ខ្មែរប៉ុស្ដិ៍ Close

    ការដាំក្បាលចុះដ៏គ្រោះថ្នាក់របស់ប្រទេសចិន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1380
    ការដាំក្បាលចុះដ៏គ្រោះថ្នាក់របស់ប្រទេសចិនការដាំក្បាលចុះដ៏គ្រោះថ្នាក់របស់ប្រទេសចិន

    រយៈពេល ២ ខែចុងក្រោយនេះ គឺជាពេលវេលាដ៏មានសារៈសំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រចិន។ រឿងសំខាន់ទី១ គឺ «សមាជគណបក្សលើកទី២០» ដែល ប្រធានាធិបតី Xi Jinping បានប្រើប្រាស់ដើម្បីកម្ទេចគូប្រកួតប្រជែងដែលនៅសេសសល់តិចតួចរបស់លោក ហើយបន្ទាប់មកគឺនៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសចិនបានជួបប្រទះនឹងការផ្ទុះឡើងនៃបាតុកម្មដ៍រីករាលដាលបំផុត ដែលប្រទេសចិនមិនធ្លាប់បានជួបប្រទះចាប់តាំងពីមហាបាតុកម្មនៅទីលាន Tiananmen និងនៅទីកន្លែងផ្សេងទៀតក្នុងឆ្នាំ ១៩៨៩។

    ក្រោយមកទៀតគឺនៅត្រឹមរយៈពេល ១ សប្តាហ៍ក្រោយមក ការសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដែលនោះគឺ «ទីក្រុងប៉េកាំងបានប្រកាសថាខ្លួននឹងបន្ធូរបន្ថយនូវគោលនយោបាយ ZERO COVID» ខណៈដែលបញ្ហានេះបានធ្វើឱ្យពលរដ្ឋជាច្រើនមានការខឹងសម្បារ និងបាននាំគ្នាចេញមកធ្វើបាតុកម្ម។ នៅពីក្រោយភាពចលាចលទាំងនេះ ព្រឹត្តិការណ៍ទាំងអស់បានបង្ហាញនូវសញ្ញាតែមួយដូចគ្នា ដែលនោះគឺ «ប្រទេសចិនកំពុងធ្វើដំណើរឆ្ពោះទៅរកមាត់ជ្រោះ» ដែលដូចគ្នានឹងអ្វីដែលបណ្តាញផ្សព្វផ្សាយនិងមេដឹកនាំអាមេរិកបានលើកឡើងជាញឹកញាប់។

    រយៈពេល ១០ ឆ្នាំនៃការធ្វើកំណែទម្រង់របស់លោក Xi Jinping ដែលត្រូវបានលោកខាងលិចចាត់ទុកជាល្បែងអំណាចដ៏ជោគជ័យ បានធ្វើឱ្យប្រទេសចិនធ្លាក់ទៅក្នុងស្ថានភាពផុយស្រួយដែលបានបង្កើនសម្ពាធលើបញ្ហាដែលមានស្រាប់ បូករួមនឹងការនាំមកនូវការលេចឡើងនូវបញ្ហាថ្មីៗបន្ថែមទៀត។

    បើទោះបីជាអ្នកវិភាគលោកខាងលិចជាច្រើន រួមទាំងលោក Michael Beckley, Jude Blanchette, Hal Brands, Robert Kaplan, Susan Shirk និង Fareed Zakaria បានចាប់ផ្តើមលើកឡើងនូវតថភាពនេះក៏ដោយ ក៏អ្នកអត្ថាធិប្បាយអាមេរិកជាច្រើន ក៏ដូចជាអ្នកនយោបាយអាមេរិកមួយចំនួន (រាប់ចាប់ពីអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo រហូតដល់ប្រធានាធិបតី Joe Biden) នៅតែបន្តរៀបចំផែនការប្រកួតប្រជែងរវាងអាមេរិកនិងចិន ដោយផ្អែកលើការរះឡើងរបស់ចិន។

    ប្រសិនបើពួកគេទទួលស្គាល់នូវវិបត្តិកាន់តែធ្ងន់ធ្ងររបស់ចិន នោះពួកគេតែងចាត់ទុកវាជាការវិវឌ្ឍជាវិជ្ជមានសម្រាប់សហរដ្ឋអាមេរិក ក៏ប៉ុន្តែការពិតគឺមានសភាពផ្ទុយពីនេះ។ ប្រទេសចិនដែលខ្សោយ, ដែលស្ថិតនៅទ្រឹង ឬដែលដួលរលំនឹងកាន់តែគ្រោះថ្នាក់ជាងប្រទេសចិនមួយដែលកំពុងរីកលូតលាស់ទៅទៀត ពីព្រោះបញ្ហានឹងមិនកើតមានចំពោះប្រទេសចិនតែមួយទេ ប៉ុន្តែវានឹងកើតមានចំពោះពិភពលោកទាំងមូល។

    ដូច្នេះការប្រឈមមុខជាមួយប្រទេសចិនដែលកំពុងបរាជ័យនឹងមានភាពលំបាកកាន់តែខ្លាំងសម្រាប់អាមេរិកជាជាងការសម្របខ្លួនជាមួយប្រទេសចិនដែលកំពុងរីកលូតលាស់។ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចង់ទទួលបានជោគជ័យ ឬយ៉ាងហោចណាស់ចង់ការពារខ្លួនចេញពីស្ថានភាពដ៏អាក្រក់បំផុត សហរដ្ឋអាមេរិកចាំបាច់ត្រូវតែកំណត់ឡើងវិញនូវការផ្តោតការយកចិត្តទុកដាក់របស់ខ្លួន និងត្រូវធ្វើវាឱ្យបានឆាប់រហ័ស។

