចបង់សងបំណុលអាចធ្វើឱ្យប្រាក់ដុល្លារដួលរលំ

សាជីវកម្មប្រេង «China National Offshore Oil Corporation» និងក្រុមហ៊ុន «TotalEnergies» របស់បារាំងបានចុះកិច្ចព្រមព្រៀងថាមពលជាមួយនឹងការទូទាត់ដោយប្រើប្រាក់យ័នជាលើកដំបូងនៅក្នុងខែមីនា។ សូម្បីតែអារ៉ាប៊ីសាអូឌីតក៏បានលើកឡើងកាលពីឆ្នាំមុនដែរថា «ខ្លួនអាចនឹងចាប់ផ្តើមការជួញដូរប្រេងដោយប្រើប្រាក់យ័នជាជាងប្រាក់ដុល្លារ»។

ប៉ុន្តែខណៈពេលដែលវាមានការកើនឡើងជាបន្តបន្ទាប់នៃការប្រើប្រាស់ប្រាក់យ័នសម្រាប់ពាណិជ្ជកម្ម និងនៅក្នុងសកម្មភាពហិរញ្ញវត្ថុមួយចំនួន ការធ្វើអន្តរជាតិនីយកម្មនៃប្រាក់យ័ននៅតែត្រូវបានអូសបន្លាយពេល ដោយសាបញ្ហាដើមទុន និងកង្វះការបំប្លែងមូលធន ក៏ដូចជាសេរីភាវូបនីយកម្មផ្នែកហិរញ្ញវត្ថុ។ ដូច្នេះវានៅតែមិនទាន់មានគូប្រកួតប្រជែងពិតប្រាកដណាមួយនៅឡើយទេចំពោះប្រាក់ដុល្លារ សម្រាប់ពេលអនាគតដ៏ខ្លីខាងមុខ។

ស្ថិតិខ្លះអាចជួយពន្យល់ចំណុចនេះ។ ចំណែកនៃប្រាក់យ័ននៅក្នុងហិរញ្ញវត្ថុពាណិជ្ជកម្មបានកើនឡើងជាងទ្វេដង បើគិតចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន (យោងតាមកាសែត Financial Times)។ ចំណែករូបិយបណ្ណនៃការផ្តល់ហិរញ្ញប្បទានដល់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រព័ន្ធធនាគារ SWIFT បានកើនឡើងពីតិចជាង ២% ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដល់ ៤,៥% ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ដែលជាល្បឿននៃកំណើនដ៏គួរឱ្យកត់សម្គាល់។

ប៉ុន្តែផលដែលទទួលបានទាំងនេះ បានកើតឡើងនៅក្នុងអំឡុងពេលដែលរុស្ស៊ីត្រូវបានកាត់ចេញពីប្រព័ន្ធ SWIFT។ ជាមួយនឹងទណ្ឌកម្មរបស់លោកខាងលិច រុស្ស៊ីបានងាកទៅរកចិនសម្រាប់ការនាំចូល។ ដោយមិនអាចផ្តល់ហិរញ្ញប្បទានជាប្រាក់ Ruble រុស្ស៊ីក៏បានងាកទៅរកប្រាក់យ័នជំនួសវិញ។

សូមអាន អាស៊ានរុញច្រានប្រឆាំងនឹងប្រាក់ដុល្លារ

មិនត្រឹមតែប៉ុណ្ណោះចំណែកនៃការផ្តល់ហិរញ្ញប្បទានដល់ការធ្វើពាណិជ្ជកម្មជាសកលរបស់ចិននៅមានតិចតួចនៅឡើយ។ ចំណែកនៃប្រាក់អឺរ៉ូមានចំនួន ៦% ខណៈចំណែកនៃប្រាក់ដុល្លារអាមេរិកមានចំនួនច្រើនជាង ៨៤%។ ដោយសារចិនជាប្រទេសដែលធ្វើពាណិជ្ជកម្មទំនិញដ៏ធំបំផុតរបស់ពិភពលោក វាពិតជារឿងដ៏គួរឱ្យកត់សម្គាល់ដែលប្រាក់យ័នមានចំណែកតូច នៅក្នុងការផ្តល់ហិរញ្ញប្បទានដល់ការធ្វើពាណិជ្ជកម្ម ដែលនេះបានបង្ហាញអំពីការលំបាកក្នុងការធ្វើអន្តរជាតិនីយកម្មនៃរូបិយបណ្ណ ខណៈប្រាក់ដុល្លារអាមេរិកនឹងនៅតែបន្តដើរតួនាទីជាទុនបម្រុងរបស់ពិភពលោក។

