ខ្មែរប៉ុស្ដិ៍ Close

គ្មាន​នរណា​ម្នាក់នឹងឈ្នះ​នោះទេ នៅក្នុង​ពិភពលោកដែល​ត្រូវ​បាន​បែកបាក់ចេញជា​ប្លុក​ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច​-នយោបាយ​ចំនួន ២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 29
គ្មាន​នរណា​ម្នាក់នឹងឈ្នះ​នោះទេ នៅក្នុង​ពិភពលោកដែល​ត្រូវ​បាន​បែកបាក់ចេញជា​ប្លុក​ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច​-នយោបាយ​ចំនួន ២ នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva

បច្ចុប្បន្ននេះ គំនិតដែលថា «ពិភពលោកត្រូវបែងចែកទៅជាប្លុកសេដ្ឋកិច្ចប្រកួតប្រជែងគ្នាចំនួន ២ ដែលមួយដឹកនាំដោយអាមេរិក និងមួយទៀតដឹកនាំដោយចិន កំពុងត្រូវបានគេទទួលយកយ៉ាងទូលំទូលាយ»។ ប៉ុន្តែវាអាចក្លាយជារឿងដែលពិបាកក្នុងការជ្រើសរើសថា «តើគួរចូលរួមជាមួយប្លុកមួយណា» និងថា «តើប្លុកណាមួយដែលនឹងជោគជ័យជាង»។

វា​​មិន​មែន​ជារឿង​ដ៏សាមញ្ញនោះទេ ​នៅពេលដែលភាគីម្ខាងគឺជាក្រុមលទ្ធិ​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ និងម្ខាងទៀតជាក្រុមផ្ដាច់ការដែល​ដឹកនាំ​ដោយប្រទេស​ចិន​។ វិស័យពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, រូបិយវត្ថុ និងវិស័យអភិវឌ្ឍសេដ្ឋកិច្ចផ្សេងទៀត នឹងផ្លាស់ប្តូររូបរាងនៃពិភពលោក។

ជាក់ស្តែង ការប្តេជ្ញាចិត្តរបស់រដ្ឋបាល Trump ក្នុងការ «ធ្វើឱ្យអាមេរិកអស្ចារ្យសារជាថ្មី» និងរបស់រដ្ឋបាល Biden ក្នុងការធានាថា «សហរដ្ឋអាមេរិកនឹងនៅតែជាមហាអំណាចសេដ្ឋកិច្ច, បច្ចេកវិទ្យា និងហិរញ្ញវត្ថុកំពូលរបស់ពិភពលោក» បានជំរុញឱ្យមានការឆ្លើយតបជាបន្តបន្ទាប់ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។

គេអាចសន្មត់បានថា «អាមេរិក, កាណាដា, ជប៉ុន, ចក្រភពអង់គ្លេស និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុបមួយចំនួននឹងស្ថិតនៅក្នុងប្លុកទី១ ខណៈដែលប្រទេសចិន និងរុស្ស៊ីនឹងក្លាយជាមេដឹកនាំនៃប្លុកទី២»។ «តើមានប្រទេសប៉ុន្មានផ្សេងទៀត ដែលនឹងចូលរួមនៅក្នុងប្លុកទី២ នៅពេលដែលស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន» គឺនៅតែជាសំណួរដែលមិនទាន់មានចម្លើយ។

អ្វីៗកំពុងកើតឡើងហើយ ដោយរាប់ចាប់ពីព័ត៌មានប្រចាំថ្ងៃស្តីពីការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន, ភាពតានតឹងនៅកោះតៃវ៉ាន់ និងការឡើងចុះមិនឈប់ឈរនៅទីផ្សារ Wall Street ដែលបានបង្ហាញថា «ការបែកបាក់នៃសេដ្ឋកិច្ចពិភពលោកគឺជាដំណើរការទៅមុខប្រកបដោយថាមវ័ន្ត»។

នៅពេលដែលនាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានលើកឡើងនៅអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅពេលថ្មីៗនេះនៅទីក្រុង Davos ថា «យើងកំពុងប្រឈមមុខនឹងទិដ្ឋភាពនៃសង្រ្គាមត្រជាក់ថ្មីមួយដែលអាចនឹងបែកចែកពិភពលោកជាប្លុកសេដ្ឋកិច្ចដែលជាគូប្រជែងនឹងគ្នា» លោកស្រីគ្រាន់តែផ្ដល់សញ្ញាមួយប៉ុណ្ណោះក្នុងចំណោមសញ្ញាស្មុគស្មាញជាច្រើន និងពិបាកក្នុងការកត់សម្គាល់ជុំវិញស្ថានភាពបច្ចុប្បន្ន។