    កំណត់ត្រារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការប្រឈមមុខជាមួយគូប្រកួតប្រជែងដែលកំពុងស្រុតចុះមិនដែលនាំមកនូវភាពអំណោយផលនោះទេ ហើយការមានគោលនយោបាយថ្មីមួយ ដើម្បីគ្រប់គ្រងការដាំក្បាលចុះរបស់ចិន ក៏មិនមែនជារឿងងាយស្រួលនោះដែរ។ កាន់តែអាក្រក់ថែមទៀតគឺ «គេនៅមិនទាន់ច្បាស់ទេថា តើរដ្ឋាភិបាលរបស់លោក Biden បានចាប់ផ្តើមធ្វើការលើបញ្ហានេះហើយឬនៅ»។ ប៉ុន្តែយើងក៏មិនគួរឆាប់អស់សង្ឃឹមពេកនោះដែរ។

    វាមានការផ្លាស់ប្តូរជាច្រើន (ដែលខ្លះអាចមានលក្ខណៈងាយស្រួលខ្លាំង) ដែលអាមេរិកអាចធ្វើបានដើម្បីពង្រឹងភាពឆកល្វែងរបស់ខ្លួន ជាពិសេសប្រសិនបើអាមេរិកអាចចាប់ផ្តើមធ្វើវាក្នុងពេលឆាប់ៗខាងមុខនេះ។ អស់រយៈពេលជាច្រើនឆ្នាំនៅក្រោយការស្លាប់របស់លោក Mao Zedong ប្រទេសចិនគឺជារបបផ្តាច់ការដ៏ពិសេសមួយ ដោយក្នុងនោះចិនគឺជារដ្ឋផ្តាច់ការដ៏ធំតែមួយគត់ដែលហ៊ានប្រឆាំងនឹងច្បាប់ស្តីពីសេដ្ឋកិច្ច និង នយោបាយ។

    ដោយបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ ក្រោមការដឹកនាំរបស់លោក Deng Xiaoping ប្រទេសចិនបានបើកចំហទីផ្សារជាសន្សឹមៗ, បានបែងចែកអំណាចនីតិប្រតិបត្តិ, បានបង្កើនការត្រួតពិនិត្យផ្ទៃក្នុង, បានពង្រឹងការជជែកដេញដោលផ្ទៃក្នុង, បានប្រើប្រាស់ទិន្នន័យដើម្បីធ្វើការសម្រេចចិត្ត, បានផ្តល់រង្វាន់ដល់មន្ត្រីដែលមានស្នាដៃល្អ និងបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសដែលមិនមានលក្ខណៈគំរាមកំហែង។

    កំណែទម្រង់ទាំងនេះបានអនុញ្ញាតឱ្យប្រទេសចិនអាចរួចផុតពីជោគវាសនាដ៏អាក្រក់ដែលរួមមានដូចជាគ្រោះទុរភិក្សនិងអស្ថិរភាព ដែលប្រទេសចិនបានជួបប្រទះនៅក្នុងអំឡុងពេលកាន់អំណាចដ៏យូររបស់លោក Mao។ ស្ថិតក្រោមលោក Deng, លោក Jiang Zemin និងលោក Hu Jintao ប្រទេសចិនមិនត្រឹមតែអាចដោះស្រាយបញ្ហាទាំងនេះបានប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប្រទេសចិនរីកលូតលាស់ទៅមុខផងដែរ។

    សេដ្ឋកិច្ចចិនបានរីកលូតលាស់ជាមធ្យមក្នុងរង្វង់ ១០% ក្នុងមួយឆ្នាំៗ នៅចន្លោះឆ្នាំ ១៩៧៨ ដល់ឆ្នាំ ២០១៤ ហើយពលរដ្ឋប្រមាណ ៨០០ លាននាក់ត្រូវបានទាញចេញពីភាពក្រីក្រ (ក្នុងចំណោមសមិទ្ធផលជាច្រើនផ្សេងទៀត)។ ប៉ុន្តែចាប់តាំងពីការចូលកាន់តំណែងនៅឆ្នាំ ២០១២ មក លោក Xi ដែលបានផ្តោតតែទៅលើការពង្រឹងអំណាចផ្ទាល់ខ្លួន បានបំផ្លាញចោលជាប្រព័ន្ធនូវរាល់កំណែទម្រង់ណាមួយដែលមានគោលដៅរាំងខ្ទប់ការរះឡើងរបស់លោក Mao ថ្មីមួយរូបទៀត។

    គួរឱ្យសោកស្តាយសម្រាប់ប្រទេសចិន កំណែទម្រង់ដែលលោក Xi បានផ្តោតគោលដៅគឺសុទ្ធតែជាកំណែទម្រង់ដែលបានធ្វើឱ្យចិន (ទទួលបានជោគជ័យខ្លាំង)។ នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ លោក Xi បានពង្រឹងអំណាចរបស់លោក និងបានលុបបំបាត់ចោលនូវការលើកទឹកចិត្តចំពោះមន្ត្រីដែលហ៊ាននិយាយការពិត និងដែលអាចសម្រេចបាននូវលទ្ធផលការងារ។