ក្រៅពីប្រាក់យ័នវាគ្មានគូប្រជែងពិតប្រាកដណាផ្សេងទៀតនោះទេ។ ដៃគូប្រកួតប្រជែងចម្បងបំផុតអាចជាប្រាក់អឺរ៉ូ ក៏ប៉ុន្តែនេះគឺជារូបិយបណ្ណរបស់រដ្ឋខុសៗគ្នាចំនួន ២០ ដែលមានគោលនយោបាយសារពើពន្ធខុសៗគ្នា, បំណុលនិងទីផ្សារភាគហ៊ុនខុសៗគ្នា និងដែលបានទទួល រងគ្រោះយ៉ាងខ្លាំងដោយសារវិបត្តិបំណុលកាលពីជាង ១ ទសវត្សរ៍មុន។

ដូច្នេះ វាមានឱកាសតិចតួចណាស់ដែលប្រាក់អឺរ៉ូនឹងត្រូវបានគេចាត់ទុកជាជម្រើសដែលអាចទៅរួចនៅក្នុងពេលឆាប់ៗខាងមុខ។ វាគឺជាគំនិតដ៏រវើរវាយដែលព្យាយាមបង្រួបបង្រួមសេដ្ឋកិច្ចដែលមានភាពខុសគ្នាយ៉ាងខ្លាំង ឱ្យក្លាយទៅជា (សហភាពរូបិយវត្ថុ) មួយ ខណៈដែលភាពរួបរួមគ្នាផ្នែកសារពើពន្ធ ឬការឯកភាពគ្នាផ្នែកនយោបាយមានកម្រិតទាប។

អ្នកគាំទ្ររូបិយបណ្ណ Crypto អាចនឹងព្យាយាមពន្យល់អំពីអត្ថប្រយោជន៍របស់រូបិយបណ្ណ Crypto ដូចជា Bitcoin និងមូលហេតុដែលវាគួរតែត្រូវបានគេចាត់ទុកជាជម្រើសល្អជាងប្រាក់ដុល្លារ។ ប៉ុន្តែតម្លៃ Bitcoin ធៀបនឹងប្រាក់ដុល្លារ បានធ្លាក់ចុះ ៧៥% បើគិតចាប់ពីចុងឆ្នាំ ២០២១ ដល់ចុងឆ្នាំ ២០២២ នៅមុនពេលអាចកើនឡើងបន្តិចវិញ នៅខែមេសា ឆ្នាំ ២០២៣។

ទោះជាយ៉ាងណាក៏ដោយ ការត្រួតត្រារបស់ប្រាក់ដុល្លារអាមេរិកនឹងនៅតែបន្តកើតមាន។ ដើម្បីឱ្យប្រាក់ដុល្លារអាចធ្លាក់ពីតំណែងជាទុនបម្រុង ជម្រើសដែលអាចជួញដូរបាននិងបំប្លែងបានដោយសេរី និងដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងងាយស្រួលសម្រាប់ការធ្វើពាណិជ្ជកម្ម, ការរក្សាទុកជាទុនបម្រុង និងសម្រាប់សកម្មភាពហិរញ្ញវត្ថុ ត្រូវតែលេចចេញជារូបរាងឡើង។

នៅទីបំផុត វាអាចជាប្រាក់យ័ន ក៏ប៉ុន្តែប្រាកដណាស់ វានឹងមិនអាចកើតឡើងនៅពេលនេះទេ។ ការបន្តធ្លាក់ចុះនៃប្រាក់ដុល្លារ និងការកើនឡើងនៃការធ្វើពាណិជ្ជកម្មរបស់ចិន អាចនឹងនាំឱ្យប្រាក់ដុល្លារបាត់បង់ឥទ្ធិពលមួយចំនួន។ ប៉ុន្តែគំនិតដែលថា «ប្រាក់ដុល្លារដែលទទួលបានពីការជួញដូរប្រេង (Petrodollar) បានស្លាប់» នឹងមិនអាចក្លាយជាការពិតបានទេ ដោយសាររដ្ឋផលិតប្រេងសំខាន់ៗ ដូចជាអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម នឹងនៅតែពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ហើយបណ្តាប្រទេសនានាអាចនឹងនៅតែបន្តប្រើប្រាស់ប្រាក់ដុល្លារជាទុនបម្រុងអន្តរជាតិសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

សូមអាន ប្រាក់យ័ននឹងមិនមានប្រៀបជាងប្រាក់ដុល្លារនៅក្នុងពេលឆាប់ៗនេះទេ

Asia Times