សូមអាន រឿងរ៉ាវចំនួន ៥ ដែលគេត្រូវដឹងអំពីកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៣ នៅទីក្រុង Davos ឆ្នាំ ២០២៣

ជាឧទាហរណ៍ : ប្លុកដែលដឹកនាំដោយចិននឹងមិនរួមបញ្ចូលត្រឹមតែអ្វីដែលអ្នកខ្លះហៅថា «អនុតរភាពអាស៊ី» «Asian hegemons» នោះទេ (សំដៅលើចិន និងរុស្ស៊ី)។ វាអាចរួមបញ្ចូលនូវតួអង្គផ្សេងទៀតនៅក្នុងក្រុមសម្ព័ន្ធភាព BRICS, អង្គការសហប្រតិបត្តិការសៀងហៃ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ជាដើម។

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា «សម្ព័ន្ធភាព BRICS បានបង្ហាញអំពីប្រសិទ្ធភាពរបស់ខ្លួនរួចស្រេចទៅហើយ។ ប្រទេសប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្រ្វិកខាងត្បូង កំពុងសម្របសម្រួលគោលនយោបាយរបស់ពួកគេកាន់តែម៉ត់ចត់ជាងមុនជុំវិញបញ្ហាអន្តរជាតិសំខាន់ៗ ហើយកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្លាស់ប្តូរពិភពលោកពហុប៉ូល»។

ការពិតដែលថា «អារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយប្លុកនេះ ខណៈពេលដែលកិច្ចសហប្រតិបត្តិការថាមពលរវាងអារ៉ាប៊ីសាអូឌីតនិងចិនក៏កំពុងតែកើនឡើងផងដែរនោះ» បានបង្ហាញឱ្យឃើញអំពីសារៈសំខាន់កាន់តែខ្លាំងឡើងរបស់ប្លុកនេះ។

ការពង្រឹងទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតនិងចិន និងអារ៉ាប់រួម បន្ថែមពីលើក្រុម BRICS បានធ្វើឱ្យទំនាក់ទំនងរវាងរាជាណាចក្រប្រេងមួយនេះជាមួយសហរដ្ឋអាមេរិកមានការធ្លាក់ចុះ។ ករណីនេះបានបង្ហាញថា «វាមិនមែនមានតែក្រុមប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ និងតួអង្គបន្ទាប់បន្សំប៉ុណ្ណោះទេដែលចាប់អារម្មណ៍ក្នុងការពង្រឹងចំណងមិត្តភាពជាមួយប្លុកដែលដឹកនាំដោយចិន»។

លោក Putin ក៏បានលើកឡើងផងដែរថា «ក្រុម BRICS កំពុងបង្កើតគំរូទំនើបៗសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុនិងពាណិជ្ជកម្មរបស់ពិភពលោក»។ វាគឺជាការរំពឹងទុក ដែលអាមេរិកមិនបានយកចិត្តទុកដាក់ទាល់តែសោះ ដែលវាមានលក្ខណៈដូចគ្នានឹងការដែលអតីតប្រធានាធិបតីអាមេរិក Donald Trump បានដកប្រទេសរបស់លោកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership)។

កាលពីឆ្នាំមុន រុស្ស៊ីនិងចិនបានបន្ថែមទុនបម្រុងមាសរបស់ធនាគារកណ្តាលរបស់ពួកគេយ៉ាងច្រើនដែលជាការគាំទ្រមួយផ្នែកដល់រូបិយបណ្ណរបស់ពួកគេ និងធ្វើឱ្យពួកគេកាន់តែទទួលបានទំនុកចិត្តពីអន្តរជាតិ។ គ្រោងការណ៍សាកល្បងរបស់ចិនជាមួយនឹងប្រាក់យ័នឌីជីថល ក៏បានចង្អុលបង្ហាញអំពីការលេចឡើងជាបន្តបន្ទាប់នៃប្លុករូបិយបណ្ណដែលមិនមែនជាប្រាក់ដុល្លារអាមេរិក។

សូមអាន Asia Times ៖ ឆ្នាំដ៏គ្រោះថ្នាក់របស់ប្រាក់ដុល្លារអាមេរិកកំពុងឈានចូលមកដល់ហើយ