    លោក Xi បានដាក់ជំនួសនូវប្រព័ន្ធមួយដែលលើកទឹកចិត្តរឿងតែមួយគត់ ដែលនោះគឺ «ភក្តីភាព»។ ទន្ទឹមនឹងនោះដែរ លោកបានអនុវត្តច្បាប់សន្តិសុខថ្មីដែលតឹងរ៉ឹងខ្លាំង បូករួមនឹងប្រព័ន្ធឈ្លបយកការដែលមានបច្ចេកវិទ្យាខ្ពស់, បានបង្ក្រាបលើសំឡេងប្រឆាំង, បានកម្ចាត់បណ្តាអង្គការក្រៅរដ្ឋាភិបាលដែលឯករាជ្យ (សូម្បីតែអង្គការដែលដើរស្របតាមគោលនយោបាយរបស់លោក), បានកាត់ផ្តាច់ចិនចេញពីគោលគំនិតបរទេស និងបានបង្វែរតំបន់ Xinjiang ឱ្យទៅជាជំរុំលត់ដំទ្រង់ទ្រាយធំមួយសម្រាប់ជនជាតិ Uyghurs។

    ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ លោកក៏បានធ្វើសង្គ្រាមជាមួយបណ្តាមហាសេដ្ឋីចិន, បានសង្កត់សង្កិនលើបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន និងបានបង្កើនអំណាច និងការផ្តល់ហិរញ្ញប្បទានដល់បណ្តាសហគ្រាសរដ្ឋដែលអសមត្ថភាព។ សមាជបក្សកាលពីពេលថ្មីៗនេះបានធ្វើឱ្យបញ្ហាវិវឌ្ឍទៅកាន់តែអាក្រក់ថែមទៀត។

    លោក Xi បានប្រើប្រាស់ព្រឹត្តិការណ៍នោះដើម្បីបំបាក់មុខលោក Hu ដែលជាអ្នកកាន់តំណែងមុនលោក និងដែលជាមេដឹកនាំចុងក្រោយរបស់ចិន ដែលត្រូវបានជ្រើសរើសដោយលោក Deng។ លោក Xi ក៏បានដាក់មនុស្សឱ្យមកជំនួសតំណែងរបស់លោកLi Keqiang និងបានដាក់បំពេញការិយាល័យនយោបាយនិងគណៈកម្មការអចិន្ត្រៃយ៍ដ៏មានអំណាច ជាមួយមនុស្សដែលមានភក្តីភាពចំពោះរូបលោក។

    ព្រឹត្តិការណ៍នោះក៏បានបង្ហាញនូវចំណុចឆកល្វែងកាន់តែខ្លាំងឡើងៗរបស់ចិនផងដែរ។ វាគឺជាពិធីគ្រងរាជ្យរបស់លោក Xi ដោយក្នុងនោះ លោកបានក្លាយជាអធិរាជអាក្រក់ចុងក្រោយបំផុតរបស់ចិន។ ការខូចខាតដែលលោក Xi បានបង្កឡើង បាននិងកំពុងចាប់ផ្តើមលេចឡើងក្នុងរបៀបជាច្រើន។ សេដ្ឋកិច្ចចិនបានរងគ្រោះខ្លាំង ដោយសារការធ្វើអន្តរាគមន៍របស់លោក Xi បូករួមនឹងសម្ពាធនៃគោលនយោបាយ ZERO COVID របស់លោក។

    សម័យកាលនៃកំណើន GDP ប្រចាំឆ្នាំចំនួន ១០% បានរលាយបាត់រូបរាងហើយ។ បើទោះបីជារដ្ឋាភិបាលបានព្យាករថា «ចិននឹងមានកំណើន ៥,៥% នៅឆ្នាំនេះ» ក៏ដោយ ក៏អ្នកវិភាគជាច្រើនគិតថា «ការដែលចិនអាចឈានដល់កម្រិតពាក់កណ្តាលនៃតួលេខនេះ គឺជារឿងល្អពេកទៅហើយ»។ តម្លៃប្រាក់យ័ន (Yuan) នៅពេលថ្មីៗនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ១៤ ឆ្នាំមកនេះ ខណៈដែលវិស័យលក់រាយ, ប្រាក់ចំណេញរបស់ក្រុមហ៊ុន, ទិន្នផលឧស្សាហកម្ម និងការវិនិយោគផ្នែកអចលនទ្រព្យ គឺសុទ្ធតែបានដាំក្បាលចុះទាំងអស់។

    ទន្ទឹមគ្នានេះដែរ នៅក្នុងរដូវក្តៅកន្លងទៅនេះ ភាពអត់ការងារធ្វើបានកើនឡើងកប់ពពក ដោយបានឈានដល់ចំនួន ២០% នៅក្នុងចំណោមពលរដ្ឋវ័យក្មេង។ បណ្តាអាជីវកម្មតូចៗប្រមាណ ៤,៤ លាន ត្រូវបង្ខំចិត្តបិទទ្វាកាលពីឆ្នាំមុន ហើយទិន្នន័យក្រៅផ្លូវការ (ស្ថិតិផ្លូវការមិនអាចស្វែងរកបាន) បានបង្ហាញថា «ប្រទេសចិនក៏កំពុងរងគ្រោះពីការបាត់បង់ចំនួនបញ្ញវន្តផងដែរ» ខណៈដែលប្រធានក្រុមហ៊ុនបច្ចេកវិទ្យា, មហាសេដ្ឋី និងអ្នកមានជំនាញវិជ្ជាជីវៈដែលមានជីវភាពមធ្យមបាននិងកំពុងប្រញាប់ប្រញាល់ចាកចេញពីប្រទេស។

    បញ្ហាទាំងអស់នេះអាចនឹងមានសភាពកាន់តែអាក្រក់ថែមទៀត។ នៅពេលដែលប្រទេសចិនស្ថិតនៅទ្រឹង ចិននឹងកាន់តែមិនអាចមានលទ្ធភាពវ៉ាដាច់អាមេរិកដើម្បីធ្វើជាសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោក។ បន្ថែមពីលើនេះ ខណៈដែលការធ្វើនវានុវត្តន៍ និងសហគ្រិនភាពកំពុងរងនូវការជាប់គាំង ហើយផលិតភាពក៏កំពុងដាំក្បាលចុះ ប្រទេសចិនអាចនឹងត្រូវជាប់ផុងនៅក្នុងអន្ទាក់ប្រាក់ចំណូលមធ្យម។

    ស្តង់ដាររស់នៅក្នុងស្រុកអាចរងនូវការធ្លាក់ចុះ ឬដួលរលំ ហើយថវិកាកាន់តែតិចនិង អសមត្ថភាពផ្នែកការិយាធិបតេយ្យ នឹងធ្វើឱ្យចិនមានការលំបាកកាន់តែខ្លាំងក្នុងការដោះស្រាយស្ថានភាពគ្រោះថ្នាក់ ជាច្រើនរបស់ខ្លួនដែលរួមមាន «ពលរដ្ឋមានវ័យចាស់ដែលកំពុងកើនឡើងយ៉ាងលឿន, បន្ទុកបំណុលមហាសាល, កង្វះធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ (រួមទាំងថាមពល និងទឹកស្អាត) និងវិស័យអចលនទ្រព្យដែលកំពុងកើនឡើងតម្លៃជ្រុលហួសហេតុ ដែលអាចទាញទម្លាក់សេដ្ឋកិច្ចទាំងមូលតែម្តង»។

    នៅពេលដែលស្ថានភាពទាំងនេះវិវឌ្ឍទៅកាន់តែអាក្រក់ ហើយក្តីសុបិន្តរបស់ចិនក៏កំពុងរលាយបាត់ កំហឹងរបស់ពលរដ្ឋអាចនឹងបន្តកើនកាន់តែខ្លាំងឡើង ដូចអ្វីដែលបានកើតឡើងកាលពីខែមុន។ បញ្ញាវន្តចិនមួយ ចំនួនបានព្យាករថា «បដិវត្តន៍ទ្រង់ទ្រាយធំអាចនឹងកើតមានឡើង»។ ការប្រឆាំងនៅក្នុងចំណោមក្រុមមេដឹកនាំរបស់ចិន ពិតជាអាចនឹងកើតមាន ដូចដែលលោក Cai Xia ដែលជាអតីតសាស្ត្រាចារ្យនៅសាលាមជ្ឈឹមបក្សរបស់គណបក្សកុម្មុនីស្តចិនធ្លាប់បានព្រមាន។

    វាគឺជាការពិតដែលថា «លោក Xi បានដកចោលនូវគូប្រជែងភាគច្រើនរបស់លោក និងបានបង្កើនការគំរាមកំហែងកាន់តែខ្លាំងចំពោះមន្ត្រី»។ ប៉ុន្តែវិធានការបង្ក្រាបលើអ្នកប្រឆាំងនឹងរូបលោក ត្រូវបានធ្វើឡើងលើមន្ត្រីរហូតដល់ ៥ លាននាក់ ហើយនេះគឺជាចំនួនសត្រូវដ៏ច្រើនដែលមេដឹកនាំពិបាកក្នុងការទប់ទល់ បើទោះបីជាមេដឹកនាំរូបនេះមានភាពឃោរឃៅបំផុតក៏ដោយ។

    លោក Xi ក៏អាចប្រឈមមុខនឹងបញ្ហាពីខាងក្រៅផងដែរ ដែលភាគច្រើនត្រូវបានបង្កឡើងដោយសកម្មភាពផ្ទាល់របស់លោក។ ជាមួយនឹងការបោះបង់ចោលនូវទ្រឹស្តីរបស់លោក Deng ស្តីពីការ «រក្សាកម្លាំងដើម្បីសម្ងំរង់ចាំឱកាស» លោក Xi បានងាកមករកការប្រឈមមុខដាក់គ្នាដែលបាននាំមកនូវការឈ្លានពាននៅសមុទ្រចិនខាងកើត និងខាងត្បូង, ការគំរាមកំហែងកោះតៃវ៉ាន់, ការប្រើប្រាស់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ខ្ពស់នៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីឈានទៅគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធពិភពលោក, ការលើកទឹកចិត្តឱ្យអ្នកការទូតចិនចូលរួមអនុវត្តការទូត «អ្នកចម្បាំងចចក» និងកាលពីពេលថ្មីៗនេះគឺការគាំទ្ររុស្សីនៅក្នុងសង្គ្រាមខុសច្បាប់នៅអ៊ុយក្រែន។