រុស្ស៊ីនិងចិនអាចប្រកាសសង្គ្រាមហិរញ្ញវត្ថុជាមួយមហាអំណាចលោកខាងលិចធំៗនៅក្នុងប្លុកទី១ បាន តាមរយៈការលក់ប្រាក់ដុល្លារអាមេរិករបស់ពួកគេ និងការវិនិយោគទៅវិញមិនត្រឹមតែទៅលើមាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើលោហៈមានតម្លៃ និងទំនិញដែលបម្រើឱ្យវិស័យឧស្សាហកម្មផ្សេងទៀតផងដែរ ដែលអាចបង្ខំឱ្យប្រាក់ដុល្លារ និងរូបិយបណ្ណសំខាន់ៗផ្សេងទៀតកាន់តែធ្លាក់ថ្លៃ។

យោងតាមលោក Alasdair Macleod ដែលជាឈ្មួញកណ្តាល, ជាធនាគារិក, ជាសេដ្ឋវិទូ និងជាប្រធានផ្នែកស្រាវជ្រាវនៅបណ្តាញលោហៈធាតុមានតម្លៃ Goldmoney ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ «ចិននិងរុស្ស៊ី (Asian hegemons) បានចាប់ផ្ដើមធ្វើរឿងនេះរួចទៅហើយ ខណៈដែលរូបិយបណ្ណសំខាន់ៗរបស់ពិភពលោកក៏កំពុងតែបរាជ័យ»។

កត្តាទាំងអស់​នេះ​បានបង្ហាញ​អំពីគ្រោះថ្នាក់​ដែល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ត្រូវបានដាក់​ដោយ​អាមេរិក និង​សម្ព័ន្ធមិត្ត​ប្រឆាំង​នឹង​ចិន​និង​រុស្ស៊ី​ អាច​នឹង​ទទួលបាន​ប្រតិកម្ម​តបវិញពីសំណាក់ប្រទេស​ដែល​ទទួលរងនូវការដាក់​ទណ្ឌកម្ម និងអាចជំរុញ​ឱ្យបណ្តាប្រទេសផ្សេងៗទៀតចាប់ផ្ដើមចាត់វិធានការ​បង្ការទុកជាមុន។ ទីក្រុងប៉េកាំងស្ថិតនៅក្នុងទីតាំងដ៏រឹងមាំមួយក្នុងការបង្រួបបង្រួម និងពង្រឹងជំហររបស់ខ្លួន។

ថ្វីបើមានការដើរថយក្រោយដែលបណ្ដាលមកពីវីរុសកូវីដ-១៩ និងបញ្ហានៅក្នុងវិស័យអចលនទ្រព្យក៏ដោយ ក៏វិស័យសារពើពន្ធនិងហិរញ្ញវត្ថុរបស់ប្រទេសចិននៅតែមានមូលដ្ឋានរឹងមាំជាងបណ្ដាប្រទេសលោកខាងលិច។ ចិនមានអត្រាសន្សំប្រាក់ខ្ពស់ជាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗដទៃទៀត ហើយក៏មានអត្រាអតិផរណាទាបជាងផងដែរ។

ដូច្នេះ ចិនអាចមានសមត្ថភាពវិនិយោគយ៉ាងច្រើននៅក្នុងបណ្ដាប្រទេសនៅក្នុងប្លុកទី២ តាមរបៀបដូចគ្នាទៅនឹងការដែលទីក្រុងប៉េកាំងបានវិនិយោគនៅក្នុងគម្រោងខ្សែក្រវ៉ាត់និងផ្លូវ ខណៈដែលប្លុកម្ខាងទៀតកំពុងសំឡឹងរកមើលឱកាសនៅឡើយ។ សហរដ្ឋអាមេរិកក៏កំពុងជួបប្រទះនឹងបញ្ហាជាបន្តបន្ទាប់ផងដែរពាក់ព័ន្ធនឹងឱនភាពសារពើពន្ធនិងកម្រិតបំណុល ខណៈពេល​ដែល​ប្រាក់​ដុល្លារ​អាមេរិក​ក៏កំពុងធ្លាក់ចុះខ្សោយ។

អឺរ៉ុបក៏កំពុងមានបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួនផងដែរ។ ប៉ុន្តែនេះមិនមែនមានន័យថា «ប្លុកដែលដឹកនាំដោយប្រទេសចិននឹងទទួលបានជ័យជម្នះពីការបំបែកពិភពលោកទៅជាប្លុកប្រកួតប្រជែងនោះទេ»។ មនុស្សគ្រប់គ្នានឹងកាន់តែក្រីក្រជាងមុន ដោយសារការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្ម, ការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ល្បែងឈ្នះ-ចាញ់ដាច់ខាត «zero-sum game» របស់ពិភពលោកខាងលិចទល់នឹងលោកខាងកើត នឹងធ្វើឱ្យគ្រប់គ្នាក្លាយជាអ្នកចាញ់៕

South China Morning Post

អត្ថបទទាក់ទង