    ផលវិបាកអាចត្រូវបានគេប៉ាន់ស្មានដឹងមុន ដែលនោះគឺ «នៅជុំវិញពិភពលោក មុខមាត់ជាសាធារណៈរបស់ចិននឹងធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈដែលបណ្តារដ្ឋជិតខាងរបស់ចិនបានបន្តបង្កើនការវិនិយោគលើវិស័យយោធារបស់ពួកគេ, បានសម្រុកទៅជ្រកក្រោមឆ័ត្រសន្តិសុខរបស់អាមេរិក និងបានចាប់យកកិច្ចព្រមព្រៀងសន្តិសុខថ្មីៗដូចជា Quad និង AUKUS ជាដើម»។

    នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ បញ្ហារបស់ចិននឹងបន្តកើនឡើង ហើយបញ្ហាទាំងនេះប្រាកដជានឹងធ្វើឱ្យលោក Xi មានការភ្ញាក់ផ្អើល ដោយសារស្ថិតក្រោមប្រព័ន្ធផ្តាច់ការរបស់លោក មន្ត្រីថ្នាក់ក្រោមតែងទទួលរងនូវទណ្ឌកម្មចំពោះការបញ្ជូនដំណឹងអាក្រក់ទៅកាន់ថ្នាក់លើ។ លោក Shirk ដែលជាអតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា «មន្ត្រីនឹងមិនហ៊ានប្រាប់លោក Xi អំពីចំណុចឆកល្វែង និងការខាតបង់ដែលបង្កឡើងដោយគោលនយោបាយរបស់លោកទេ»។

    សូម្បីតែបណ្តាញទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលដែលមានភាពចាំបាច់ក៏លែងមានទៀតដែរ ដែលបញ្ហានេះអាចបង្កើនហានិភ័យនៃការកើតមានជម្លោះដោយចៃដន្យណាមួយ។ លោក Matthew Pottinger ដែលជាទីប្រឹក្សាកំពូលរបស់អតីតប្រធានាធិបតី Donald Trump នៅពេលថ្មីៗនេះ បានពន្យល់ថា «យើងបានទាញការសន្និដ្ឋាននៅក្នុងអំឡុងរដ្ឋបាលរបស់លោក Trump ថា សារដែលយើងកំពុងបញ្ជូនតាមរយៈច្រកការទូតមិនបានទៅដល់លោក Xi នោះទេ ហើយរដ្ឋបាលរបស់លោក Biden ក៏បានសន្និដ្ឋានដូចគ្នានេះដែរ»។

    ប៉ុន្តែដោយសារការពឹងផ្អែកគ្នាទៅវិញទៅមករវាងអាមេរិកនិងចិន សេដ្ឋកិច្ចចិនដែលកាន់តែទន់ខ្សោយក៏អាចនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់អាមេរិកកាន់តែចុះខ្សោយផងដែរ ហើយការធ្លាក់ចុះរបស់ចិននឹងអាចនាំមកនូវផលអវិជ្ជមានសម្រាប់ប្រទេសផ្សេងៗ។

    លោក Brands បានចង្អុលទៅកាន់ប្រទេសអាល្លឺម៉ង់ នៅមុនឈានចូលទៅក្នុងសង្គ្រាមលោកលើកទី១ និងទៅកាន់ការសម្រេចចិត្តរបស់ជប៉ុនក្នុងការវាយប្រហារអាមេរិកនៅក្នុងសង្គ្រាមលោកលើកទី២ ថា «គ្រោះថ្នាក់អាចនឹងលេចរូបរាងឡើង នៅពេលដែលប្រទេសមួយដែលកំពុងរះឡើង និងដែលកំពុងអន្ទះសារចង់ឡើងដល់ចំណុចកំពូល បែរជាចាប់ផ្តើមដាំក្បាលចុះវិញ នៅមុនពេលអាចសម្រេចបាននូវផលប្រយោជន៍របស់ខ្លួន»។

    ហានិភ័យនឹងមានទំហំធំធេងខ្លាំងណាស់នៅ ពេលដែលមេដឹកនាំប្រទេសផ្សារភ្ជាប់កិត្យានុភាពរបស់ លោកទៅនឹងការសន្យាដែលលោកត្រូវបំពេញ ដែលដូចគ្នានឹងអ្វីដែលលោក Xi បានធ្វើ។ ជាមួយនឹងការចង់ពង្រឹងមុខមាត់កាន់តែខ្លាំង ជាពិសេសនៅក្រោយការបរាជ័យជាសាធារណៈ និងការផ្លាស់ប្តូរគោលនយោបាយ Zero Covid បូករួមនឹងការមិនអាចពឹងផ្អែកលើកំណើនសេដ្ឋកិច្ចសម្រាប់ភាពស្របច្បាប់របស់លោក លោកអាចងាកទៅរកវិធីសាស្ត្រថ្មីមួយទៀតគឺ «ជាតិនិយម»។

    ប្រសិនបើលោកធ្វើបែបនេះមែន លទ្ធផលគឺ «ប្រទេសចិននឹងមានលក្ខណៈកាន់តែស្រដៀងគ្នានឹងកូរ៉េខាងជើង»។ ជាក់ស្តែង គ្រោះថ្នាក់ដ៏ធំបំផុតគឺ «វិធានការយោធាលើកោះតៃវ៉ាន់» ដែលអាចឈានទៅកើតមានសង្គ្រាមដ៏មហន្តរាយ ដូចអ្វីដែលប្រធានាធិបតី Vladimir Putin បាននិងកំពុងធ្វើនៅអ៊ុយក្រែន។ លោក Blanchette បានលើកឡើងថា «មេដឹកនាំដែលមានអំណាចផុតលេខ ដែលផ្តោតតែទៅលើទស្សនៈផ្ទាល់ខ្លួន និងដែលមិនចូលចិត្តស្តាប់ការពិត អាចនឹងដើរឆ្ពោះទៅរកគ្រោះមហន្តរាយ»។ ប៉ុន្តែនេះគឺជាប្រព័ន្ធដែលលោក Xi ផ្ទាល់បានបង្កើតឡើង។

    គោលនយោបាយអាមេរិក-ចិនដែលពោរពេញទៅដោយគ្រោះថ្នាក់ នឹងតម្រូវឱ្យមានការកែប្រែជាច្រើននៅក្នុងយុទ្ធសាស្ត្ររបស់អាមេរិក។ ទី១ «អាមេរិកគួរតែធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីធានាថា ម៉ូដែលផ្ទាល់របស់ខ្លួនមានភាពទាក់ទាញ»។ នៅពេលប្រទេសចិនកាន់តែបរាជ័យ និងកាន់តែមិនសូវទាក់ទាញចំពោះប្រទេសផ្សេងៗ សហរដ្ឋអាមេរិកត្រូវតែបង្កើនការទាក់ទាញផ្ទាល់របស់ខ្លួន ហើយវិធីដ៏ល្អមួយក្នុងការចាប់ផ្តើមគឺ «ការដោះស្រាយភាពមិនដំណើរការនៃនយោបាយរបស់អាមេរិក»។

    គោលដៅដែលអាចសម្រេចបានមួយគឺ «ការចៀសវាងការឆ្លើយតបទៅនឹងការញុះញង់របស់ចិនដែលអាចនាំមកនូវការដើរផ្ទុយនឹងគុណតម្លៃរបស់អាមេរិក»។ អ្នកវិទ្យាសាស្ត្រនយោបាយ និងអតីតមន្ត្រីនៃរដ្ឋបាលរបស់លោក Biden គឺលោកស្រី Jessica Chen Weiss បានលើកឡើងថា «តាមរយៈវិធានការដូចជាការបិទខ្ទប់ការចូលទៅប្រើប្រាស់បណ្តាញផ្សព្វផ្សាយចិន និងការរឹតត្បិតលើទិដ្ឋាការចិន សហរដ្ឋអាមេរិកបានងាកចេញកាន់តែឆ្ងាយពីគោលការណ៍នៃការបើកចំហ និងមិនរើសអើងដែលធ្លាប់ជាគុណសម្បត្តិដ៏ល្អរបស់ខ្លួន»។

    អ្នកនយោបាយអាមេរិកគួរតែបោះបង់ចោលនូវការបង្កអរិភាពជាមួយចិន។ ការបង្ហាញថា «ទីក្រុងវ៉ាស៊ីនតោនព្យាយាមផ្លាស់ប្តូររបបនៅទីក្រុងប៉េកាំង ដូចដែលជំនួយការរបស់លោក Trump បានធ្វើ» នឹងមិនអាចសម្រេចបានអ្វីទេក្រៅតែពីការបង្កើនអារម្មណ៍អសន្តិសុខដល់ចិន។ ឧទាហរណ៍ជាក់ស្តែងបំផុតគឺ «ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់អតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi កាលពីខែសីហា»។

    សូមអាន មិនទាន់មាន «ស្ថានភាពធម្មតាតាមគន្លងថ្មី» នៅច្រកសមុទ្រតៃវ៉ាន់នៅឡើយទេ

    កាលណាទីក្រុងប៉េកាំងកាន់តែមានលក្ខណៈជាតិនិយមខ្លាំង លោក Xi អាចនឹងផ្តោតកាន់តែខ្លាំងលើការប្រយុទ្ធ។ ហេតុដូច្នេះហើយ សហរដ្ឋអាមេរិកគួរតែចៀសវាងសកម្មភាពបង្កហេតុកាន់តែខ្លាំងចំពោះប្រទេសចិន។ ប៉ុន្តែ «ការចាក់ច្រមុះនាគ» គឺជាប្រពៃណីរបស់អាមេរិកដែលមានតាំងពីយូរយារណាស់មកហើយ ដោយសារហេតុផលមួយដែលនោះគឺ «វាទទួលបានការគាំទ្រខ្លាំងនៅក្នុងស្រុក»។ ការផ្លាស់ប្តូរវិធីសាស្រ្តនេះមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសនៅពេលដែលសហរដ្ឋអាមេរិកកំពុងឈានឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតី។

    ប៉ុន្តែ​ការ​ចៀស​វាង​ការ​បង្កហេតុ​មិន​មែន​ជា​សញ្ញា​នៃ​ភាព​ទន់​ខ្សោយនោះ​ទេ។ ជាជំនួសវិញ ទីក្រុងវ៉ាស៊ីនតោនគួរតែបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងប្រទេសចិនដែលកំពុងតែផុយស្រួយ, ដាក់ចេញនូវបន្ទាត់ក្រហមឱ្យបានច្បាស់ និងបញ្ចប់គោលនយោបាយ «ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ» អំពីកោះតៃវ៉ាន់ ហើយត្រូវបញ្ជាក់ឡើងវិញថា «សហរដ្ឋអាមេរិកនឹងប្រឆាំងរាល់ចលនារបស់តៃវ៉ាន់ឆ្ពោះទៅរកឯករាជ្យភាព»។

    ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកគួរតែផ្ញើសារចុងក្រោយទាំងនេះដោយស្ងៀមស្ងាត់ តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់ជាមួយទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំង ដើម្បីចៀសវាងការបង្កើតឱ្យមានបញ្ហាប្រឈមជាសាធារណៈដែលអាចបង្ខំឱ្យលោក Xi ចាត់វិធានការឆ្លើយតប។ ទីក្រុងវ៉ាស៊ីនតោនក៏គួរតែពង្រឹងទ្រព្យសម្បត្តិយោធារបស់ខ្លួននៅក្នុងតំបន់ ដែលអាចកើតមានការប្រឈមមុខដាក់គ្នាផងដែរ ដូចជានៅប៉ាស៊ីហ្វិកខាងលិច ហើយគួរតែខិតខំធ្វើវាឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យកោះតៃវ៉ាន់ក្លាយជាគោលដៅដ៏លំបាកក្នុងការផ្តួល។

    ជា​ក់ស្តែង ការ​ផ្ញើ​សារ​ស្ងាត់​ៗនឹងទាមទារ​ឱ្យមានមធ្យោបាយ​ដ៏សមស្រប។ ដូច្នេះរដ្ឋបាលរបស់លោក Biden គួរតែបង្កើតឡើងវិញនូវបណ្តាញដ៏រឹងមាំសម្រាប់ការទំនាក់ទំនងអំពីវិបត្តិ និងការបង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសចិន ដើម្បីធានាថា «រដ្ឋាភិបាលទាំងពីរ អាចជជែកគ្នាបាននៅគ្រប់ពេលដែលពួកគេត្រូវការ»។

    នៅពេលនិយាយដល់សេដ្ឋកិច្ច រដ្ឋបាល Biden សមនឹងទទួលបានការកោតសរសើរខ្លះសម្រាប់ការផ្លាស់ប្តូរនៅពេលថ្មីៗនេះ ដែលរួមមានដូចជាការអនុម័តច្បាប់ CHIPS និងច្បាប់វិទ្យាសាស្រ្ត និងការបង្កើនការត្រួតពិនិត្យលើការនាំចេញដែលនឹងកំណត់ការចូលប្រើប្រាស់របស់ប្រទេសចិនលើបន្ទះអេឡិកត្រូនិក Semiconductor និងសម្ភារៈដែលត្រូវការដើម្បីបង្កើតវា។ ជំហានទាំងនេះអាចជួយកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចនិង យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយអាចជួយកាត់ បន្ថយល្បឿននៃការរីកចម្រើនផ្នែកយោធារបស់ចិន។

    សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន

    សហរដ្ឋអាមេរិកគួរតែបង្កើនការគិតគូរឱ្យខ្លាំងក្លាជាងនេះអំពីការសម្របសម្រួលផ្នែកពាណិជ្ជកម្មដែលបង្កឡើងដោយការបន្តផ្តាច់ទំនាក់ទំនង។ ថ្វីបើវិធានការបែបនេះអាចជួយពង្រឹងសេដ្ឋកិច្ចរបស់អាមេរិកក៏ពិតមែន ក៏ប៉ុន្តែវាក៏អាចនាំមក នូវការពង្រឹងការការពារនិយម និងអាចបង្កើតបញ្ហាចំពោះគោលនយោបាយការបរទេសរបស់អាមេរិកតាមរយៈការកាត់បន្ថយឥទ្ធិពលរបស់អាមេរិក និងការកាត់បន្ថយការចំណាប់អារម្មណ៍របស់ចិននៅក្នុងកិច្ចសហប្រតិបត្តិការ។

    នៅពេលដែលទីក្រុងវ៉ាស៊ីនតោនតម្រង់ទិសគោលនយោបាយចិនឡើងវិញ វាត្រូវតែមានភាពទន់ភ្លន់នៅក្នុងរឿងសំខាន់ចំនួន ២។ ទី១ «ប្រសិនបើ និងនៅពេលដែល ប្រទេសចិនមានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំង សហរដ្ឋអាមេរិកត្រូវតែចៀសវាងពីការអបអរនូវជ័យជម្នះ ដែលមានលក្ខណៈស្រដៀងគ្នានឹងការដួលរលំនៃសហភាពសូវៀត»។

    ការអបអរជាសាធារណៈនូវភាពបរាជ័យរបស់គូប្រជែងនឹងមិនបម្រើនូវផលប្រយោជន៍របស់នរណាម្នាក់ឡើយ។ អ្នកនយោបាយអាមេរិក ថ្វីត្បិតតែពួកគេចង់ទទួលបានការគាំទ្រនៅក្នុងស្រុកក៏ដោយ ក៏ពួកគេត្រូវតែចងចាំថា «នៅពេលដែលប្រទេសចិនធ្លាក់ចុះ ការជំរុញទឹកចិត្តផ្នែកនយោបាយរបស់លោក Xi ក្នុងការជ្រើសយកការប្រយុទ្ធ អាចនឹងកើនឡើង ក៏ប៉ុន្តែការជំរុញទឹកចិត្តឱ្យលោកបង្កើនកិច្ចសហប្រតិបត្តិការក៏អាចនឹងកើនឡើងផងដែរ ដោយសារទីក្រុងប៉េកាំងនឹងមានធនធានកាន់តែតិចក្នុងការប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហា»។

    សហរដ្ឋអាមេរិកនៅតែត្រូវការកិច្ចសហប្រតិបត្តិការរបស់ចិនដើម្បីដោះស្រាយបញ្ហាជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់វីរុសរាតត្បាតនៅពេលអនាគត ហើយកិច្ចសហប្រតិបត្តិការគួរតែមានភាពងាយស្រួលសម្រាប់លោក Xi តាមតែអាចធ្វើទៅបាន។ លោក Shirk បានស្នើថា «ការធ្វើបែបនេះអាចផ្តល់ឱ្យលោក Xi នូវហេតុផលក្នុងការជឿថា ប្រសិនបើលោកធ្វើការសម្របសម្រួលគោលនយោបាយរបស់លោក សហរដ្ឋអាមេរិកនឹងកត់សម្គាល់ឃើញ, នឹងទទួលស្គាល់ ហើយនឹងតបស្នងតាមរបៀបដែលនឹងផ្តល់ផលល្អសម្រាប់ប្រទេសចិន»។

    ទម្រង់ទី២ នៃភាពទន់ភ្លន់គឺ «ការចងចាំថា តើការបរាជ័យរបស់ប្រទេសចិននឹងបង្កនូវបញ្ហាប្រឈមក្នុងកម្រិតណា ហើយតើសហរដ្ឋអាមេរិកបានដោះស្រាយបែបណាចំពោះករណីបែបនេះកាលពីអតីតកាល»។ ពិចារណា​លើ​កំណត់ត្រា​របស់​អាមេរិក​ពាក់ព័ន្ធនឹង​កូរ៉េខាងជើង។ វាជាការពិតដែលថា «អាមេរិកបានទប់ស្កាត់សេណារីយ៉ូដ៏អាក្រក់បំផុត» ដែលនោះគឺ «បើទោះបីជាមានការគំរាមកំហែងជាច្រើន, ការប៉ះទង្គិចគ្នាបន្តិចបន្តួច និងការសាកល្បងមីស៊ីលជាច្រើនក៏ដោយ ក៏កូរ៉េខាងជើងបានបន្តបដិសេធមិនចាប់ផ្តើមសង្រ្គាមជាមួយនរណាម្នាក់ឡើយចាប់តាំងពីឆ្នាំ ១៩៥០ មក»។

    ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានបរាជ័យក្នុងពេលដំណាលគ្នាក្នុងការបញ្ឈប់កូរ៉េខាងជើងពីការបង្កទុក្ខវេទនាលើប្រជាជនរបស់ខ្លួន, ពីការការនាំចេញគ្រឿងញៀន, ប្រាក់ដុល្លារក្លែងក្លាយ និងអាវុធដោយខុសច្បាប់ ហើយកាន់តែសំខាន់បំផុតនោះគឺពី «ការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ច្រើនសន្ធឹកសន្ធាប់»។ នេះមិនមែនបណ្តាលមកពីកង្វះការព្យាយាមនោះទេ ដោយក្នុងនោះប្រធានាធិបតី​អាមេរិក​ ដូចជា Bill Clinton ជាដើម បាន​ចំណាយ​ពេល​វេលា​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ច្រើន​ដើម្បី​ដោះស្រាយបញ្ហាទាំងនេះ ក៏ប៉ុន្តែ​ពួកគេ​បាន​ទទួលបរាជ័យ។

    សូមចាំថា «ឥឡូវនេះចំនួនប្រជាជនចិនគឺមានទំហំធំជាងប្រទេសកូរ៉េខាងជើងប្រហែល ៥៤ ដង ហើយ GDP របស់ប្រទេសចិនគឺមានទំហំធំជាងជិត ១ ០០០ ដង»។ ការ​គ្រប់​គ្រង​ការ​ធ្លាក់​ចុះ​របស់​ប្រទេស​ចិន​នឹង​ក្លាយ​ជា​ដំណើរ​ការ​ដ៏​លំបាក​និងដ៏​យូរ​អង្វែង​ដែលអាចអមមកជាមួយនូវការសម្របសម្រួល​ដ៏​ឈឺចាប់។ ជាក់ស្តែង វាប្រហែលជាគ្មានវិធីណាដើម្បីការពារសហរដ្ឋអាមេរិកនិងពិភពលោកទាំងមូលពីការឈឺចាប់នោះទេ ក៏ប៉ុន្តែបញ្ហាទាំងនេះនឹងផ្តល់នូវហេតុផលកាន់តែច្រើនដល់អ្នកបង្កើតគោលនយោបាយឱ្យងាកមកចាប់ផ្តើមផ្តោតលើការស្វែងរកដំណោះស្រាយនៅពេលឥឡូវនេះ៕

    Foreign Affairs

    អត្ថបទទាក់ទង